នាថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្រោមការគាំទ្រថវិកាពី
មូលនិធិអភិវឌ្ឍន៍ជំនាញ បានរៀបចំវគ្គចាប់យកឌីជីថលស្ដីពី “ការពង្រឹងសមត្ថភាពប្រកួតប្រជែង” ក្រោម
ប្រធានបទ “ការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាសបោះដុំ” នៅទីស្នាក់ការកណ្ដាល នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។ វគ្គចាប់យកឌីជីថលនេះ មានការចូលរួមពីលោក, លោកស្រី ដែលជាតំណាងក្រុមហ៊ុន និង សហគ្រាសក្នុងវិស័យបោះដុំ និង លក់រាយ សរុបចំនួនប្រមាណ ៥០ នាក់។ វគ្គចាប់យកឌីជីថលនេះមានគោលបំណងធំៗ ចំនួន ៣ គឺ (១) ផ្ដល់នូវចំណេះដឹង និង តម្រង់ទិសដល់សហគ្រាសក្នុងការប្រើប្រាស់បញ្ញា-សិប្បនិម្មិត ឬ AI ក្នុងដំណើរការអាជីវកម្ម, (២) ផ្សព្វផ្សាយឱ្យសហគ្រាសយល់ដឹងកាន់តែច្បាស់ និង ទូលំទូលាយជាងមុន ពីអត្ថប្រយោជន៍នៃការចាប់យកឌីជីថល ក៏ដូចជាការប្រើប្រាស់បញ្ញាសិប្បនិម្មិត និង (៣) ផ្សព្វផ្សាយពីកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital) របស់រាជរដ្ឋាភិបាល ក៏ដូចជាការគាំទ្រ និង អត្ថប្រយោជន៍ផ្សេងៗ ជាពិសេសការទទួលបានជំនួយថវិកាគាំទ្រពីកម្មវិធី ក្នុងទម្រង់ជាបណ្ណជំនួយថវិកា។

វគ្គចាប់យកឌីជីថលនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ អ្នកស្រីបណ្ឌិត វង្ស រីលីដា នាយករងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយក-ប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។ វគ្គចាប់យកឌីជីថលនេះបានចាប់ផ្ដើមដោយសុន្ទរកថាស្វាគមន៍របស់ អ្នកស្រីបណ្ឌិត ដោយ អ្នកស្រីបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការចាប់យកឌីជីថល ក៏ដូចជាការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាស ទាំងក្នុងវិស័យបោះដុំ និង លក់រាយ នៅក្នុងបរិបទដែល
សេដ្ឋកិច្ចសកលកំពុងវិវត្តយ៉ាងឆាប់រហ័ស និង ពោរពេញដោយភាពមិនប្រាកដប្រជាខ្ពស់ ក្រោមឥទ្ធិពលនៃបញ្ហាប្រឈមនានា ដូចជា ការផ្លាស់ប្ដូររបបពាណិជ្ជកម្ម និង ភាពតានតឹងភូមិសាស្ត្រនយោបាយ ជាដើម។ បន្ថែមពីនេះ, វគ្គចាប់យកឌីជីថលនេះ ក៏មានការធ្វើបទបង្ហាញចំនួន ៤ ដោយវាគ្មិនកិត្តិយស ដែលរួមមាន៖ (១) ផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលរបស់សហគ្រាសក្នុងវិស័យលក់រាយ, (២) ការលើកកម្ពស់ផលិតភាព
ពិតប្រាកដនៃបញ្ញាសិប្បនិម្មិតសម្រាប់អាជីវកម្ម, (៣) បញ្ញាអាជីវកម្ម និង ហិរញ្ញវត្ថុ និង (៤) ជំនួយថវិកាគាំទ្រក្នុងការចាប់យកឌីជីថលសម្រាប់សហគ្រាស របស់កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស។ បន្ទាប់ពីបទបង្ហាញទាំង ៤ ត្រូវបានបញ្ចប់, វគ្គចាប់យកឌីជីថលនេះ ក៏បានរៀបចំនូវការអនុវត្តជាក់ស្ដែង ដោយបានផ្ដល់ឱកាសជូនដល់ម្ចាស់សហគ្រាស ក្នុងការប្រើប្រាស់ Gemini AI និង Claude AI សម្រាប់ជាជំនួយដល់ដំណើរការអាជីវកម្ម ព្រមទាំងមានកិច្ចពិភាក្សាអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាសក្នុងវិស័យបោះដុំ និង លក់រាយ នៅកម្ពុជា។

ជាលទ្ធផល, វគ្គចាប់យកឌីជីថលស្ដីពី “ការពង្រឹងសមត្ថភាពប្រកួតប្រជែង” ក្រោមប្រធានបទ “ការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាសបោះដុំ” បានប្រព្រឹត្តទៅយ៉ាងរហូន និង ទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ក្រោមស្មារតីសហការខ្ពស់ពីតំណាងក្រុមហ៊ុន និង សហគ្រាស ដែលនេះគឺជាសញ្ញាណវិជ្ជមានក្នុងការជំរុញការចាប់យកឌីជីថលនៅកម្ពុជា។ តាមរយៈវគ្គចាប់យកឌីជីថលនេះ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការចាប់យកឌីជីថល ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងអាចយកចំណេះដឹងទាំងនេះទៅអនុវត្តនៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីលើកកម្ពស់ផលិតភាព និង ភាពប្រកួតប្រជែងក្នុងទីផ្សារ៕









