បន្ទាប់ពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃបានចូលជាធរមាន លោក ង៉ែត ជូអ្នកជំនាញសេដ្ឋកិច្ចនិងជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន F.I Vision Capital បានណែនាំថាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុគួរលុបបំណុលដែលគ្រួសារយុទ្ធជនពលីបានជំពាក់។
នៅក្នុងសារនៅលើហ្វេសប៊ុលផ្ទាល់ខ្លួន លោក ង៉ែត ជូ បង្ហាញហេតុផលដែលធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុគួរលុបបំណុលដែលគ្រួសារយុទ្ធជនពលីបានជំពាក់ដូចខាងក្រោមនេះ។
១. ដើម្បីជាការតបស្នងការពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ គួរពិចារណាលុបបំណុលទាំងស្រុងដែលគ្រួសារយុទ្ធជនពលីបានជំពាក់។ ម្យ៉ាងជាការជួយសំរួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ (ដែលបាត់បង់សមាជិកក៏ដូចជាបាត់បង់ចំណូល)។
២. ការលុបបំណុលនេះមិនធ្វើអោយប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញ ឬស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នទាំងនោះទេពីព្រោះចំនួនគ្រួសារយុទ្ធជនពលីមានចំនួនតិចតួចបើធៀបនឹងចំនួនអតិថិជនរាប់លាននាក់ក្នុងវិស័យនេះ។ បើគ្មានពួកគាត់ការពារ ស្ថាប័នទាំងនោះនឹងរងនូវភាពអន្តរាយធ្ងន់ធ្ងរជាក់ជាមិនខាន៕


