ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
Daneth MechAPRIL 19 2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍។ ក្រោមពាក្យស្លោក «២០ឆ្នាំនៅជាមួយគ្នា សុភមង្គលជានិរន្តរ៍» ព្រឹត្តិការណ៍នេះគឺជាការរំឭកនូវភាពជោគជ័យរួមគ្នារវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់កម្រិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ រួមមាន៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប, ក្រុមហ៊ុន បុរី ប៉េង ហួត (Borey Peng Huoth), ក្រុមហ៊ុន ភីអេច ខន់ស្រ្តាក់សិន (PH Construction) និងក្រុមហ៊ុន ភីអេច អ៊ីនវេសមិន (PH Investment)

 

7

3

 

ចាប់តាំងពីឆ្នាំ២០០៥ មកទល់បច្ចុប្បន្ន ប៉េង ហួត គ្រុប បានពង្រីកខ្លួនយ៉ាងគួរឱ្យកត់សម្គាល់ និងស្ញប់ស្ញែង ដោយមានផ្ទៃដីអភិវឌ្ឍន៍សរុបជិត ១,០០០ ហិកតា នៅជុំវិញរាជធានីភ្នំពេញ។ ភាពរីកចម្រើននេះកើតចេញពីការរួមចំណែកយ៉ាងសកម្មពីសំណាក់បុគ្គលិកគ្រប់ផ្នែក ដែលក្នុងនោះក្រុមហ៊ុនបានផ្តល់ពានរង្វាន់ពិសេសជូនដល់បុគ្គលិកដែលមានភក្តីភាពការងារចាប់ពី ១០ឆ្នាំ រហូតដល់ ២០ឆ្នាំ ចំនួនជិត ៣០០នាក់ ដើម្បីជាការដឹងគុណចំពោះការខិតខំប្រឹងប្រែង និងភាពស្មោះត្រង់របស់ពួកគេក្នុងនាមជាគ្រួសារតែមួយ។

 

5

 

ក្នុងឱកាសដ៏រំភើបរីករាយនោះ អ្នកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា៖ "ពេលចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនយើងចាប់ផ្តើមពីគម្រោងតូចមួយ ជាមួយនឹងក្រុមការងារមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែយើងមានក្តីសុបិន្តធំមួយ ដោយជឿជាក់ថាយើងអាចរួមគ្នាបង្កើតនូវគម្រោងលំនៅឋានល្អប្រណីត គុណភាពល្អ និងបរិស្ថានរស់នៅបែបធម្មជាតិ ដែលអាចធ្វើអោយជីវិតយើងទាំងអស់គ្នាកាន់តែមានន័យ។ ជាក់ស្តែងទម្រាំយើងទទួលបានការរីកចម្រើន និងភាពជោគជ័យរហូតមកដល់ថ្ងៃនេះ យើងបានឆ្លងកាត់នូវវិបត្តិធំៗជាច្រើន និងឧបសគ្គរាប់មិនអស់ ប៉ុន្តែយើងនៅតស៊ូជាមួយគ្នា ជាគ្រួសារតែមួយ ដើម្បីគោលដៅរួមរហូតទទួលបាននូវការទទួលស្គាល់ពីស្ថាប័ណជាតិ អន្តរជាតិ និងជាពិសេសគឺទំនុកចិត្តរបស់អតិថិជនគ្រប់ៗគ្នា។"

 

8

4

 

តាមរយៈភាពជោគជ័យនៃបុត្រសម្ព័ន្ធទាំង៣ របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវគុណតម្លៃជីវិតកាន់តែមានន័យ និងដ៏ឧត្តុង្គឧត្តម ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមពាក្យស្លោក «២០ឆ្នាំនៅជាមួយគ្នា សុភមង្គលជានិរន្តរ៍» ដើម្បីឆ្ពោះទៅរកភាពរុងរឿងជាបន្តបន្ទាប់ទៀត។

អំពីក្រុមហ៊ុន ប៉េង ហួត គ្រុប៖ ប៉េង ហួត គ្រុប គឺក្រុមហ៊ុនឈានមុខគេមួយដែលអភិវឌ្ឍលំនៅឋាន (បុរី ប៉េង ហួត) សាងសង់ប្រកបដោយគុណភាព (ភីអេច ខន់ស្រ្តាក់សិន) និងការវិនិយោគលើគម្រោងកម្សាន្ត និងសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហលលំដាប់ផ្កាយ៥ (ភីអេច អ៊ីនវេសមិន)។ ក្រុមហ៊ុនបានទទួលការទទួលស្គាល់ជាអន្តរជាតិជាច្រើនក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមបំផុតនៅកម្ពុជា។

 

1

2

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia