ស្តាយក្រោយខ្លាំង! មហាសេដ្ឋី Bill Gates ថា បើអាចទាញពេលថយក្រោយ លោកមិនធ្វើរឿង ១នេះដាច់ខាត
Kan DaraMARCH 4 20264 K views

មហាសេដ្ឋីជួលមុខរបស់ពិភពលោក Bill Gates បានបង្ហាញការសោកស្តាយចំពោះជីវិតយុវភាព ខណៈឆ្លើយសំណួររបស់ A.I chatbot បើទោះបីជាខ្លួនជោគជ័យដល់កម្រិតកំពូលក្តី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC។

 
ក្នុងវីឌីអូមួយដែលបានបង្ហោះដោយការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak មេដឹកនាំអង់គ្លេសបានអានសំណួរដែលបង្កើតឡើងដោយ A.I chatbot ទៅកាន់លោក Bill Gates។ ក្នុងចំណោមសំណួរជាច្រើន មានសំណួរមួយសួរថា៖ «ប្រសិនបើអាចទាញពេលត្រឡប់ក្រោយបាន តើអ្នកនឹងផ្តល់ដំបូន្មានអ្វីទៅកាន់ខ្លួនឯង?»។ Bill Gates ឆ្លើយតបទាំងទួញសោក និងអារម្មណ៍ក្តុកក្តួលយ៉ាងដូច្នេះថា៖ «គ្រាយុវវ័យខ្ញុំពិតជាតានតឹងណាស់ ខ្ញុំគ្មានថ្ងៃចុងសប្តាហ៍ គ្មានថ្ងៃវិស្សមកាលទេ គិតតែប្រឹងបង្ខំខ្លួនឯងឲ្យធ្វើកិច្ចការធំ ចង់ទុំមុនស្រគៀល។ មិនទុកពេលឲ្យខ្លួនឯងរៀនសូត្របានគ្រប់គ្រាន់ ខ្ញុំស្តាយក្រោយណាស់»។ មហាសេដ្ឋីរូបនេះបានបន្ថែមទៀតថា៖ «ម្លោះហើយខ្ញុំមានទស្សនៈតូចចង្អៀតចំពោះឥរិយាបថការងារ និងការនិយាយស្តី រួមទាំងប្រឈមបញ្ហាជាច្រើន»។ 


យ៉ាងណាមិញ ក្នុងបទសម្ភាសន៍មួយទៀតកាលពីពេលកន្លងទៅ លោក Bill Gates ក៏បានលើកឡើងផងដែរថា បើអាចទាញទ្រនិចនាឡិកាត្រឡប់ទៅកាលពីវ័យក្មេងម្តងទៀត លោកនឹងប្រាប់ខ្លួនឯងថា៖ «អានឲ្យបានច្រើន និងស្វែងយល់ពីប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនាមជាអ្នកធ្វើដំណើរ»។ ក្នុងនាមជាសហស្ថាបនិកវ័យក្មេងលោក Bill Gates ជួបការលំបាកដូចទឹកបាក់ទំនប់លើការបំពេញការងារក្នុងឆ្នាំដំបូងរបស់ Microsoft។ ពីមុនលោកបានសារភាពថា ខ្លួនគឺជាចៅហ្វាយដែលមានតម្រូវការខ្ពស់ខ្លាំងដែលជួនកាលតែងនិយាយយ៉ាងឃោរឃៅទៅកាន់បុគ្គលិក ហើយអាកប្បកិរិយានេះគឺជាការឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់ដែលលោកបានកាន់សម្រាប់មនុស្សគ្រប់គ្នា រួមទាំងខ្លួនលោកផ្ទាល់ផងដែរ។

 
ជាមួយគ្នានេះ សហគ្រិនចាស់វស្សា Bill Gates បានប្រាប់ផតឃែស្ថ “Armchair Expert” យ៉ាងដូច្នេះថា៖ «សម្រាប់ក្រុមហ៊ុន Microsoft កាលនៅតូចដំបូង វាមិនអីទេ។ ប៉ុន្តែពេលយើងរីកធំជាងមុន ខ្ញុំត្រូវតែដឹងគ្រប់យ៉ាង ទាំងស្ថានភាព របៀបដែលត្រូវគ្រប់គ្រងនិងដោះស្រាយបញ្ហាជាមួយបុគ្គលិកគ្រប់រូប។ វាជារឿងដែលយើងត្រូវការពេលវេលារៀនសូត្រយូរណាស់»។ លោកបានបន្តទៀតថា៖ «បើអាចត្រឡប់ទៅកាន់ពេលវេលាផ្លាស់ប្តូរអ្វីមួយ ខ្ញុំនឹងប្រាប់ខ្លួនឯងឲ្យរៀនសូត្រឆាប់ដឹងរឿងទាំងនេះលឿនជាងខ្ញុំបច្ចុប្បន្នបន្តិច»

 
ជីវិតឡើងកូដខ្លាំង Bill Gates ក្លាយជាមហាសេដ្ឋីក្មេងជាងគេមិនធ្លាប់មានត្រឹមវ័យ៣១ឆ្នាំ និងជាបុរសមានទ្រព្យច្រើនបំផុតរបស់ពិភពលោកកាន់កាប់ទ្រព្យសម្បត្តិសុទ្ធ ១២.៩ពាន់លានដុល្លារក្នុងឆ្នាំ១៩៨៧ រួមទាំងជាសហស្ថាបនិកក្រុមហ៊ុនសម្បុកបច្ចេកវិទ្យាយក្ស Microsoft ខណៈមានវ័យក្មេងល្ហក់។ តែទោះជាយ៉ាងនេះក្តី លោកនៅតែមានភាពសោកស្តាយចំពោះអតីតកាល៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «បុគ្គលិកឆ្នើម» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចំណូលកើន មានសេរីភាព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia