ថ្មីៗនេះ បន្ទាប់ពីការប្រលងបាក់ឌុប បានបញ្ចប់ទៅ យើងឃើញថា មានប្រធានវិញ្ញាសារមួយចំនួន ត្រូវបានបង្ហោះចែករំលែកពេញបណ្ដាញសង្គម ដោយមានការវែកញែកពីអ្នកលេងបណ្ដាញសង្គមជាច្រើន។ ដូច្នេះហើយ នៅព្រឹកថ្ងៃទី ១២ ខែ សីហា នេះ ក្រសួង អប់រំយុវជន និងកីឡា បានចេញសេចក្ដីប្រកាសមួយ ហាមឃាត់ មិនឲ្យមានការចែកចាយនូវរាល់ប្រធានវិញ្ញាសារគ្រប់រូបភាពដូចខាងក្រោម៖
១.ហាមឃាត់ជាដាច់ខាត នូវរាល់ការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ នូវប្រធានវិញ្ញាសាប្រលង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និងសន្លឹកស្រង់ពិន្ទុ (MCS) ក្នុងអំឡុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់បូក និងផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការប្រកាសលទ្ធផលប្រលង។
២.ការបង្ហោះ ឬផ្សព្វផ្សាយឯកសារដូចមានចែងខាងលើ ទោះជាធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការតាមបណ្ដាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកថា ជាអំពើហាមឃាត់។
៣.បុគ្គលណា ដែលប្រព្រឹត្តល្មើសការហាមឃាត់ខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការច្បាប់ តាមករណីនីមួយៗ។
យ៉ាងណាមិញ ក្រសួងក៏បានអំពាវនាវដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ ឲ្យចូលរួម និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីភាពសុចរិត តម្លាភាព ក្នុងការប្រលងនេះផងដែរ៕


