បច្ចុប្បន្នមានជនខិលខូចកំពុងប្រើល្បិចថ្មីៗ និងបច្ចេកទេសទំនើប ដើម្បីទាញយកព័ត៌មានសំងាត់ ជាពិសេសគណនីកុងធនាគាររបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងរឿងនេះ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសបង្ហាញអំពីល្បិចឆបោកធំៗចំនួន ៤ ដែលជនខិលខូចនិយមប្រើ ដើម្បីបោកយកលុយ៖
១/. ប្រើឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំ នាពេលកន្លងមក ជនល្មើសមួយចំនួនបានប្រើប្រាស់ឈ្មោះ និមត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គមក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន។
២/. ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឲ្យផ្តេរប្រាក់
៣/. ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឲ្យផ្ញើប្រាក់ជាមុន
៤/. ការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរស័ព្ទផ្ទាល់ខ្លួនដោយផ្តល់តម្លៃខ្ពស់។
យ៉ាងណាមិញ ធនាគារជាតិ សូមណែនាំឲ្យបងប្អូនបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុអេឡិចត្រូនិកដោយប្រុងប្រយ័ត្ន ពិនិត្យឈ្មោះគេហទំព័រ ឬកម្មវិធីឲ្យបានច្បាស់លាស់ មុនពេលបញ្ចូលព័ត៌មានសម្ងាត់ណាមួយ។ ប្រសិនបើមានការសង្ស័យ ឬរកឃើញសកម្មភាពមិនប្រក្រតី សូមទាក់ទងទៅកាន់ធនាគារដែលបងប្អូនកំពុងប្រើប្រាស់ភ្លាមៗ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរ ដើម្បីការពារខ្លួនពីការបាត់បង់ទ្រព្យសម្បត្តិ៕



