ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ — ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Hyundai Cup™ 2026 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់អាស៊ាននិងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៣០ របស់ខ្លួន។ នេះជាឱកាសប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការស្វាគមន៍អ្នកគាំទ្រមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍មកកាន់រាជធានីភ្នំពេញ និងបង្ហាញពីសក្តានុពលរបស់ខ្លួននៅលើឆាកបាល់ទាត់អាស៊ាន។
ដើម្បីញ៉ាំងឱ្យពិធីបើកជាផ្លូវការនៃពានរង្វាន់ជើងឯកអាស៊ានលើកទី១៦ នេះកាន់តែមានភាពអធិកអធម អ្នកអង្គម្ខាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា និងលោក សុខ សម្បត្តិ ដែលជាសិល្បករដ៏មានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងដឹកនាំការសម្តែងសិល្បៈដ៏អស្ចារ្យរួមជាមួយតារាល្បីៗជាច្រើនរូបទៀត។ អ្នកអង្គម្ខាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា និងលោក សុខ សម្បត្តិ នឹងរួមគ្នាបកស្រាយបទចម្រៀងផ្លូវការរបស់កម្មវិធីដែលមានចំណងជើងថា «12 Nations, 1 Heartbeat» ជា ១២ ភាសាខុសៗគ្នា ដែលជានិមិត្តរូបនៃសាមគ្គីភាព និងក្តីសង្ឃឹមរួមគ្នារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សមាគមសមាជិក អ្នកគាំទ្រ និងសហគមន៍បាល់ទាត់អាស៊ានទាំងមូល។
លើសពីនេះ ពិធីបើកក៏នឹងមានការរួមបញ្ចូលគ្នារវាងសិល្បៈវប្បធម៌បុរាណ និងសម័យ រួមទាំងការបង្ហាញខ្លួនរបស់របាំអប្សរាចំនួន ១២ នាក់ ពីក្រុមសិល្បករកម្ពុជា មុនពេលដែលក្រុមកម្ពុជាដែលជាម្ចាស់ផ្ទះ ត្រូវបើកឆាកប្រកួតទល់នឹងក្រុមសិង្ហបុរី ក្នុងពូល A។ គួរបញ្ជាក់ថា សិង្ហបុរីដែលជាអតីតជើងឯក ៤ សម័យកាល ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដំបូងបង្អស់កាលពីឆ្នាំ១៩៩៦ នៅពេលដែល AFF បានបង្កើតពានរង្វាន់នេះឡើងក្នុងគោលបំណងពន្លឿនការអភិវឌ្ឍវិស័យបាល់ទាត់នៅអាស៊ីអាគ្នេយ៍។ ៣ទសវត្សរ៍ក្រោយមក ព្រឹត្តិការណ៍នេះបានក្លាយជាពានរង្វាន់ដ៏មានតម្លៃបំផុត និងជាបេះដូងនៃវិស័យបាល់ទាត់អាស៊ាន។
ពិធីបើក ASEAN Hyundai Cup™ 2026 នឹងចាប់ផ្តើមនៅម៉ោង ៦:៣០ នាទីល្ងាច (ម៉ោងនៅកម្ពុជា) ហើយការប្រកួតរវាងកម្ពុជា និងសិង្ហបុរី នឹងចាប់ផ្តើមប្រកួតនៅម៉ោង ៧:០០ យប់ (ម៉ោងនៅក្នុងស្រុក / ម៉ោង ១២ ល្ងាច GMT)។
សំបុត្រសម្រាប់ចូលរួមទស្សនា គឺមានលក់ហើយតាមរយៈគេហទំព័រ https://ffcambodia_bot.t.me/home ។ បន្ថែមពីនេះ អ្នកគាំទ្រក៏អាចរកទិញសំបុត្រផ្ទាល់បាននៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា តទៅ និងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៤ ខែកក្កដា ដែលជាថ្ងៃកម្មវិធី និងជាថ្ងៃប្រកួតរវាងកម្ពុជា និងសិង្ហបុរី ផងដែរ។
នាយឧត្តមសេនីយ៍ ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា៖
«អស់រយៈពេល៣ទសវត្សរ៍មកហើយដែល ASEAN Hyundai Cup™ បានផ្សារភ្ជាប់បណ្តាប្រទេសរបស់យើងតាមរយៈក្តីស្រឡាញ់រួមគ្នាចំពោះវិស័យបាល់ទាត់ ដោយបង្កើតបាននូវទស្សនីយភាពមិនអាចបំភ្លេចបាន និងបានផ្តល់ការបំផុសគំនិតដល់មនុស្សជាច្រើនជំនាន់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។ ក្នុងឱកាសអបអរសាទរខួប៣០ឆ្នាំនេះ អ្នកគាំទ្រមិនត្រឹមតែបានទស្សនាការប្រកួតដ៏ជក់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមអបអរសាទរនូវសាមគ្គីភាព មោទនភាព និងស្មារតីគ្រួសារបាល់ទាត់អាស៊ានពេញមួយខែផងដែរ។»
«វាជាកិត្តិយសសម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទស្សនិកជននៅក្នុងពហុកីឡដ្ឋាន រួមទាំងអ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោក នឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងអនាគតដ៏ភ្លឺស្វាងនៃបាល់ទាត់អាស៊ាន។ យើងពិតជាមានកិត្តិយសណាស់ដែលមានព្រះវត្តមានរបស់ អ្នកអង្គម្ខាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា និងលោក សុខ សម្បត្តិ មកដឹកនាំការសម្តែងសិល្បៈដ៏គួរឱ្យចងចាំនេះ។»
«ការចាប់ផ្តើមការប្រកួតរវាងកម្ពុជា និងសិង្ហបុរី ក៏ជានិមិត្តរូបដ៏សមស្របបំផុត ព្រោះសិង្ហបុរីជាម្ចាស់ផ្ទះដំបូងកាលពីឆ្នាំ១៩៩៦ ដែលជាគ្រឹះនៃពានរង្វាន់នេះ។ នៅពេលការប្រកួតចាប់ផ្តើម វាមិនត្រឹមតែជាការបើកឆាកព្រឹត្តិការណ៍ថ្មីនោះទេ ប៉ុន្តែជាការបន្តដំណើរដ៏អស្ចារ្យដែលបានបង្រួបបង្រួមជាតិសាសន៍យើងតាមរយៈកីឡាបាល់ទាត់។»
ពិធីបើកជាផ្លូវការ និងរាល់ការប្រកួតទាំងអស់នៃ ASEAN Hyundai Cup™ 2026 នឹងត្រូវផ្សាយបន្តផ្ទាល់នៅគ្រប់បណ្តាប្រទេសអាស៊ាន តាម រយៈបណ្តាញទូរទស្សន៍ប៉ុស្តិ៍បាយ័ន នៅក្នុងប្រទេសកម្ពុជា និងកម្មវិធីឌីជីថលនានា រួមទាំងនៅលើឆានែល TikTok ផ្លូវការរបស់ ASEAN United FC, @aseanutdfc ។
ការប្រកួតវគ្គចែកពូល (Group Stage) ដែលមាន ១០ ប្រទេសចូលរួម នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ដោយប្រកួតក្នុងទម្រង់វិលជុំតែម្តង (សរុបលទ្ធផលក្នុងដី ឬក្រៅដី)។ សម្រាប់វគ្គជម្រុះបន្ត (Knock-Out Rounds) នឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ដោយក្រុមខ្លាំងជាងគេចំនួន ២ មកពីពូលនីមួយៗនឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី១ នៅថ្ងៃទី១៥-១៦ សីហា និងជើងទី២ នៅថ្ងៃទី១៨-១៩ សីហា)។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំងពីរជើង នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ ASEAN Hyundai Cup™ 2026 សូមចូលទៅកាន់គេហទំព័រ ASEAN United FC និងតាមដានគណនី @aseanutdfc នៅលើបណ្តាញសង្គម Instagram, Facebook, TikTok, YouTube និង X។


