ការសន្សំគឺជាទម្លាប់មួយ ក្នុងចំណោមទម្លាប់ល្អបំផុតសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ។ ប៉ុន្តែមិនមែនគ្រប់វិធីសន្សំទាំងអស់ សុទ្ធតែជួយអ្នកឲ្យសន្សំប្រាក់បានច្រើននោះទេ។ ព្រោះរឿងខ្លះដែលយើងធ្វើជាប្រចាំថ្ងៃ វាមើលទៅហាក់ដូចជាជួយសន្សំសំចៃ ប៉ុន្តែបើគិតឲ្យកាន់តែដិតដល់ទៅ ទង្វើទាំងនោះបែរនាំឲ្យ ចំណាយច្រើន ខ្ជះខ្ជាយលុយជាមុនទៅវិញ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួន ដែលមនុស្សគ្រប់គ្នាជួបជាក់ស្ដែង៖
១. ទិញថែម ដើម្បីទទួលបានការដឹកជញ្ជូនឥតគិតថ្លៃ
អ្នកខ្លះចង់ចំណេញ ១ដុល្លារ ឬ ២ដុល្លារលើថ្លៃដឹកជញ្ជូន សុខចិត្តចាយរាប់សិបដុល្លារបន្ថែមលើទំនិញដែលទិញ ប៉ុន្តែបើយើងគិតមើលទៅ វាមិនមែនជាការចំណេញអ្វីទេ។ ព្រោះមុននឹងដាក់ចេញការលក់បែបនេះ អ្នកលក់គេបានរៀបចំការចំណេញរបស់គេស្រាប់ហើយ។
២. ទិញភ្លាមៗពេល ឃើញការបញ្ចុះតម្លៃ
ទំនិញដែលបញ្ចុះតម្លៃ ៥០% នៅតែមានតម្លៃ ១០០% ប្រសិនបើអ្នកមិនត្រូវការវា។ ការបញ្ចុះតម្លៃជួយសន្សំប្រាក់របស់អ្នកបាន លុះត្រាតែវាជាទំនិញដែលអ្នកមានគម្រោងទិញរួចហើយ។
៣. ទិញជាឈុតព្រោះ គិតថាមានតម្លៃថោកជាង
ទិញពីរ ថែមមួយដោយឥតគិតថ្លៃ។ ទិញកាន់តែច្រើន វាកាន់តែថោក។ វាស្តាប់ទៅគួរឲ្យទាក់ទាញណាស់ ប៉ុន្តែប្រសិនបើប្រើវាមិនអស់ វានឹងផុតកំណត់ ការសន្សំដំបូងនឹងប្រែក្លាយទៅជាការខ្ជះខ្ជាយយ៉ាងឆាប់រហ័ស។
៤. ទៅផ្សារទំនើបនៅពេលឃ្លាន
នៅពេលអ្នកឃ្លាន ខួរក្បាលរបស់អ្នកច្រើនតែធ្វើការសម្រេចចិត្តទិញទំនិញតាមអារម្មណ៍។ អ្នកអាចគិតថា ទៅទិញតែពីរបីមុខប៉ុណ្ណោះ ប៉ុន្តែនៅពេលគិតលុយ ស្រាប់តែវាមានអីវ៉ាន់ច្រើនមុខ ជាងអ្វីដែលអ្នកគិតទុកពីផ្ទះ។
៥. ទិញរបស់របរប្រើប្រាស់ថោកពេក
អាវខ្លះក្រណាត់ស្ដើង ដែលរហែកលឿន បន្ទាប់ពីប្រើបានពីរបីខែ ឬស្បែកជើងខូចបន្ទាប់ពីប្រើបានតែប៉ុន្មានដង សុទ្ធតែអាចបង្ខំឲ្យអ្នកទិញអាវថ្មីជំនួស លឿនជាងការរំពឹងទុក។
៦.ទិញស្បៀងស្តុកទុកច្រើនពេក
នៅពេលដែលទិញស្បៀងមកស្ដុកទុកក្នុងផ្ទះ ដូចជា ពងទា គ្រឿងទេស នានាច្រើនពេក អាហារមួយចំនួនអាចនឹងផុតកំណត់ ឬពេលខ្លះភ្លេចទុកក្នុងទូទឹកកក វានឹងខូចចោលទទេៗ ហើយត្រូវចំណាយលុយទិញថ្មីដដែល។
៧. ទិញឲ្យអស់ច្រើនដើម្បីបានកាតសមាជិក
មនស្សមួយចំនួន នៅពេលទៅហាងទំនិញ តែងតែត្រូវបានបុគ្គលិកណែនាំឲ្យចំណាយប៉ុណ្ណេះ ប៉ុណ្ណោះ ដើម្បីទទួលបានកាតសមាជិក បានការសន្សំពិន្ទុ និងបានការបញ្ចុះតម្លៃនៅពេលត្រលប់មកទិញនៅពេលក្រោយ។ ប៉ុន្តែវាជាយុទ្ធសាស្រ្តធ្វើទីផ្សាររបស់គេសោះ។
៨.មិនហ៊ានវិនិយោគលើការអប់រំ
ការសន្សំលើថ្លៃសិក្សាក្នុងរយៈពេលខ្លី អាចនាំមកនូវការបាត់បង់ឱកាសក្នុងការកែលម្អជំនាញ បង្កើនប្រាក់ចំណូល ឬផ្លាស់ប្តូរទៅរកការងារកាន់តែប្រសើរ។
៩. តែងតែពន្យារពេលការថែទាំ
ម៉ូតូ រថយន្ត ម៉ាស៊ីនត្រជាក់ និងឧបករណ៍អេឡិចត្រូនិចទាំងអស់ សុទ្ធតែមានអាយុកាលកំណត់។ ការថែទាំទាន់ពេលវេលា វាអាចចៀសវាងពីការខូច ហើយត្រូវទិញថ្មី។
យ៉ាងណាមិញ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន មិនមែនមានន័យថា ព្យាយាមកាត់បន្ថយរាល់ការចំណាយនោះទេ ប៉ុន្តែជាអ្វីដែលត្រូវសន្សំ និងអ្វីដែលត្រូវវិនិយោគ។ តាមរយៈការបែងចែករវាងរឿងទាំងពីរនេះ អ្នកនឹងមិនត្រឹមតែសន្សំប្រាក់បានច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាពជាងមុនក្នុងរយៈពេលវែងផងដែរ៕


