ការរកស៊ីរមែងតែងជួបបញ្ហាមិនថាជាអ្នកមានបទពិសោធន៍រកស៊ីយូរឆ្នាំយ៉ាងណាក៏នៅតែជួបបញ្ហាដែរ គ្រាន់តែរបៀបនៃការដោះស្រាយបញ្ហារបស់អ្នកដែលមានបទពិសោធន៍រកស៊ីប្រសើរជាងអ្នកដែលទើបចេញរកស៊ីថ្មីថ្មោង ហើយបញ្ហាធំជាងគេដែលអ្នករកស៊ីថ្មីៗតែងជួបច្រើននោះគឺ រកស៊ីៗអស់លុយរីឯការរកស៊ីក៏លែងទៅមុខ។
ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia នឹងលើកយកនៅបញ្ហានិងដំណោះស្រាយធំៗ៣ ដែលធ្វើឱ្យការរកស៊ីមានបញ្ហា និងរកស៊ីយូរៗអស់លុយ ដែលចំណុចទាំង៣នោះរួមមាន ៖
១.មិនសូវមានចិត្តអំណត់តស៊ូ
មូលហេតុធំដែលធ្វើឱ្យការរកស៊ីងាយបរាជ័យគឺម្ចាស់អាជីវកម្មដែលគ្មានចិត្តអំណត់តស៊ូ រកស៊ីខាតជិតអស់លុយប្តូរឈប់ធ្វើបន្ត ឬក៏ឈប់រកស៊ីតែម្តង។ ពេលជិតអស់លុយជាពេលដែលលំបាកបំផុតហេតុនេះតម្រូវឱ្យយើងត្រូវតស៊ូ មិនមែនរកស៊ីកំពុងតែធ្លាក់ហើយទម្លាក់ដៃថែមហើយប្តូរមុខរបរគោលដៅថ្មីនោះទេ។
ដំណោះស្រាយដែលល្អគឺត្រូវបន្តតស៊ូកុំលែងដៃ ហើយស្វះស្វែងរកជំនួយតាមរយៈការគៀងគរទុន និងប្តូររបៀបរកស៊ីថ្មីៗ បើធ្លាប់តែជួលបុគ្គលិកមកលក់ឱ្យប្តូរមកលក់ខ្លួនឯង ធ្វើខ្លួនឯង រកដៃគូចែកចាយ រកទីផ្សារខ្លួនឯង ទាំងនេះហើយជាផ្លូវដែលយើងត្រូវធ្វើ ធ្វើវាឱ្យអស់លទ្ធភាពប្រឹងឱ្យអស់ពីសមត្ថភាព ទោះមិនបានផ្លែផ្កាជាដុំកំភួនតែក៏ជួយឱ្យការរកស៊ីប្រសើរឡើងវិញដែរ។
២.មិនអភិវឌ្ឍខ្លួន
បញ្ហាធំទី២ដែលធ្វើឱ្យការរកស៊ីលែងទៅមុខនោះគឺរវល់រកស៊ី រវល់ដោះស្រាយបញ្ហាបុគ្គលិក បញ្ហាទីផ្សារពេករហូតភ្លេចគិតដល់ការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង នេះគឺជាកំហុសធំណាស់ដែលអ្នករកស៊ីត្រូវតែគិតពិចារណាឡើងវិញបើមិនដូច្នោះទេរកស៊ីមិនទាន់គេនោះទេ ហើយថែមទាំងធ្វើឱ្យរកស៊ីយូរអស់ដើមអស់ចុងថែមទៀតផង ព្រោះជាធម្មតា អ្នកដែលរកស៊ីដែលពូកែគេចំណាយពេលអភិវឌ្ឍខ្លួនខ្លាំងណាស់ ព្រោះមានតែការរៀនសូត្របន្ថែមអភិវឌ្ឍសមត្ថភាពបន្ថែមទេទើបធ្វើឱ្យយើងមិនទាល់ផ្លូវ។
ដូចនេះហើយ ស្របពេលដែលកំពុងរកស៊ីខាត មានបញ្ហា ឬមិនទាន់បញ្ហាក៏ដោយ ម្ចាស់អាជីវកម្មថ្មីថ្មោងគួរចាយពេលរៀនជំនាញថ្មីៗចូលវគ្គបណ្តុះបណ្តាល អានសៀវភៅ ឬចូលរួមសិក្ខាសាលានានាដើម្បីបង្កើតទំនាក់ទំនង រៀនជំនាញថ្មីពីសហគ្រិនដទៃៗទៀតឱ្យបានច្រើន ទើបពេលមានបញ្ហាមានដៃគូពិភាក្សារកដំណោះស្រាយ កុំសង្ងំស្ងៀមស្ងាត់ៗតែម្នាក់ឯង។
៣.រកស៊ីគ្មានក្បួនត្រឹមត្រូវ
ការរកស៊ីដែលគ្រោះថ្នាក់បំផុតគឺរកស៊ីគ្មានក្បួនត្រឹមត្រូវ ការចេះតែរកស៊ីតាមគ្នីតាមគ្នា គ្មានភាពជាខ្លួនឯង ចាយវាយក្នុងអាជីវកម្មត្រឹមត្រូវ ចេះតែរកៗមិនដឹងទិសដៅ នេះហើយជាគ្រោះថ្នាក់ធំបំផុតដែលធ្វើឱ្យរកស៊ីយូរៗអស់លុយហើយរកស៊ីលែងទៅមុខទៅតែក្រោយ។
ហេតុនេះដើម្បីក្លាយជាអ្នករកស៊ីពូកែម្នាក់ត្រូវរកស៊ីដោយមានគោលការណ៍ មានផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុ ជាពិសេសត្រូវរៀបចំយុទ្ធសាស្រ្តរកស៊ីបែបឌីជីថល ដើរឱ្យទាន់សម័យការ បើមិនដូចនេះទេការរកស៊ីនឹងបាត់ចុងបាត់ដើម៕


