ស្ពានថ្មីចំនួន ២ អាចនឹងលេចរូបរាងឆ្លងកាត់ទន្លេមេគង្គក្រោម បណ្ដោយផ្លូវជាតិលេខ១
Bunthoeun KoemDECEMBER 7 20259 views

បច្ចុប្បន្នភាគខាងកើតរាជធានីភ្នំពេញ ពិសេសនៅតំបន់ផ្លូវជាតិលេខ១ កំពុងមានសក្ដានុលខ្លាំងដោយសារតែចំនួនប្រជាជនរស់នៅទីនោះមានការកើនឡើង ហើយគម្រោងអភវឌ្ឍន៍ធំៗក៏កើនឡើងច្រើនដូចគ្នាផងដែរ។ ជាមួយគ្នានេះដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងតភ្ជាប់តំបន់មួយទៅតំបន់មួយ រាជរដ្ឋាភិបាល ក៏ដូចជាអ្នកវិនិយោគក៏មានគម្រោងសាងសង់ស្ពាននៅតំបន់នេះផងដែលនៅក្នុងនោះរួមមាន៖

១. ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)

គម្រោងស្ពានខាងលើនេះគឺមានទីតាំងស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដំណាលគ្នានឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ខណៈបច្ចុប្បន្នគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ បាននិងកំពុងដើរណើរការសាងសង់ជាបណ្ដើរៗហើយ។

Acb33fae 1d11 4d55 9952 E7bc51ea61f1

សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ដីឥដ្ឋទៅតំបន់ថ្មគរ គឺជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ២៣០ លានដុល្លារ។ នៅពេលដាក់ឲ្យដំណើរការស្ពាននេះ នឹងមានតួនាទីនៅក្នុងការសម្រួលការធ្វើដំណើរពីផ្លូវក្រវាត់ក្រុងទី៣ ឆ្លងកាត់ទន្លេមេគង្គភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។

6bfc611b 05a0 47f1 8144 0e819c1ee73e

២. ស្ពានឆ្លងកាត់ទន្លេមេគង្គ (តាព្រហ្ម-អរិយក្សត្រ)

 

គម្រោងស្ពានខាងលើនេះ គឺស្ថិតនៅក្រោមការសិក្សារបស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ដែលជាអ្នកអភិវឌ្ឍន៍ទីក្រុងមេគង្គឃី ដែលមានទីតាំងនៅតំបន់អរិយក្សត្រ។ តាមការលើកឡើងរបស់លោក ឃុន សេងផេង នាយកប្រតិបត្ដិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប នៅពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងសិក្សាគម្រោងខាងលើដែលតភ្ជាប់ផ្លូវជាតិលេខ១ ក្នុងតំបន់តាព្រហ្ម និងជ្រោយអំពិល ឆ្លងកាត់ទន្លេមេគង្គ មកកាន់ភូមិសាស្ដ្រអរិយក្សត្រតែម្ដង។

យ៉ាងណាទាក់ទងនឹងគម្រោងដ៏សំខាន់នេះ នាយកប្រតិបត្ដិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ខាងលើ មិនទាន់បានបញ្ជាក់ពីប្រវែងស្ពាន ថ្លៃចំណាយ និងថ្ងៃខែក្នុងការបើកការដ្ឋានសាងសង់នៅឡើយនោះទេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia