Bill24 បន្តរក្សាបាននូវស្តង់ដារ ISO 9001:2015 ក្រោយឆ្លងកាត់សវនកម្មតាមដានប្រចាំឆ្នាំដោយជោគជ័យ
Daneth MechFEBRUARY 5 2026

 

រាជធានីភ្នំពេញ, កម្ពុជា — ក្រុមហ៊ុន Bill24 Co., Ltd. ដែលជាអ្នកផ្តល់ដំណោះស្រាយទូទាត់វិក្កយបត្រឈានមុខគេ មានមោទកភាពសូមប្រកាសថា ក្រុមហ៊ុនបានឆ្លងកាត់ សវនកម្មតាមដានប្រចាំឆ្នាំនៃស្តង់ដារ ISO 9001:2015 ដោយជោគជ័យ។ ជោគជ័យនេះគឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងការកែលម្អជាប្រចាំ។

ស្តង់ដារ ISO 9001:2015 គឺជាស្តង់ដារគោលដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព (QMS)។ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ ISO 9001:2015 ពេញលេញនៅដំណាក់កាលដំបូង ក្រុមហ៊ុន Bill24 បានឆ្លងកាត់សវនកម្មតាមដានប្រចាំឆ្នាំ (Annual Surveillance Audit) ដែលតម្រូវដោយស្ថាប័នវាយតម្លៃដែលមានការទទួលស្គាល់ ដើម្បីធានាបាននូវការបន្តអនុលោមតាមលក្ខខណ្ឌរបស់ស្តង់ដារនេះ។ សវនកម្មតាមដាន គឺជាផ្នែកមួយនៃដំណើរការរក្សាអនុលោមភាព ISO ដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅចន្លោះវដ្តនៃការផ្តល់វិញ្ញាបនបត្រពេញលេញ ក្នុងគោលបំណងបញ្ជាក់ពីប្រសិទ្ធភាព និងការរក្សាបាននូវការអនុវត្តការគ្រប់គ្រងគុណភាព។

 

Photo 2026 02 05 10 51 19

 

ជោគជ័យនៃសវនកម្មនេះបង្ហាញថា ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ Bill24 នៅតែបន្តឆ្លើយតបតាមស្តង់ដារអន្តរជាតិ និងដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីធានានូវការពេញចិត្តរបស់អតិថិជន ឧត្តមភាពនៃប្រតិបត្តិការ និងភាពទៀងទាត់នៃដំណើរការការងារ។ សមិទ្ធផលនេះបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាប្រចាំរបស់ក្រុមហ៊ុន Bill24 ទៅលើការកែលម្អដំណើរការផ្ទៃក្នុង ការតាមដានលទ្ធផលការងារ និងការអនុវត្តវិធានការកែតម្រូវនៅពេលចាំបាច់ ដែលទាំងនេះគឺជាគោលការណ៍ស្នូលនៃ ISO 9001:2015 ក្នុងគោលបំណងជំរុញការលើកកម្ពស់គុណភាពជាប្រចាំ។

 

Photo 2026 02 05 10 51 14

 

លោក Andrey Sheen នាយកប្រតិបត្តិនៃក្រុមហ៊ុន Bill24 Co., Ltd. បានមានប្រសាសន៍ថា៖

«ការឆ្លងកាត់សវនកម្មតាមដានប្រចាំឆ្នាំ ISO 9001:2015 នេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមការងារយើងទៅលើគុណភាព គណនេយ្យភាព និងការផ្តល់សេវាកម្មដោយផ្តោតលើអតិថិជនជាគោល។ ការបន្តរក្សាបាននូវវិញ្ញាបនបត្រនេះ បង្ហាញថាប្រព័ន្ធគ្រប់គ្រងរបស់យើងពិតជាមានភាពរឹងមាំ មានប្រសិទ្ធភាព និងត្រូវបានកែលម្អជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលមានការវិវឌ្ឍឥតឈប់ឈររបស់អតិថិជន និងដៃគូរបស់យើង។»

 

Photo 2026 02 05 10 51 23

 

«ចាប់តាំងពីទទួលបានវិញ្ញាបនបត្រជាលើកដំបូងមក Bill24 បានពង្រឹងដំណើរការប្រតិបត្តិការ និងយន្តការធានាគុណភាពរបស់ខ្លួន ទៅលើការផ្តល់សេវាកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ។ ការបន្តការប្តេជ្ញាចិត្តនេះ ធានាថាដៃគូ និងអតិថិជនអាចជឿទុកចិត្តលើដំណោះស្រាយរបស់ ក្រុមហ៊ុន Bill24 ដោយមានទំនុកចិត្តពេញលេញ ទាំងលើប្រសិទ្ធភាពការងារ និងការអនុលោមតាមស្តង់ដារគុណភាពអន្តរជាតិ។»

ជោគជ័យនៃសវនកម្មតាមដាននេះ បានពង្រឹងនូវជំហររបស់ ក្រុមហ៊ុន Bill24 ក្នុងនាមជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នផ្គត់ផ្គង់សេវាសាធារណៈ (Utilities) អតិថិជនសាជីវកម្ម និងអ្នកប្រើប្រាស់ចុងក្រោយ នៅទូទាំងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់វិក្កយបត្រក្នុងប្រទេសកម្ពុជា។ លើសពីនេះ ភាពជោគជ័យនេះក៏បានចូលរួមចំណែកគាំទ្រដល់ចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវសេវាកម្មទូទាត់ប្រាក់ឌីជីថលដែលមានប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពខ្ពស់ ស្របតាមការអនុវត្តល្អបំផុតជាសកល។

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia