នៅរយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះឆ្នាំ២០២៥ នឹងបញ្ចប់ទៅហើយ។ យ៉ាងណានៅក្នុងឆ្នាំនេះដែរ យើងសង្កេតឃើញថា មានគម្រោងធំៗជាច្រើនត្រូវបានបញ្ចប់ការសាងសង់ និងបានបើកឲ្យដំណើរការផងដែរ។ ហើយពេលនេះ យើងនឹងនាំប្រិយមកស្គាល់គម្រោងធំៗ ៣ ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ នេះ៖
១. គម្រោងផ្លូវជាតិលេខ១០
គម្រោងកែលម្អ និងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ គឺមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ នៃខេត្ដកោះកុង ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ ១០០ ភាគរយកាលពីខែឧសភា កន្លងទៅនេះ នឹងរង់ចាំថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។
សូមរំលឹកថា គម្រោងផ្លូវលេខ១០នេះ បានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ និងបានចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន។
២. អាកាសយានដ្ឋានអន្ដរជាតិតេជោ
អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្ដរជាតិដ៏ទំនើប និងធំជាងគេនៅកម្ពុជា ត្រូវបានបិទបញ្ចប់ការសាងសង់កាលពីខែកក្កដា និងបានបើកឲ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ យ៉ាងណាតាមការបញ្ជាក់ពីរដ្ឋលេខាធិការអាកាសចរណស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានថ្មីនេះ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ខាងមុខនេះផងដែរ។
សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិតេជោនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុប ២ ៦០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ សម្រាប់ដំណាក់កាលទីមួយនេះ បានចំណាយទុកក្នុងសាងសង់សរុបជាង ២ ពាន់លានដុល្លារ ដោយក្នុងនោះមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ។
៣. ស្ពានអាកាសមរតកតេជោ
ស្ពានអាកាសមរតកតេជោ កម្ពស់ ២ ជាន់ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្ដេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។
គម្រោងស្ពានអាកាសខ្ពស់ជាងគេនៅកម្ពុជានេះដែរ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។ ស្ពានអាកាសនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណាយថវិកាប្រមាណ ៣៦ លានដុល្លារ៕