សេដ្ឋី Warren Buffett វ័យ ៩៥ ប្លាយថា ចូលធ្វើការដំបូងកុំផ្ដោតលើប្រាក់ខែពេក តែអ្នកត្រូវធ្វើរឿង២នេះបើចង់រកលុយបានច្រើន
Pov SaruJANUARY 5 2026193 views

លោក Warren Buffett អតីត CEO របស់ក្រុមហ៊ុន Berkshire Hathaway បន្ទាប់ពីលាលែងពីដំណែងជា CEO នៅវ័យ ៩៥ ឆ្នាំបានចែករំលែកបទពិសោធន៍ការងារយ៉ាងគួរឱ្យចាប់អារម្មណ៍។ តាមរយៈគេហទំព័រ CNBC នៅក្នុងកិច្ចប្រជុំភាគទុនប្រចាំឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Berkshire Hathaway លោក Buffett បានណែនាំដល់អ្នកជំនាន់ក្រោយថា ប្រសិនបើចង់ឱ្យអាជីពមានភាពនឹងនរ និងជោគជ័យរយៈពេលវែង កុំផ្ដោតខ្លាំងតែលើប្រាក់ខែ។ តែមានរឿង ២ យ៉ាងដែលគួរតែធ្វើបើសិនជាចង់ឱ្យអាជីពការងារមានភាពនឹងនរ និងទទួលបានភាពជោគជ័យ៖ 


១. រកមនុស្សពូកែដើម្បីធ្វើការជាមួយ៖ អតីត CEO វ័យ ៩៥ រូបនេះបញ្ជាក់ថា អ្វីដែលគួរឱ្យយកចិត្តទុកដាក់ជាងប្រាក់ខែ គឺមនុស្សដែលអ្នកធ្វើការជាមួយ និងមនុស្សដែលអ្នកត្រូវធ្វើការឱ្យ។ លោកជឿជាក់ថា ជីវិតការងាររបស់មនុស្សម្នាក់ នឹងត្រូវបានបង្កើតឡើងតាមរយៈបរិយាកាស និងសមត្ថភាពរបស់មនុស្សនៅជុំវិញខ្លួនច្រើនជាងចំនួនប្រាក់ដែលទទួលបាន។

 
ការចាប់ផ្ដើមការងារជាមួយប្រាក់ខែខ្ពស់ អាចធ្វើឱ្យអ្នកជោគជ័យផ្នែកហិរញ្ញវត្ថុរយៈពេលខ្លី តែវាមិនអាចធានាបាននូវការរីកចម្រើន និងភាពជោគជ័យរយៈពេលវែងនោះទេ។ អ្វីដែលសំខាន់ជាងគេ គឺការរកឃើញមិត្តរួមការងារ និងអ្នកដឹកនាំដែលល្អ មានសមត្ថភាព និងមានចរិតល្អ ព្រោះមនុស្សទាំងនេះនឹងជួយបណ្ដុះបណ្ដាលគំនិត ទស្សនៈ និងទិសដៅជីវិតរបស់អ្នក។  ជីវិតរបស់អ្នកនឹងរីកចម្រើនទៅតាមទិសដៅរបស់មនុស្សដែលអ្នកធ្វើការជាមួយ។ លោកបានយកបទពិសោធន៍ផ្ទាល់ខ្លួនមកចែករំលែកថា កាលពីលោកនៅក្មេងលោកបានរកអ្នកណែនាំដែលមានបទពិសោធន៍ និងប្រាជ្ញាជាច្រើន ដើម្បីរៀនពីគន្លឹះសំខាន់ៗនៅក្នុងអាជីពរបស់លោក។ ដោយហេតុនេះ លោកបានលើកទឹកចិត្តយុវជនជំនាន់ក្រោយគួរតែស្វែងមនុស្សដែលអស្ចារ្យ មានអាជីពនឹងនរពិតប្រាកដ និងគួរឱ្យកោតសរសើរ ហើយព្យាយាមទៅធ្វើការជាមួយពួកគេ ដើម្បីរៀន និងអភិវឌ្ឍខ្លួនឯង។


២. កុំធ្វើវាដើម្បីលុយ៖ លោក Buffett បាននិយាយថា ក្នុងអាជីពការងាររបស់លោក មិនដែលផ្ដោតខ្លាំងលើប្រាក់ចំណូល តែលោកផ្ដោតលើភាពរីករាយក្នុងការងារ និងទំនាក់ទំនងល្អជាមួយសហការី។ ក្នុងបទសម្ភាសន៍មួយនៅឆ្នាំ ២០០៨ លោកបាននិយាយថា លោកមានសំណាងដែលអាចធ្វើអ្វីដែលលោកស្រលាញ់ ជាមួយមនុស្សដែលលោកស្រលាញ់។ ហើយនៅក្នុងកិច្ចប្រជុំភាគទុនិករបស់ Berkshire Hathaway ឆ្នាំ ២០២៥ លោកបានបន្ថែមថា វាជារឿងគួរឱ្យចាប់អារម្មណ៍ដែលនៅក្នុងវិស័យវិនិយោគ មានមនុស្សជាច្រើនបានបោះបង់ការងាររបស់ខ្លួន បន្ទាប់ពីពួកគេរកប្រាក់បានច្រើនហើយ។ 


សម្រាប់លោកបានឃើញថា នោះគឺបង្ហាញពីឥទ្ធិពលរបស់លុយមិនអាចរក្សាមនុស្សឱ្យនៅជាប់នឹងការងារដែលពួកគេធ្វើបានរហូតទេ។ តែអ្វីដែលសំខាន់ គឺការរកឃើញការងារមួយដែលអ្នកពិតជាស្រលាញ់ និងចង់បន្តធ្វើវា ទោះបីជាអ្នកត្រូវការប្រាក់ ឬមិនត្រូវការប្រាក់ក៏ដោយ៕

អត្ថបទដោយ៖ សារួ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia