លុយពិបាករកហើយ ជាប់បំណុលគេទៀត! នេះជាក្បួនផ្តាច់បំណុលរបស់អ្នកជំនាញហិរញ្ញវត្ថុ
SOKLY SONOVEMBER 28 2022441 views

វិបត្តិអតិផរណាគឺសំដៅដល់ទំនិញទូទៅនៅលើទីផ្សារមានសន្ទុះឡើងថ្លៃ ជាហេតុធ្វើឱ្យមនុស្សគ្រប់គ្នាត្រូវចំណាយលុយច្រើនជាងមុន ដើម្បីបានរបស់អ្វីមួយដែលខ្លួនធ្លាប់ទិញ។ ទន្ទឹមនឹងការចំណាយកើនឡើងហើយ​ ប្រសិនបើកំពុងមានបំណុលទៀត ជីវិតមួយនេះមិនខុសពីមានទុក្ខជាន់លើទុក្ខទេ​ ដូច្នេះគួរតែរកវិធីទប់ទល់បញ្ហាទាំងនេះឱ្យបានលឿន។

យោងតាមប្រភពពី CNBC ដែលបានដកស្រង់វិធីសាស្រ្តជាច្រើនរបស់អ្នកជំនាញហរិញ្ញវត្ថុ សម្រាប់ដោះស្រាយបញ្ហាបំណុលអំឡុងពេលអតិផរណាកើនឡើង រួមមានដូចខាងក្រោម៖

១. ស្គាល់ថាខ្លួន​ឯងជាអ្នកណា

លោក Jim Wang ជាអ្នកបង្កើតប្លុកផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុមួយរូបបានលើកឡើងថា “ត្រូវស្គាល់ថាខ្លួនឯងពេលនេះជាអ្នកណា មានតួនាទីអ្វីខ្លះ ប្រសិនបើជាប់បំណុល តួនាទីគឺត្រូវដោះបំណុលគេឱ្យអស់”។ លោកក៏បានបន្តដែរថាការស្គាល់ខ្លួនឯងជារឿងសំខាន់ណាស់​ព្រោះវាអាចជួយដាស់ស្មារតីមិនឱ្យអ្នកចាយខ្ជះខ្ជាយ។

បន្ថែមពីនោះអ្នកក៏ត្រូវតាមដានរាល់ការចំណាយប្រចាំថ្ងៃ ហើយសម្គាល់មើលថាមានចំណាយណាខ្លះដែលមិនសូវចាំបាច់រួចកាត់បន្ថយវាតាមដែលអាចធ្វើទៅបាន។ ក្រៅពីតាមដានការចំណាយ អ្នកក៏ត្រូវកត់បញ្ជីជំពាក់ដើម្បីឱ្យដឹងថាលុយដែលជំពាក់គេទាំងអស់មានប៉ុន្មាន និងជំពាក់អ្នកណាខ្លះ និងខាងណាមានការប្រាក់តិច ខាងណាច្រើន។ បញ្ជីនោះគួរកត់ពីការប្រាក់ខ្ពស់បំផុតទៅទាបបំផុត។

២. សងពីការប្រាក់ខ្ពស់មកទាប

លោក Wang បង្ហើបថាគាត់ចូលចិត្តការសងពីបំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេមុន ព្រោះវាធ្វើឱ្យបំណុលថយចុះលឿន។ ប៉ុន្តែជាក់ស្ដែងមនុស្សមួយចំនួនយល់ថា ការសងបំណុលពីតិចទៅច្រើន នឹងធ្វើឱ្យគេមានទឹកចិត្តបន្តព្រោះឃើញថាបំណុលខ្លះបានដាច់ស្រេចបណ្ដើរៗ។ ដូច្នេះហើយលោក​ Wang លើកទឹកចិត្តឱ្យអ្នកជ្រើសរើសវិធីសាស្រ្តសងមួយណាក៏បាន ដែលលោកអ្នកពេញចិត្ត។

៣. ចរចា

នៅក្នុងករណីដែលមានបំណុលច្រើន ការចរចាគឺជារឿងសំខាន់មួយ ដោយលោកអ្នកអាចសុំការសម្រួលពីម្ចាស់បំណុល ដូចជាសុំគេពន្យាពេលជាដើម។ លោក Wang បន្តថាចំណុចនេះ ប្រសិនបើកន្លងមកលោកអ្នកជាមនុស្សស្មោះត្រង់ មានការសងត្រឡប់ទៀងទាត់ល្អ ភាគរយនៃការទទួលបានការយោគយល់នឹងមានខ្ពស់។ លោកបន្ថែមទៀតថាមិនប្រាកដថាម្ចាស់បំណុលទាំងអស់សុទ្ធតែយល់ព្រមនោះទេ ប៉ុន្តែយ៉ាងណាក៏ត្រូវតែសាកល្បងចរចាសិនដែរ។

៤. កុំបន្ថែមបំណុល

ចំណុចចុងក្រោយ និងជាចំណុចសំខាន់ លោកអ្នកមិនត្រូវបង្កើតបំណុលថ្មីទៀតទេ ដរាបណាបំណុលចាស់ដោះមិនទាន់អស់។ ហើយដើម្បីកុំឱ្យមានបំណុលថ្មីអ្វីដែលលោកអ្នកគួរប្រព្រឹត្តិគឺ កុំឱ្យចំណាយធំជាងចំណូល

គួរបញ្ជាក់ផងដែរថា បញ្ហាបំណុលគឺជាបន្ទុកដ៏ធំមួយវាអាចធ្វើឱ្យលោកអ្នកមានសម្ពាធខ្លាំង ប៉ុន្តែទោះយ៉ាងណាកុំអស់សង្ឃឹម។ ដរាបណានៅមានបំណុល គឺត្រូវតែខំរកវិធីដោះបំណុល ប្រើវាជាកម្លាំងចិត្តឱ្យខំធ្វើការរកលុយឱ្យបានច្រើន ដើម្បីរួចផុតបីបំណុល និងបន្តគោលដៅជីវិតទៅមុខទៀត ៕

អត្ថបទដោយ៖​ សូ សុខលី

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia