ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពល ក៏ដូចជាជួយជម្រុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ រាជរដ្ឋាភិបាល និងដៃគូសហការបានធ្វើការសិក្សារគម្រោងស្ពានតភ្ជាប់រាជធានីភ្នំពេញ និងតំបន់អរិយក្សត្រនៃខេត្ដកណ្ដាល។ ពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់គម្រោងស្ពាន ២ ដែលនឹងត្រូវសាងសង់តភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្រ នាពេលឆាប់ៗខាងមុខ៖
១. ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (តភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២)
គម្រោងស្ពាននេះជាប្រភេទស្ពាន Extradosed Bridge តភ្ជាប់រវាងរាជធានីភ្នំពេញ និងតំបន់អរិយក្សត្រ ព្រមទាំងផ្លូវតភ្ជាប់សំខាន់ៗ។ គម្រោងថ្មីនេះត្រូវបានសិក្សាសាងសង់ដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA សហការជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រៅពីស្ពាន JICA ក៏បានសិក្សាការប្រែក្លាយ និងពង្រីកផ្លូវជាតិលេខ១ ប្រវែងសរុប ៥៣ គីឡូម៉ែត្រ ដោយពង្រីកពី ២ ទៅ ៦ គន្លង និង ៤ គន្លង តាមផ្នែកជាក់ស្តែង រួមទាំងការសាងសង់ផ្លូវអាកាស (Viaduct) នៅចំណុចប្រជុំជន/ផ្សារសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាកកស្ទះ។
២. គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ
គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយដោយរង់ចាំតែថ្ងៃបើការដ្ឋានសាងសង់តែប៉ុណ្ណោះ។ គម្រោងស្ពានដែលតភ្ជាប់ភូមិសាស្ដ្ររាធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ នឹងត្រូវសាងសង់ចេញពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ពោលគឺមានស្ពានចំនួន ២ ខ្សែ។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០។ ដោយក្នុងនោះការចំណាយលើកការសាងសង់មានតម្លៃប្រមាណជិត ២៥០ លានដុល្លារ។
នៅពេលសាងសង់រួចស្ពានខាងលើនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ៕



