រដ្ឋបើកកិច្ចប្រជុំពិនិត្យគម្រោងសាងសង់ស្ពានតភ្ជាប់រាជធានីភ្នំពេញ-ខេត្ដកណ្ដាល
Bunthoeun Koem•OCTOBER 4 2026•17 views

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ទីក្រុងរណបកោះនរា (រាជធានីភ្នំពេញ) ជាមួយនឹងទីក្រុងរណបមេគង្គឃី (ខេត្ដកណ្ដាល) ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមហ៊ុនវិនិយោគ លើកយកប្រជុំពិនិត្យ​ជាថ្មីម្ដងទៀត​ មុននឹងឈានទៅដល់ការបើកការដ្ឋានសាងសង់នៅក្នុងពេលខាងមុខ។ 

 

ជាក់ស្ដែងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំគម្រោងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរាទៅកាន់ផ្លូវជាតិលេខ១ បាន ដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការសិក្សាគម្រោង ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមអនុប្រធានក្រុមការងារ លោក-លោកស្រីសមាជិក តំណាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ (TPMG) និងក្រុមហ៊ុន ZHEJIANG (PRC) Institute of Communication Co., Ltd។

 

832818358 2541257386381882 6997127969800560451 N

 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី ជាពិសេសពិនិត្យលើចំណុចនៃការសិក្សា ដែលបានកែសម្រួលឡើងវិញស្របទៅតាមមតិយោបល់ជំនាញពីឯកឧត្ដមប្រធាន អនុប្រធានគម្រោង និងមន្ដ្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ។

 

623773466 1210885327889126 1888673120711111940 N

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី សម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​បានណែនាំឲ្យមានការសិក្សា និងសាងសង់ស្ពានតភ្ជាប់រវាងកោះនរា និងទីក្រុងរណបថ្មីនេះដើម្បីសម្រួលដល់ការធ្វើចរាចរ និងអភិវឌ្ឍន៍ដល់តំបន់ខាងកើតដងទន្លេមេគង្គ។

 

ក្នុងឱកាសនោះសម្ដេចក៏បានគូសបញ្ជាក់ថា ទៅថ្ងៃក្រោយមិនមែនមានតែការតភ្ជាប់ស្ពានមួយនេះទេ ប៉ុន្ដែគឺមានច្រើនតទៅមុខទៀត។ ជាក់ស្ដែងបច្ចុប្បន្នបានកំពុងសាងសង់ស្ពានមួយតភ្ជាប់ពីក្រវាត់ក្រុងទី៣ ទៅគម្រោងផ្លូវល្បឿនលឿន​ស្ថិតក្នុងតំបន់ល្វាឯម និងមួយទៀតគម្រោងតភ្ជាប់ស្ពានពីតំបន់ផ្សាររាត្រី មកកាន់តំបន់អរិយក្សត្រជាដើម៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia