ក្រសួងរៀបចំពិធីប្រគល់-ទទួល គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលសម្រេចបានលទ្ធផល ១០០%
Bunthoeun KoemJULY 17 202620 views

នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងប្រារព្ធពិធីប្រគល់-ទទួលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបាន ១០០% ស្របតាមលក្ខណៈបច្ចេកទេស និងផែនការដែលបានកំណត់។

 

751022028 1395293905804683 674471883341964858 N

 

គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ សម្រាប់ការតភ្ជាប់ការធ្វើដំណើររវាងស្រុកចិត្របុរី នៅត្រើយខាងកើត និងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច ខេត្តក្រចេះ។ គម្រោងនេះរួមមានស្ពានប្រវែង ១ ៧៦១ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងចំនួន ៤ ខ្សែ។

 

ការចុះត្រួតពិនិត្យលើកនេះ ផ្តោតសំខាន់លើការពិនិត្យគុណភាពសំណង់ លក្ខណៈបច្ចេកទេសរបស់តួស្ពាន ផ្លូវតភ្ជាប់ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធភ្លើងបំភ្លឺ បរិក្ខារសុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរងផ្សេងៗ ដើម្បីធានាថាគម្រោងមានគុណភាពរឹងមាំ សុវត្ថិភាព និងអាចប្រើប្រាស់បានយូរអង្វែង ស្របតាមបទដ្ឋានបច្ចេកទេស។

 

750147119 909684961465205 5041604652116590975 N

 

ក្នុងឱកាសនោះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ រហូតធ្វើឱ្យគម្រោងនេះសម្រេចបានលទ្ធផល ១០០% ប្រកបដោយគុណភាព សុវត្ថិភាព និងអនុលោមតាមស្តង់ដារបច្ចេកទេសដែលបានកំណត់។ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចសហការល្អរវាងគ្រប់ភាគីពាក់ព័ន្ធ និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។

 

748264908 1551491403094629 2440394835565196230 N

 

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម»។ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន Shanghai Construction Group (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision ដោយប្រើប្រាស់ហិរញ្ញប្បទានឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ចប់គម្រោងដោយជោគជ័យនាពេលនេះ គឺជាការសម្រេចបានតាមគោលដៅដែលបានគ្រោងទុក និងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។

 

751241733 2047099839221658 2257602312715608867 N

 

សូមជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ការបញ្ចប់គម្រោងនេះដោយជោគជ័យ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដែលជាសំណង់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់ រួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេស លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ ទិន្នផលកសិកម្ម និងផលិតផលកសិ-ឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ការវិនិយោគ ប្រព័ន្ធឡូជីស្ទីក និងសកម្មភាពសេដ្ឋកិច្ច-សង្គមនៅតាមបណ្តោយតំបន់តភ្ជាប់ សំដៅលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia