ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង ៣០ លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ
Bunthoeun KoemAPRIL 30 2026244 views

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

685136259 1388811739958694 7724511435696886790 N

 

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោង​សហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

គម្រោងនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សីមានៃក្រុងបាត់ដំបង ដោយបានចាប់ផ្តើមសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលរួមមានស្ថានីយបូមទឹកឆៅមួយ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតសមត្ថភាព ៥០.០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៩៤ គីឡូម៉ែត្រ។

 

ជាមួយការដាក់ឱ្យដំណើរការប្រព័ន្ធនេះ រដ្ឋាករទឹកបាត់ដំបងបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាងពីរដង និងពង្រីកការតភ្ជាប់បណ្តាញថ្មីជូនដល់ ១៦.៧៩៨ គ្រួសារបន្ថែមទៀត ដែលគ្របដណ្តប់ប្រមាណ ៧៦% នៃតំបន់សេវាកម្មរបស់ខ្លួន។

 

684711834 1388811663292035 415178712553766364 N

 

ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបងពី ៣៣.៥២០ ថ្ងៃ ទៅដល់ ៨៣.៥២០ មថ្ងៃ, កើន ១៤៨%។ មានន័យថា បងប្អូនប្រជាពលរដ្ឋ រួមទាំងផលិតករ សេវាករ និងអាជីវករជាច្រើន នឹងអាចទទួលបានសេវាទឹកស្អាតដែលមានគុណភាព សុវត្ថិភាព ចីរភាព និងថ្លៃសមរម្យ ដើម្បីធ្វើឱ្យសុខុមាលភាពកាន់តែល្អប្រសើរ និងជីវភាពកាន់តែរីកចម្រើន។

 

អ្នកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានរំលេចពីគុណប្រយោជន៍​ដ៏ទូលំទូលាយនៃគម្រោង ដោយលើកឡើងថា៖ “ការផ្គត់ផ្គង់ទឹកស្អាតដែលអាចទុកចិត្តបាន លើកកម្ពស់សុខភាពសាធារណៈ សន្សំពេលវេលាសម្រាប់គ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ចក្នុង
មូលដ្ឋាន។ ខណៈដែលនគរូបនីយកម្មកំពុងមានសន្ទុះយ៉ាងលឿន ការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ មានសារសំខាន់ចំពោះផលិតភាព និងគុណភាពជីវិត។

 

ដៃគូសំខាន់មួយទៀតរបស់គម្រោងគឺទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបាននិងកំពុងគាំទ្រវិស័យទឹកស្អាតនៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ អ្នកស្រី Sandrine Boucher នាយិកាប្រចាំប្រទេសកម្ពុជា របស់ AFD បានលើកឡើងថា៖ សមិទ្ធផលថ្មីនេះគឺលើសពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។ វាគឺជាការវិនិយោគទៅលើប្រជាជន សុខភាពសាធារណៈ និងអនាគតរបស់ក្រុងបាត់ដំបង។ ខ្ញុំមានជំនឿថាក្រុងបាត់ដំបងនឹងបន្តរីកចម្រើន សេដ្ឋកិច្ចរឹងមាំ ប្រកបដោយសមភាព និងសមធម៌ក្នុងសង្គម។

 

គម្រោងនេះក៏បង្ហាញពីភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់វិស័យទឹកស្អាត រួមចំណែកកែលម្អជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍទីក្រុង និងតំបន់ប្រជុំជនប្រកបដោយចីរភាព​៕ 

 

682411410 1388815729958295 2886350009254535756 N

682571011 1388815759958292 411361580212376808 N

684817554 1388815913291610 8275248982153391215 N

 

685355739 1388815806624954 1558143717283381620 N

683490924 1388815686624966 8498059034627533655 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia