រើសខុសទឹកភ្នែក! បុគ្គលឆ្នើម ៣ រូបប្រាប់ចំៗឲ្យមើលចំណុចទាំងនេះលើដៃគូសិន មុនសម្រេចចិត្តរៀបការ
Kan DaraAPRIL 30 202613 views

ចាស់ពោលថា «សំណាបយោងដី ស្រ្តីយោងបុរស» «សម្លឆ្ងាញ់ព្រោះគ្រឿងគ្រួសាររុងរឿងត្បិតភរិយា»។​ សម្រាប់ការជ្រើសរើសដៃគូជីវិត បើរើសចំអ្នកយល់ចិត្ត-ស្អិតថ្លើម គ្រួសារនឹងរុងរឿង តែបើរើសខុសច្បាស់ទឹកភ្នែកជូតក្បាលជង្គុងរីងរ៉ៃរាល់ថ្ងៃមិនខាន។ ខាងក្រោមនេះគឺជា ក្បួនរើសគូស្រកររបស់សេដ្ឋី និងជនល្បីៗ ៣ រូប ដែលអ្នកមិនគួរមើលរំលង៖

 

១/. លោកតាបណ្ឌិត កុល ផេង ស្ថាបនិក សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

 

លោកបណ្ឌិតធ្លាប់មានប្រសាសន៍យ៉ាងដូច្នេះថា៖ «រកប្រពន្ធណាដែលហ៊ានទទួលស្គាល់ម្តាយយើងជាអ្នកក្រ ចិត្តស្មោះសរ ប្រសើរជាងរូបស្អាត»។ ពាក្យមួយឃ្លានេះលោកចង់ផ្ដល់សារអប់រំថា អ្នកគួរជ្រើសរើសមនុស្សដែលទទួលស្គាល់យើងជាយើង និងគោរពស្រលាញ់ពូជពង្សវង្សត្រកូលផៅសណ្តានរបស់យើងផងដែរ។ ជាពិសេសលើកម្រិតជីវភាពគ្រួសារ មិនឪពុកម្តាយយើងក្រ ក៏គេនៅតែស្មោះសររួមដំណើរជីវិតគូសាងភាពរុងរឿងជាមួយគ្នា ប្រសើរជាងរើសមនុស្សល្អតែរូបសម្បត្តិខាងក្រៅ តែគេមិនពេញចិត្តមិនពេញថ្លើមនឹងក្រុមគ្រួសារ ឬសាច់ញាតិរបស់យើង។

 

កំហុសដ៏ធំរបស់កុលបុត្រកុលធីតាមួយចំនួនគឺ ពេលដែលមានស្វាមីភរិយា ស្រលាញ់តែប្ដីប្រពន្ធខ្លួនឯងភ្លេចអ្នកមានគុណ ឬមិនគោរពស្រលាញ់ដល់សាច់ញាតិបងប្អូនខាងស្វាមី ឬភរិយារបស់ខ្លួនទៅវិញ។

 

២/. ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

 

លោកឧកញ៉ាបណ្ឌិតធ្លាប់បានថ្លែងថា៖​ «អ្នកមានសិទ្ធរកប្រពន្ធយ៉ាងស្រួល រឿងអីអ្នកមិនរកប្រពន្ធឲ្យត្រូវនឹងជំនួញខ្លួនឯង ។ បើជំនួញខ្ញុំ ចុងសប្តាហ៍ត្រូវទៅជួបជាមួយអ្នកក្រ ចឹងត្រូវរកប្រពន្ធដែលព្រមទៅជួបអ្នកក្រជាមួយខ្ញុំ បើប្រពន្ធខ្លះអត់ទេ ឲ្យតែចុងសប្តាហ៍ត្រូវតែឌុបគេដើរផ្សារសូរិយា។ គ្រួសារចាំបាច់មានពេលវេលាច្រើនម្ល៉េះ បើប្តីធ្វើអី ប្រពន្ធធ្វើនឹងដែរទៅ បើខ្ញុំចិញ្ចឹមជ្រូក ពេលលក់បាន ប្រពន្ធនាំកូនរាប់លុយទៅ»។ ក្នុងនោះលោកក៏បានសង្កត់ធ្ងន់ផងដែរទៅលើរឿងធំៗ៣ ដែលគូស្នេហ៍ថ្មីត្រូវមានចំពោះគ្នាគឺ  ១.ផ្ដល់ទំនុកចិត្ត និងយល់ចិត្តគ្នា ២.ជាមនុស្សដែលមានលក្ខណៈស្រដៀងគ្នា និង ៣.រកមនុស្សដែលត្រូវជាមួយជំនួញរបស់យើង។

 

៣/. ឧកញ៉ាបណ្ឌិត គីម ហ៊ាង

 

លោកអគ្គនាយកក្រុមហ៊ុន KWCambodia និង Khmer Real Estate បានលើកឡើងថាអំពីសារប្រយោល ៥ ឃ្លាដើម្បីដាស់តឿនដល់អ្នកចង់រើសដៃគូរជីវិត ឬប្រពន្ធឲ្យបានត្រឹមត្រូវគួរដឹង៖

 

១. គ្រួសារមួយក្រីក្រ នោះ​គេមិនបន្ទោសភរិយាដែលមិនចេះទុកដាក់លុយទេ តែគេបន្ទោសស្វាមី​មិន​ចេះ​រក​លុយ!

២. គ្រួសារមួយមិនសល់លុយ នោះគេមិនបន្ទោសស្វាមីមិនចេះរកលុយទេ តែគេ​បន្ទោសភរិយា​មិនចេះ​ទុកដាក់លុយ!

៣. ស្វាមីមានតួនាទីជាអ្នករកលុយ រីឯភរិយាជាអ្នកទុកដាក់លុយ ហើយបើភរិយាចេះរកលុយទៀត គ្រួសារនោះនឹងក្លាយជាអ្នកមានឆាប់!

៤. នៅក្នុងការងារ អាជីវកម្ម និងសង្គម គឺស្វាមីជាអ្នកដឹកនាំ តែនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិ​សង​ខាង គឺភរិយាជាអ្នកដឹកនាំ!

៥. គ្មានទេការឈ្នះ ឬចាញ់រវាងគូស្វាមីភរិយា ព្រោះបើឈ្នះ ឬចាញ់ក៏ដោយ ក៏នៅតែជាស្វាមី ឬ​ភរិយា​របស់​យើង!

 

បើទោះបី ៥ ឃ្លាខាងលើនេះឧកញ៉ាបណ្ឌិត គីម ហ៊ាង មិនបានដាស់តឿនផ្តោតទៅលើតែការរើសប្រពន្ធក៏ពិតមែន។ ប៉ុន្តែវាពិតជាបានឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់របស់លោក ហើយក៏ដូចជាពន្លឺមួយជួយបង្ហាញផ្លូវដល់បុរសៗដែលចង់រើសភរិយាបានត្រឹមត្រូវ មិនខកបំណងផងដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia