ប្រទេសឡាវ បានជំរុញឱ្យសិស្សានុសិស្សប្រើប្រាស់កង់ ឬឡានក្រុងសាធារណៈជាមធ្យោបាយទៅសាលារៀនដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ទនៈច្រើន។ នេះបើតាមការចុះផ្សាយរបស់ The laotian times ក្រសួងអប់រំឡាវបានចេញសេចក្តីណែនាំនាថ្ងៃទី២០ ខែមីនា អំពាវនាវដល់សិស្សានុសិស្ស ឪពុកម្តាយ និងគ្រូបង្រៀន ឱ្យផ្លាស់ប្តូររបៀបធ្វើដំណើរទៅសាលាដើម្បីគ្រប់គ្រងបញ្ហាប្រឈមនៃការប្រើប្រាស់ប្រេងឥន្ធនៈដែលកំពុងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃនៅទូទាំងប្រទេស។
សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យជិះកង់ និងប្រើប្រាស់មធ្យោបាយសាធារណៈដូចជាជិះរថយន្តក្រុង ឬប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីធ្វើដំណើរទៅសាលារៀន។ ការណែនាំនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលបានប្រកាសថា សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា និងសាលាវិជ្ជាជីវៈនឹងចាប់ផ្តើមដំណើរការឡើងវិញតាមកាលវិភាគធម្មតាគឺរយៈពេលប្រាំថ្ងៃក្នុងមួយសប្ដាហ៍។ ដែលនេះជាគឺជាផ្លាស់ប្ដូរភ្លាមៗ ក្រោយពេលរដ្ឋាភិបាលទើបប្រកាសឱ្យកាត់បន្ថយថ្ងៃសិក្សាកាលពីថ្ងៃទី១៩ ខែមីនា។
យ៉ាងណាមិញ ចំពោះស្ថាប័នអប់រំកម្រិតឧត្តមសិក្សា រួមទាំងសាកលវិទ្យាល័យ និងមហាវិទ្យាល័យ គឺនៅតែបន្តអនុវត្តគោលការណ៍កាត់បន្ថយថ្ងៃសិក្សាដដែល។ ស្ថាប័នទាំងនេះនឹងមានថ្នាក់រៀនបីថ្ងៃក្នុងមួយសប្តាហ៍ ជាមួយនឹងវគ្គពេញមួយថ្ងៃ។ គោលនយោបាយនេះនឹងចូលជាធរមានចាប់ពីខែមេសា ឆ្នាំ២០២៦។
លើសពីនេះ ស្ថាប័នថ្នាក់ឧត្តមសិក្សាដែលមានសមត្ថភាពអាចអនុម័តគំរូសិក្សាបែបចម្រុះ ដោយរួមបញ្ចូលគ្នានូវថ្នាក់រៀនផ្ទាល់ និងថ្នាក់រៀនតាមអ៊ីនធឺណិត ជាមួយនឹងប្រព័ន្ធដែលត្រៀមរួចជាស្រេចដើម្បីតាមដានការចូលរួមរបស់សិស្ស។ គ្រូបង្រៀនដែលគ្មានថ្នាក់រៀនតាមកាលវិភាគនឹងប្តូរវេនគ្នាដើម្បីបន្តបំពេញកាតព្វកិច្ច។
ក្រសួងបាននិយាយថា វិធានការទាំងនេះមានគោលបំណងកាត់បន្ថយសម្ពាធលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ តែក៏ចង់រក្សារការអប់រំឱ្យដំណើរទៅដដែល។ មន្ត្រីបានស្នើសុំឱ្យសាលារៀនទូទាំងប្រទេសអនុវត្តតាមគោលនយោបាយថ្មី និងរាយការណ៍ពីវឌ្ឍនភាព ខណៈរដ្ឋាភិបាលបន្តតាមដានស្ថានភាព និងពិចារណាលើការផ្លាស់ប្តូរបន្ថែមទៀតប្រសិនបើចាំបាច់៕


