កម្ចីឥណទានមានមុខពីរ បើអ្នកយកមកប្រើត្រូវអាចរុងរឿង តែបើប្រើខុសអាចជាប់បំណុលរ៉ាំរ៉ៃ នាំឲ្យជីវិតរ៉ោករ៉ាកមិនខាន។ ខាងក្រោមនេះ គឺជារឿងធំៗ ៣ ដែលអ្នកត្រូវគិតឲ្យបានល្អិតល្អន់បំផុត មុនសម្រេចចិត្តដាក់ប្លង់ដី ប្លង់ផ្ទះ ដើម្បីខ្ចីលុយធនាគារ៖
១. គោលដៅចាយ៖ វាជាកត្តាសំខាន់ជាងគេ មានអ្នកខ្លះសួរថា ខ្ញុំចង់រកស៊ីមុខរបរនេះឬមុខរបរនោះ ឥឡូវខ្ញុំមានគម្រោងចង់ទិញដីដើម្បីធ្វើមុខរបរហ្នឹង។ ហេតុអ្វីត្រូវទិញដីខណៈពេលដែលអ្នកកំពុងខ្វះលុយ ហើយលុយទាំងនោះជាបំណុលថែមទៀត? កុំទាន់អាលខ្ចីលុយគេទៅទិញដី ទិញផ្ទះ ឬអ្វីផ្សេង ត្រូវផ្តោតទៅលើការរកស៊ីជាអាទិភាព ព្រោះវាជាប្រភពចំណូលមួយដ៏រឹងមាំបំផុត។
រឿងកាន់តែអាក្រក់ អ្នកខ្លះខ្ចីលុយគេទៅចំណាយលើ Office ទំនើបមានភាពទាក់ទាញដើម្បីឲ្យភ្ញៀវទុកចិត្ត។ អ្នកខ្លះយកលុយទៅទិញវត្ថុធាតុដើមយ៉ាងច្រើនហើយស្តុកទុកចោល ព្រោះតែទីផ្សារមិនទាន់មាន។ នៅពេលអ្នកចាយខុសគោលដៅបែបនេះ លុយដែលខ្ចីគេមកគឺពិបាកសងត្រឡប់ទៅគេវិញណាស់ ព្រោះវាមិនទាន់បង្កើតជាចំណូលមកឲ្យអ្នកជាដុំគំភួននៅឡើយទេ។
២. លទ្ធភាពសងត្រឡប់ទៅវិញ៖ មនុស្សមួយចំនួនងាយខ្ចីលុយធនាគារ ហើយជឿជាក់ខ្លាំងថាលុយដែលខ្ចីគេនោះ អាចកសាងចំណូល ឬបង្កើតលុយបន្ថែមទៀត។ ប៉ុន្តែបើងាកមកមើលលក្ខខណ្ឌកម្ចីក្នុងធនាគារវិញ គេអាចនឹងសួរអំពី ចំណូល-ចំណាយ ស្ថានភាពគ្រួសារ បន្ទុក និងតើយើងធ្លាប់មានប្រវត្តិខ្ចីគេដែរឬទេ បូករួមទាំងសំណួរជាច្រើនទៀត ដើម្បីវាស់ស្ទង់លទ្ធភាពសងត្រឡប់ទៅធនាគារវិញ។ ប្រសិនបើលទ្ធភាពក្នុងការសងរបស់យើងមានភាពលំបាក នោះលុះត្រាណាតែដាក់ទ្រព្យបញ្ចាំដែលមានតម្លៃថ្លៃ និងជាប្រភេទប្លង់រឹង។
៣. អត្រាការប្រាក់៖ “មើលឲ្យជាក់ សិមញាក់ចិញ្ចើម” កម្ចីខ្លះងាយស្រួលស្នើរ ប៉ុន្តែអត្រាការប្រាក់ខ្ពស់។ ចូរសិក្សាព៏ត៌មានលម្អិតពីគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ បន្ទាប់មក ប្រៀបធៀបលក្ខខណ្ឌនិងអត្រាការប្រាប់ រួមទាំងថ្លៃសេវាលាក់មុខរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នីមួយៗ ហើយធ្វើការសម្រេចចិត្តឲ្យល្អបំផុត ជៀសវាងសងតែការប្រាក់។
យ៉ាងណាមិញ ការប្រើប្រាស់បំណុលដោយខ្វះការគិតគូរឲ្យបានម៉ត់ចត់ អាចប្រឈមនឹងហានិភ័យខ្ពស់ណាស់។ ដូច្នេះចូរ ប្រឹងរិះរកមធ្យោបាយរកលុយឲ្យអស់លទ្ធភាពសិន មុនសម្រេចចិត្តលូកដៃទៅប្រឡាក់ប្រឡូកជាមួយបំណុល៕


