កាលពីព្រឹក ថ្ងៃទី ០២ ខែកញ្ញា នេះ ក្រសួងអប់រំយុវជននិងកីឡា បានចេញនូវសេចក្ដីប្រកាស លទ្ធផលប្រឡងបាក់ឌុបទូទាំងប្រទេស ដោយក្នុងនោះយើងឃើញថា ប្អូនៗសិស្សានុសិស្ស នៅគ្រប់បណ្ដាខេត្តនិងរាជធានី ទទួលបានលទ្ធផលនិទ្ទេសល្អៗច្រើន។
ដោយឡែក ងាកមកចាប់អារម្មណ៍ យុវសិស្សម្នាក់មានស្រុកកំណើតនៅខេត្តព្រៃវែង និងជាសិស្សមករៀននៅភ្នំពេញ វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន ប្អូនប្រុស វ៉ាន សែនវ៉ា ក៏បានទទួលបានលទ្ធផលបាក់ឌុបក្នុងឆ្នាំ ២០២៦ នេះ យ៉ាងល្អគួរឲ្យសរសើរ។ ក្នុងនោះ ប្អូនប្រុស ទទួលបាននិទ្ទេស A ចំនួន ២ មុខវិជ្ជា និទ្ទេស B ចំនួន ៥ មុខវិជ្ជា និងពិន្ទុសរុបទាំងអស់ គឺទទួលបាននិទ្ទេស A ផ្ទាល់តែម្ដង។
ស្របគ្នានេះដែរ បើតាមប្រភពពីអ្នកសិទ្ធស្នាលប្អូនប្រុស វ៉ាន សែនវ៉ា ក៏បានឲ្យដឹងថា កាលពីឆ្នាំមុន យុវសិស្សរូបនេះ ក៏ធ្លាប់ធ្លាក់ម្ដងរួចទៅហើយ តែដោយការខិតខំតស៊ូរៀនសូត្រ ទើបអាចសម្រេចបានលទ្ធផលដ៏ល្អក្នុងឆ្នាំ ២០២៦ នេះ ដែលធ្វើឲ្យមហាជន បានសម្ដែងការអបអរសាទរ និងលើកទឹកចិត្តដល់ប្អូនប្រុសយ៉ាងច្រើន៕



