មាសគឺជារបស់ពេញនិយមមួយសម្រាប់ប្រជាជនទូទាំងពិភពលោកដោយពួកគាត់ទិញជាលក្ខណៈពាក់ជាគ្រឿងអលង្ការលម្អខ្លួនចំណែកអ្នកខ្លះទៀតទិញទុកជាការវិនិយោគនិងជាការសន្សំទ្រព្យរបស់ពួកគាត់។ យ៉ាងណាមិញមនុស្សមួយចំនួនធំពេលទិញមាសមើលមិនដឹងទេថាតើមាសនោះពិតប្រាកដឬក្លែងក្លាយ។
ជុំវិញមាសពិតប្រាកដនិងមាសក្លែងក្លាយ ក្រសួងពាណិជ្ជកម្មថៃបានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នចំពោះការទិញមាសដោយណែនាំឲ្យពលរដ្ឋទិញមាសនៅហាងមាសដែលមានអាជ្ញាបណ្ណត្រឹមត្រូវស្របចាប់ដើម្បីចៀសវាងប៉ះមាសក្លែងក្លាយ។
បើយោងតាមការចុះផ្សាយរបស់ Bangkok Post កាលពីពេលថ្មីៗនេះ លោក Napintorn Srisunpang រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មថៃបានដឹកនាំក្រុមមន្រ្តីពីពាណិជ្ជកម្មផ្ទៃក្នុង វិទ្យាស្ថានគ្រឿងអលង្ការនិងក្រុមប្រឹក្សាការពារអតិថិជនដើម្បីត្រួតពិនិត្យហាងមាសនៅតំបន់ Yoawarat នៅទីក្រុងបាំងកកដើម្បីប្រាដថាអ្នកលក់មាសទាំងអស់អនុវត្តតាមច្បាប់ហើយពិន័យចំពោះអ្នកលក់មាសក្លែងក្លាយ។
លោក Napintorn Srisunpang បានឲ្យដឹងថាប្រភេទមាសគីឡូឡើងដល់៣៧,៥០០បាតក្នុងមួយគីឡូដែលកត្តានេះអាចធ្វើឲ្យហាងលក់មាសតាមអនឡាញមួយចំនួនទាញអត្ថប្រយោជន៍បន្លំលក់មាសក្លែងក្លាយនៅក្នុងទម្រង់ផ្សេងៗជាពិសេសមាសគីឡតែម្ដង។
ត្រង់នេះដែរលោកក៏បានបញ្ជាក់ផងដែរថាមាសដុំឬមាសគីឡូក្លែងក្លាយគឺជាទង់ដែងដែលត្រូវបានស្រោបដោយមាសពិតប្រាកដហើយអ្នកទិញមិនអាចកំណត់បានឬមើលដឹងដោយភ្នែកទទេបានឡើយពោលគឺគេបន្លំដោយប្រើប្រាស់លោកហធាតុផ្សេងដែលមានទម្ងល់ដូចគ្នាប៉ុណ្ណោះ។
លោក Napintorn បានណែនាំថាដើម្បីចៀសវាងការក្លែងបន្លំ ប្រជាជនគួរទិញមាសពីបណ្ដាហាងដែលជឿទុកចិត្តឬហាងដែលបានដាក់បង្ហាញពីតម្លៃមាសជួញដូរ មានសញ្ញាជាសមាជិកនៃសមាគមជួញដូរមាសឬក៏ទិញមាសដែលមានlogo បានបញ្ចេញដោយវិទ្យាស្ថានគ្រឿងអលង្ការថៃផ្ទាល់។
លោក Sumeth Prasongphongchai ប្រធានវិទ្យាស្ថានគ្រឿងអលង្ការរបស់ថៃបានឲ្យដឹងថាមាសគឺជាការវិនិយោគក៏ពេញនិយមជាយូរយាណាស់មកហើយនឹងបន្តជាការវិនិយោគដែលសុវត្ថិភាពនិងទុកចិត្តបានពីសំណាក់ប្រជាជនថៃជាច្រើន។ លោកបានណែនាំឲ្យប្រជាជនថៃទិញមាសនៅហាងមាសដែលមានគេស្គាល់ច្រើនជាពិសេសទិញមាសដែលមានឆ្លាក់លើមាសថាGold 965។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរនៅក្នុងតម្លៃ២១៧០ដុល្លារក្នុងមួយអោន។ ចំណែកហាងឆេងមាសនៅក្នុងស្រុកយើងវិញមានតម្លៃ២៥៧ដុល្លារក្នុងមួយជី៕


