មួយរយៈមកនេះតម្លៃមាសប្រែប្រួលឡើងចុះលឿនពិបាកស្មាន ខណៈដែលកាលពីខែមុនមាសឡើងខ្ពស់ខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រហូតនៅចុងខែ មករា មាសបានធ្លាក់ចុះវិញ ប៉ុន្តែពេលនេះវាក៏បានងើបឡើងវិញបន្តិចផងដែរ។ ដោយសារតែការប្រែប្រួលតម្លៃនៃមាសពិបាកស្មានបែបនេះ ថ្មីៗនេះមហាសេដ្ឋីម្នាក់ដែលជាអ្នកមានដោយសារមាសបានលើកឡើងថា វាមិនមែនជារឿងគួរឱ្យបារម្ភទេនៅពេលដែលមាសធ្លាក់ចុះ។
មហាសេដ្ឋី Thomas Kaplan គឺជាវិនិយោគគិនដ៏ជោគជ័យម្នាក់ ដោយទ្រព្យសម្បត្តិភាគច្រើនរបស់គាត់បានមកគឺដោយសារការវិនិយោគលើ មាស។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Business Insider លោក Thomas Kaplan បាននិយាយពីបញ្ហាដែល មាស បានធ្លាក់ចុះកាលពីប៉ុន្មានថ្ងៃមុនថា «គ្រប់ហេតុផលទាំងអស់នៅក្នុងលោក ដើម្បីទិញមាស» ដោយគាត់បានអះអាងថា តម្លៃមាសធ្លាក់ចុះគ្រាន់តែជាការប្រែប្រួលធម្មតារបស់ទីផ្សារប៉ុណ្ណោះ ហើយនៅរយៈពេលវែង មាសនៅតែជាជម្រើសល្អសម្រាប់ការវិនិយោគ ដូច្នេះគាត់យល់ថា វាជាពេលល្អក្នុងការទិញមាស។
លោក Thomas Kaplan បានប្រាប់ Business Insider ថា មូលហេតុដែលមាសមានតម្លៃ គឺមិនមែនដោយសារតម្លៃឡើងចុះរយៈពេលខ្លីៗនោះទេ ប៉ុន្តែដោយសារវាជាទ្រព្យសុវត្ថិភាព ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកមានបំណុលខ្ពស់ និងភាពមិនប្រាកដប្រជាផ្នែករូបិយវត្ថុហើយស្ថានភាពនេះនឹងបន្តរយៈពេលយូរ។
ទោះបីជាមើលឃើញថាតម្លៃមាសមានការប្រែប្រួល ឡើងចុះលឿនពិបាកស្មានតែលោកនៅតែជឿជាក់ថា “តម្លៃមាសអាចនឹងឡើងដល់រាប់ម៉ឺនដុល្លារ” ដោយសារតែភាពខ្វះខាត និងតម្លៃរបស់វានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ លោកនិយាយថា ទាំងនេះគឺជាជំនឿរយៈពេលវែងរបស់លោក ហើយលោកនឹងមិនអនុញ្ញាតឱ្យការធ្លាក់ចុះនៃតម្លៃមាសប៉ុន្មានថ្ងៃនេះ ធ្វើឱ្យលោករង្គោះរង្គើ ឬធ្វើឱ្យលោកផ្លាស់ប្តូរជំនឿរបស់លោកឡើយ៕


