អាចនិយាយបានថា ទីផ្សារគ្រឿងក្រអូប និង Skincare មានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន និងមានអ្នកលក់បើកច្រើនគរជើងគ្នា។ ដូច្នេះដើម្បីទាក់ទាញ និងក្ដោបយកបេះដូងអតិថិជនបាន អ្នកមិនអាចលក់តែផលិតផលដូចគេតែមួយមុខនោះទេ ប៉ុន្តែត្រូវលក់ទំនុកចិត្ត បទពិសោធន៍ និងដំណោះស្រាយ ឲ្យខុសពីគេផងដែរ។ ហើយខាងក្រោមនេះជាយុទ្ធសាស្ត្រ ដែលអ្នកត្រូវចេះ ដើម្បីធ្វើឲ្យហាងរបស់អ្នកលេចធ្លោ និងទាក់ទាញភ្ញៀវបានច្រើន៖
១.សាងទំនុកចិត្តលើភាពទំនិញសុទ្ធ៖ បញ្ជាក់ប្រភពច្បាស់លាស់ជូនអតិថិជន ព្រោះអ្នកចូលចិត្តទិញ Skincare ភាគច្រើន ខ្លាចបំផុតគឺ ជួបទំនិញក្លែងក្លាយ (Fake) ឬ ទំនិញគ្មានក្រសួងទទួលស្គាល់។ ដូច្នេះ ហាងរបស់អ្នកត្រូវមានលិខិតបញ្ជាក់ ឬ QR Code ដែលអាចឲ្យភ្ញៀវ Scan មើលភាពស្របច្បាប់ និងប្រភពនាំចូលច្បាស់លាស់។ មួយវិញទៀតត្រូវមានគោលការណ៍ធានាដូចជា សងប្រាក់ ២០០% ប្រសិនបើស៊ើបឃើញថាជាទំនិញក្លែងក្លាយ ឬ ដូរថ្មីជូនភ្លាមៗប្រសិនបើមានប្រតិកម្ម (ចំពោះផលិតផលដែលមានការធានា) ដើម្បីឲ្យភ្ញៀវហ៊ានសាកល្បងដោយទំនុកចិត្ត។
២.ប្តូរពីការលក់មកជាអ្នកពិគ្រោះយោបល់៖ ពិនិត្យស្បែកជូនភ្ញៀវ ដោយបំពាក់ម៉ាស៊ីនស្កេន ឬពិនិត្យស្បែកនៅហាង ឬបណ្តុះបណ្តាលបុគ្គលិកឲ្យចេះវិភាគប្រភេទស្បែក (ស្បែកខ្លាញ់ ស្បែកក្រហម ឬស្តើង ស្បែកកើតមុន)។ ផ្តល់ដំណោះស្រាយ មិនមែនគ្រាន់តែលក់ដាច់តែមួយមុខទេ ព្រោះភ្ញៀវភាគច្រើនមិនដឹងថាស្បែកខ្លួនឯងត្រូវប្រើអ្វី។ ដូចនេះ ពេលបុគ្គលិករៀបចំ Routine (ព្រឹក/យប់) ត្រូវនឹងបញ្ហាស្បែករបស់ភ្ញៀវច្បាស់លាស់ ភ្ញៀវនឹងជឿជាក់ និងក្លាយជាអតិថិជនប្រចាំ។
៣.បង្កើតចំណុចប្លែកក្នុងហាង៖ តំបន់តេស្តផលិតផល ត្រូវរៀបចំកន្លែងតេស្តឲ្យស្អាត មានពន្លឺគ្រប់គ្រាន់ មានកញ្ចក់ ក្រដាសជូត អាកុល និងកញ្ចក់ពង្រីក។ ត្រូវរៀបចំហាងឲ្យត្រជាក់ភ្នែក និងថតរូបស្អាតៗ ព្រោះយុវវ័យចូលចិត្តថតរូប ឬវីដេអូ Check-in ពេលទៅទិញទំនិញ។ រីឯការឌីហ្សាញហាង ក៏ត្រូវមានរចនាបថ Minimalist ឬ Pastel នឹងទាក់ទាញឲ្យគេមកថតរូប និងផ្សព្វផ្សាយឲ្យយើងដោយមិនបាច់ចំណាយលុយ។ មួយទៀតត្រូវមានជា កញ្ចប់សាកល្បង ព្រោះភ្ញៀវខ្លះរអ៊ូរទាំមិនហ៊ានទិញដបធំខ្លាចត្រូវគីមី ឬមិនត្រូវស្បែក។ ការមានទំហំតូចសាកល្បង ឬការថែម Sample តូចៗជូន នឹងធ្វើឲ្យភ្ញៀវសប្បាយចិត្ត។
៤.យុទ្ធសាស្ត្របណ្តាញសង្គម៖ ត្រូវចេះធ្វើ Educational Content (វីដេអូអប់រំ) ដោយឈប់ធ្វើតែវីដេអូប្រូម៉ូសិន ឬលក់ត្រង់ៗ។ ត្រូវធ្វើវីដេអូខ្លីៗ បង្រៀនពី របៀបលាងមុខឲ្យត្រូវវិធីតាមប្រភេទស្បែក។ ប្រាប់ពីកំហុសឆ្គង ៣ យ៉ាងដែលធ្វើឲ្យស្បែកមុខកាន់តែកើតមុន។ ធ្វើជាការប្រៀបធៀប Sunscreen A និង Sunscreen B ជាដើម។ មួយវិញទៀត ត្រូវបង្ហាញមុខម្ចាស់ហាង ឬបុគ្គលិក ព្រោះអតិថិជនជឿជាក់លើមនុស្ស ជាង ឡូហ្គោហាង។ ការចេញមុខចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ឬការ Review ដោយស្មោះត្រង់ (រៀបរាប់ទាំងចំណុចល្អ និងចំណុចខ្វះខាត) នឹងទាក់ទាញអ្នកមើលឲ្យក្លាយជាភ្ញៀវទិញពិតប្រាកដ។
៥.បង្កើតប្រព័ន្ធថែរក្សាភ្ញៀវចាស់៖ ភាពជាសមាជិកភាព ត្រូវប្រមូលពិន្ទុរាល់ពេលទិញ ដើម្បីដោះដូរជាកាដូ ឬការបញ្ចុះតម្លៃនៅថ្ងៃកំណើត។ ឬបន្ទាប់ពីភ្ញៀវទិញបាន ១-២ សប្តាហ៍ ត្រូវផ្ញើសារតាម Telegram ឬ Facebook សួរនាំពីលទ្ធផលដូចជា៖ “ជម្រាបសួរបង តើប្រើប្រាស់ផលិតផល... ត្រូវស្បែកល្អទេ? មានប្រតិកម្មអ្វីដែរឬទេ?” ការយកចិត្តទុកដាក់បែបនេះ ធ្វើឲ្យភ្ញៀវមិនរត់ទៅណាឡើយ។
៦.យុទ្ធសាស្ត្រ តម្លៃ និងកញ្ចប់ផលិតផល៖ ជំនួសឲ្យការលក់ឡេ ឬសេរ៉ូមមួយដបៗ ត្រូវរៀបជាឈុត ដូចជា ឈុតកម្ចាត់មុនក្នុង ២ សប្តាហ៍ ឈុតស្បែកមុខរលោង Glow Skin សម្រាប់អ្នកធ្វើការការិយាល័យ ដោយផ្តល់តម្លៃពិសេសពេលទិញជាឈុត។ រួចមានជាកាដូថែមតូចៗ ព្រោះមនុស្សគ្រប់គ្នាចង់បានរបស់ថែម។ ការថែមម៉ាសបិទមុខ កាបូបតូចៗ ឬស្បៃលាងមុខ នឹងធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាចំណេញ។
គួរបន្ថែមថា នៅក្នុងទីផ្សារដែលអ្នកលក់ច្រើនជាងអ្នកទិញ អ្វីដែលធ្វើឲ្យហាងរបស់អ្នកឈ្នះគេ គឺ ភាពស្មោះត្រង់ និង សេវាកម្មកក់ក្តៅ។ ពេលភ្ញៀវទិញហើយមានអារម្មណ៍ថា ស្បែកគេស្អាតឡើងពិតមែន ហើយត្រូវបានគេយកចិត្តទុកដាក់ គេនឹងជួយប្រាប់មិត្តភក្តិ និងគ្រួសារគេឲ្យមកទិញនៅហាងរបស់អ្នកបន្តដោយស្វ័យប្រវត្តិ៕


