កម្ពុជាអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ខណៈនេះជាអត្ថប្រយោជន៍ធំៗ ដែលយោធិនទាំង ២ភេទទទួលបាន
ធី ស្រីល័ក្ខMAY 25 20261.3 K views

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី “កាតព្វកិច្ចយោធា” ជាផ្លូវការហើយ។ ជាមួយគ្នានោះដែរ បើយោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា បានឱ្យដឹងថាការបំពេញកាតព្វកិច្ចយោធា មានអត្ថប្រយោជន៍ដូចខាងក្រោម៖

 

. ក្នុងរយៈពេលនៃការបំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូបត្រូវទទួលបានប្រាក់ឧបត្ថម្ភនិងគោលរបបផ្សេងៗ ដែលត្រូវកំណត់ដោយអនុក្រឹត្យ។

 

. យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពី ក្រសួងការពារជាតិ។ ក្នុងករណីយោធិនពលី មរណៈ ឬពិការ ដោយសារបុព្វហេតុជាតិមាតុភូមិពេលបំពេញបេសកកម្មក្នុងអំឡុងពេលនៃការបំពេញកាតព្វកិច្ចយោធា យោធិនត្រូវទទួលបានគោលរបបផ្សេងៗ ដែលត្រូវកំណត់ដោយអនុក្រឹត្យ។

 

. យោធិនដែលបានបង្កើតស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធា ត្រូវបានលើកទឹកចិត្តនិងសរសើរដូចយោធិនអាជីព។

 

. យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវទទួលបានការលើកទឹកចិត្ត ដែលត្រូវកំណត់ដោយអនុក្រឹត្យ។

 

.គ្រឹះស្ថានសាធារណៈឬឯកជននានា ត្រូវទទួលឱ្យសិស្ស និស្សិតដែលបានបញ្ចប់កាតព្វកិច្ចយោធានោះ បន្តការសិក្សាវិញ ដោយរក្សាលទ្ធផលនៃការសិក្សាកន្លងមករបស់សាមីជន។

 

គួរជម្រាបថា ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈឬឯកជននានា និងអង្គការសង្គមស៊ីវិល ត្រូវទទួលឱ្យប្រជាពលរដ្ឋ ដែលបានបញ្ចប់កាតព្វកិច្ចយោធានោះ ចូលបម្រើការងារវិញក្នុងក្របខ័ណ្ឌដើម ដោយរក្សាមុខតំណែងដូចមុន ពេលទៅបំពេញកាតព្វកិច្ចយោធា ហើយផ្តល់អាទិភាពក្នុងការពិចារណាដំឡើងមុខតំណែង ឬថ្នាក់ ឬឋានន្តរសក្តិ។ រយៈពេលនៃការបំពេញកាតព្វកិច្ចយោធា ត្រូវបានរាប់បញ្ចូលក្នុងអតីតភាពសម្រាប់ការដំឡើងថ្នាក់ ឬឋានន្តរសក្តិ ឬការចូលនិវត្តន៍របស់សាមីជនផងដែរ៕

៣៤៣៥៣៦៣៧៣៨៣៩៤០

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia