បន្តិចទៀតកូនខ្មែរនឹងមានសមត្ថភាពអាចជួសជុលនិងអភិរក្សថ្មប្រសាទខ្មែរបានដោយខ្លួនឯង ខណៈបច្ចុប្បន្ននេះ គ្រូបង្រៀនអាល្លឺម៉ង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។
យោងតាមការចេញផ្សាយរបស់ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen មានប្រសាសន៍ក្នុងពេលដែលនាំសិក្ខាកាមចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានថា កញ្ញាកំពុងប្រឹងប្រែងបង្រៀនកូនខ្មែរឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។
កញ្ញា Helen Jacobsen មានប្រសាសន៍ទៀតថា ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា ការលាងសម្អាតថ្មដោយប្រើទឹក និងការលាងដោយប្រើសារជាតិគីមីជាដើម។ សិក្ខាកាមខ្មែរចំនួន២០រូប ដែលជ្រើសរើសចេញពីបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានានោះ កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើជំនាញអភិរក្សថ្មនេះ រយៈពេលជាង១ឆ្នាំមកហើយ។ ខណៈដែលវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណ ដែលមានរយៈពេលជាង២ឆ្នាំនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន GIZ អាល្លឺម៉ង់ជាមួយនិងនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ស្ថាប័ន GIZ អាល្លឺម៉ង់ ធ្លាប់បានសហការជាមួយអាជ្ញាធរជាតិអប្សរាបើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ប្រាសាទបុរាណនេះម្ដងមកហើយ ដោយសិក្ខាកាមជំនាន់ទី១នោះ បានក្លាយទៅជាក្រុមអ្នកជំនាញខ្មែរ និងកំពុងយកជំនាញទាំងនេះទៅអនុវត្តន៍ការងារនៅតាមប្រាសាទបុរាណនានាយ៉ាងត្រឹមត្រូវ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង


