នឿយមុន ស្រណុកក្រោយ! ហ៊ានចេញរកស៊ីលើមុខរបរទាំងនេះ ពេលចាស់ទៅ ដេកស្ងៀមៗនៅផ្ទះ ក៏លុយចូលហោប៉ៅ
Bunthoeun KoemAUGUST 7 2026576 views

ជាការពិតណាស់ មុខរបរ ឬអាជីវកម្មដែលបង្កើត ប្រាក់ចំណូលសកម្មដោយស្វ័យប្រវត្តិ គឺជាគោលដៅដ៏ប្រសើរបំផុតសម្រាប់ត្រៀមខ្លួននៅពេលវ័យចាស់ជរា។ នៅពេលដែលកម្លាំងកាយចុះថយ ការឲ្យ លុយធ្វើការជំនួសយើង គឺជាមធ្យមបាយតែមួយគត់ដែលធ្វើឲ្យលុយហូរចូលហោប៉ៅ ទោះបីជាយើងអង្គុយ-ដេកស្ងៀម ឬសម្រាកនៅផ្ទះក៏ដោយ។ ខាងក្រោមនេះជាមុខរបរ និងការវិនិយោគដែលសាកសមបំផុត សម្រាប់ប្រមូលផលនៅពេលចាស់ទៅ៖

 

១. អាជីវកម្មអចលនទ្រព្យជួល៖ នេះជាវិធីបូមលុយចូលហោប៉ៅដែលមាំទាំ និងមានសុវត្ថិភាពបំផុត។ បើសិនបងប្អូនមានធនធាន ឬដើមទុនច្រើន អាចសាងសង់ បន្ទប់ជួល ឬផ្ទះជួល សាងសង់ផ្ទះសំណាក់ សណ្ធាគារ ឬផ្ទះលំហែជាដើម។ ហើយប្រសិនបើមានដីទំនេរ (ដូចជាដីនៅជនបទ ឬជាយក្រុង) ដាក់ជួលឲ្យគេធ្វើឃ្លាំង សាងសង់តូប ឬធ្វើកសិកម្មក៏បាន។ បងប្អូននឹងទទួលបានថ្លៃជួលប្រចាំខែទៀងទាត់ ហើយតម្លៃដី ឬផ្ទះខ្លួនឯងក៏កើនឡើងតាមពេលវេលាផងដែរ។

 

២. វិនិយោគលើ កសិកម្មរុក្ខជាតិ រយៈពេលវែង៖ ការដាំដើមឈើធំៗនៅតំបន់ជនបទ គឺជាការបង្កើត ធនាគារធម្មជាតិមួយ។ បងប្អូនអាចដាំដើមឈើហូបផ្លែអាយុវែង ដូចជា ដាំដូងក្រអូប ទុរេន សាវម៉ាវ លម៉ើ(ល្មើ) ឬស្វាយចន្ទី។ នៅពេលដើមឈើទាំងនេះធំពេញវ័យ (ប្រើពេល ៣-៥ ឆ្នាំដំបូង) ដល់ពេលចាស់ទៅ អ្នកគ្រាន់តែជួលកម្មករឲ្យបេះផលលក់ ឬជួលចំការឲ្យគេមើលថែ រួចចាំចែកភាគរយផលចំណេញ។ មួយទៀត បងប្អូនអាចដាំដើមឈើប្រណីត ដូចជា ដាំដើមក្រញូង បេង ធ្នង់ ឬប្រេងខ្យល់។ នៅពេលចាស់ទៅ ឈើទាំងនេះមានតម្លៃរាប់ម៉ឺនដុល្លារ ដែលអាចកាប់លក់ ឬទុកជាមរតកឲ្យកូនចៅបាន។

 

៣. ការវិនិយោគលើផ្សារហ៊ុន ឬ ចងការប្រាក់៖ បច្ចេកវិទ្យាហិរញ្ញវត្ថុជួយឲ្យការគ្រប់គ្រងលុយពេលចាស់ទៅកាន់តែងាយស្រួល។ បើបងប្អូនចេះលេងក្នុងទីផ្សារហ៊ុន បងប្អូនអាចទិញភាគហ៊ុន នៃក្រុមហ៊ុនរឹងមាំណាមួយបាន។ ឬអាចយកប្រាក់សន្សំ ទៅផ្ញើធនាគារដែលមានការប្រាក់ខ្ពស់ និងមានសុវត្ថិភាព ដើម្បីដកប្រាក់ការប្រាក់ប្រចាំខែ ឬប្រចាំឆ្នាំមកប្រើប្រាស់។ មួយវិញទៀត បងប្អូនអាចដាក់លុយចងការប្រាក់ នៅតាមភូមិស្រុកដែលបងប្អូនរស់នៅ ឬជាមួយអ្នករកស៊ី ក្នុងលក្ខខណ្ឌការប្រាក់ប្រចាំខែកម្រិតណាមួយ ដើម្បីទទួលបានប្រាក់ចំណេញប្រចាំខែ។

 

៤. ការបង្កើតអាជីវកម្មដែលមានប្រព័ន្ធគ្រប់គ្រង

 

ប្រសិនបើបងប្អូនមានអាជីវកម្មផ្ទាល់ខ្លួននៅវ័យក្មេង ឬវ័យកណ្តាល ដែលអាចបង្កើតប្រព័ន្ធដំណើរការអាជីវកម្មឲ្យរឹងមាំ រួចជួលអ្នកគ្រប់គ្រងឲ្យមើលថែជំនួស។ បងប្អូនគ្រាន់តែធ្វើជាម្ចាស់ភាគហ៊ុន និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុចុងខែ។ ឬ ទិញសិទ្ធិអាជីវកម្ម (Franchise) ការវិនិយោគលើ Franchise ដែលមានឈ្មោះបោះសំលេង និងមានប្រព័ន្ធស្រាប់ ធ្វើឲ្យអ្នកមិនបាច់ចុះធ្វើការដោយផ្ទាល់ឡើយ។

 

៥. កម្មសិទ្ធិបញ្ញា និងផលប្រយោជន៍ពីស្នាដៃ

 

ការប្រឹងប្រែងធ្វើតែម្តងក្នុងវ័យក្មេង ប៉ុន្តែប្រមូលផលពេញមួយជីវិត។ ដូចជាការសរសេរសៀវភៅ ឬឯកសារផ្សេងៗ ដោយអាចទទួលបានកម្រៃជើងសារ រាល់ពេលដែលមានគេទិញសៀវភៅ ឬស្នាដៃរបស់អ្នក។ បងប្អូនអាចបង្កើតមាតិកាអប់រំ វីដេអូ ឬមេរៀនអនឡាញ ដែលមនុស្សនៅតែបន្តមើល ឬទិញរៀនជារៀងរាល់ថ្ងៃ។

 

យ៉ាងណាមិញ ដើម្បីឲ្យពេលចាស់ទៅ អង្គុយស្ងៀមៗលុយចូលហោប៉ៅ នោះគឺ ត្រូវនឿយហត់រៀបចំ និងដាំដើមហិរញ្ញវត្ថុទាំងនេះ ឲ្យបានរឹងមាំនៅក្នុងវ័យក្មេងឲ្យហើយ ដូច្នេះ នៅពេលដែលអ្នកមានអាយុច្រើន មិនចាំបាច់ត្រូវហត់ក្នុងការត់តាមក្ដីស្រមៃ និងប្រឹងប្រែងរកលុយត្រុកៗនោះឡើយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia