ព្រោះតែសង្គ្រាមដែលកំពុងផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងកម្ពុជាផងដែរ។ កាលពីយប់ថ្ងៃទី១០ ខែមីនា ក្រសួងពាណិជ្ជកម្ម បានប្រកាសអំពីតម្លៃប្រេងបានកើនឡើងសម្រាប់ថ្ងៃទី១១ ដល់ទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយ សាំងធម្មតា = ៥,២០០រៀល និង ប្រេងម៉ាស៊ូត = ៦,០៥០រៀល។
ការកើនឡើងនៃតម្លៃប្រេងបែបនេះ បានក្លាយជាបន្ទុកយ៉ាងខ្លាំងសម្រាប់អ្នកដែលត្រូវធ្វើដំណើរទៅបំពេញការងារប្រចាំថ្ងៃ ជាពិសេសនៅពេលដែលអ្នកជំនាញបានព្យាករណ៍ថា តម្លៃអាចនឹងបន្តហក់ឡើងខ្ពស់ថែមទៀតក្នុងពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ មានវិធីសាស្ត្រមួយចំនួនដែលគួរតែធ្វើដើម្បីកាត់បន្ថយចំណាយ និងចូលរួមសន្សំសំចៃប្រេងកំពុងខ្វះខាតនិងកំពុងឡើងថ្លៃ៖
១. ត្រូវយកចិត្តទុកដាក់លើស្ថានភាពបច្ចេកទេសរបស់យានយន្ត៖ ដូចជាការថែទាំម៉ាស៊ីនឱ្យបានល្អ និងពិនិត្យសម្ពាធកង់ឱ្យបានត្រឹមត្រូវតាមស្តង់ដាររបស់វា។ ការធ្វើបែបនេះអាចជួយឱ្យរថយន្តឬយានយន្តរបស់អ្នកដំណើរការបានរលូនជាងមុន និង បន្ថយការស៊ីប្រេងច្រើន។ ព្រោះបើតាមអ្នកជំនាញផ្នែកយានយន្ត ប្រសិនបើសំបកកង់ទាំងបួនត្រូវបានបំពេញខ្យល់មិនគ្រប់គ្រាន់ប្រហែល ០.៧ គីឡូក្រាម/សង់ទីម៉ែត្រគូប ការប្រើប្រាស់ប្រេងឥន្ធនៈអាចកើនឡើងរហូតដល់ ១០%។
២. បើកបរដោយស្មាតីទទួលខុសត្រូវ៖ ស្ថានភាពពេលនេះគ្រប់ដំណក់កាលនីមួយៗសុទ្ធតែមានតម្លៃ ត្រូវប្រាកដថាអ្នកមិនប្រើប្រាស់លើសពីអ្វីដែលគួរធ្វើដូចជា៖
- កុំព្យាយាមផ្ទុកលើសទម្ងន់នៅក្នុងរថយន្ត
- ជៀសវាងការបញ្ឆេះម៉ាស៊ីនចោលពេលឈប់ស្ងៀម និងត្រូវបើកបរក្នុងល្បឿនមួយដែលថេរដោយជៀសវាងការជាន់ហ្វ្រាំងភ្លាមៗ ដែលនឹងធ្វើឱ្យប្រើប្រាស់ប្រេងច្រើន។ តាមរយៈ Baonghean ការសិក្សាបង្ហាញថា រថយន្តអាចស៊ីប្រេងច្រើនប្រហែល ១៥% នៅពេលបើកបរក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រហែល ២៥% នៅពេលបើកបរក្នុងល្បឿន ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណាក៏ដោយ ការបើកបរយឺតពេកក្រោម ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងក៏អាចធ្វើឱ្យស៊ីប្រេងច្រើនដូចគ្នា។
៣. គួរតែដើរ ឬជិះកង់សម្រាប់កន្លែងជិតៗ៖ ប្រសិនបើគោលដៅធ្វើដំណើររបស់អ្នកស្ថិតក្នុងចម្ងាយជិតៗ អ្នកគួរជ្រើសរើសវិធីធ្វើដំណើរដោយការដើរថ្មើរជើង ឬក៏ជិះកង់ព្រោះវាអាចជួយសន្សំប្រេងបានរហូតដល់ ១០០% ហើយថែមទាំងល្អសម្រាប់សុខភាពទៀត ព្រោះវាដូចជាអ្នកកំពុងហាត់ប្រាណចឹង។
៤. គួរយកអាហារទៅញុំានៅកន្លែងធ្វើការ៖ ដើម្បីជៀសវាងការធ្វើដំណើរទៅមកញុំាអាហារនៅផ្ទះ ឬនៅក្នុងហាងដែលធ្វើឱ្យអ្នកត្រូវចំណាយច្រើនទាំងប្រេងសាំង និងថវិកា។ ដូច្នេះជម្រើសល្អ អ្នកគួរវេចខ្ចប់អាហារពីផ្ទះទៅកន្លែងធ្វើការសស្រាប់ៗ វិធីនេះក្រៅពីជួយអ្នកសន្សំសំចៃប្រេងសាំង តែក៏អាចជួយសន្សំប្រាក់បានមួយចំណែកធំដែរ៕


