លឿនណាស់! គម្រោងស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សាងសង់បាន ៨២% ហើយ
Bunthoeun KoemAUGUST 19 20268 views

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៨២%ហើយ គិតត្រឹមពាក់កណ្ដាលខែសីហា ឆ្នាំ២០២៦នេះ លឿនជាងផែនការគ្រោងទុក។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

 

គួរបញ្ជាក់ថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ តាមប្រតិទិនដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយគ្រោងបញ្ចប់នៅពាក់កណ្ដាល ឆ្នាំ២០២៧ខាងមុខ។

 

780097107 28430987866498638 5113439563622618493 N

 

បន្ថែមលើការងារស្ពាន បច្ចុប្បន្នយើងកំពុងគិតគូរពីការតភ្ជាប់គម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ត្រើយខាងកើត ភ្ជាប់ទៅផ្លូវជាតិលេខ១ ។

 

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងពេលសម្ពោធបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)កាលពីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៤ បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ សិក្សាដើម្បីស្វែងរកតម្រាយផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ ដើម្បីបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់រំហូរចរាចរណ៍ និងប្រទាក់ក្រឡាគ្នារវាងផ្នែកខាងលិច និងខាងកើតនៃស្ពាន។

 

778568569 1813436579812840 9053497974705677746 N

 

ផ្នែកពាក់ព័ន្ធបានចុះពិនិត្យសិក្សារួមគ្នាជាបន្តបន្ទាប់ រវាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនប៉េងហួតគ្រុប និងដោយមានការឯកភាពពីថ្នាក់ដឹកនាំ បានឯកភាពយកតម្រាយគន្លងផ្លូវចាស់ ប្រវែង ៤ ៩០០ម. ភ្ជាប់ទៅផ្លូវជាតិលេខ១ និងភ្ជាប់ទៅគម្រោងស្ពានទន្លេមេគង្គកោះនរាដែលកំពុងសិក្សាផងដែរ។

 

តម្រាយគន្លងផ្លូវប្រវែង ៤ ៩០០ម.នេះ ផ្លូវដែលមានស្រាប់សាងសង់ដោយក្រុមហ៊ុនប៉េងហួតគ្រុប មានប្រវែង ៣ ៣០៩ម. នៅខ្វះតែប្រវែង ១ ៥៩១ម. ប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលត្រូវសាងសង់បន្តដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយពង្រីកទទឹងផ្លូវប្រវែង ១៦ម. កាត់បន្ថយផលប៉ះពាល់។ ការសាងសង់កំណាត់ផ្លូវតភ្ជាប់នេះ នឹងផ្តល់ប្រយោជន៍នៃការធ្វើដំណើរងាយស្រួលជាងមុន មិនកកស្ទះ និងមានសុវត្ថិភាព ព្រមទាំងបញ្ចៀសការលិចលង់ក្នុងរដូវវស្សាតាមរយៈការសាងសង់ស្ថានីយបូមមួយកន្លែង៕

 

776453549 28430987863165305 5180480520960805215 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia