ប្រយ័ត្នបាត់លុយពីកុង! Apple ព្រមានអ្នកប្រើ iPhone ចាស់ៗប្រញាប់ធ្វើរឿង ២ នេះភ្លាម ខណៈដែលមេរោគថ្មី កំពុងវាយប្រហារខ្លាំង
Pov SaruMARCH 22 2026525 views

ក្រុមអ្នកស្រាវជ្រាវសន្តិសុខមកពីក្រុមហ៊ុន Google, iVerify និង Lookout ថ្មីៗនេះបានរកឃើញបច្ចេកទេសលួចចូលប្រព័ន្ធថ្មីមួយដែលមានសមត្ថភាពខ្ពស់ជាមេរោគផ្សេងៗដែលធ្លាប់ជួបហៅថា DarkSword វាកំពុងកំណត់គោលដៅលើអ្នកប្រើប្រាស់ iPhone ប្រសិនបើអ្នកប្រើប្រាស់មិនមានការប្រុងប្រយ័ត្ន។

 

អ្វីដែលគួរឱ្យព្រួយបារម្ភខ្លាំងអ្នកស្រាវជ្រាវទាំងនេះបាននិយាយថា DarkSword នឹងដំណើរការដោយមិនចាំបាច់តម្រូវឱ្យម្ចាស់ទូរស័ព្ទចុចលើតំណភ្ជាប់ (Link) គួរឱ្យសង្ស័យ ឬទាញយកកម្មវិធី (App) ណាមួយមកដំឡើងនោះឡើយ។ ការវាយប្រហាររបស់វានឹងកើតឡើងភ្លាមៗ នៅពេលដែលអ្នកប្រើប្រាស់ចូលក្នុងគេហទំព័រណាមួយដែលរងការវាយប្រហាររួចហើយ។ ខណៈពេលដែលគេហទំព័រនោះកំពុងដំណើរការ វានឹងមិនមានផ្ទាំងសារព្រមាន ឬសញ្ញាខុសប្លែកណាមួយលោតឡើងលើអេក្រង់ឡើយ ប៉ុន្តែវាបានចាប់ផ្តើមជ្រាបចូលទៅក្នុងប្រព័ន្ធទូរស័ព្ទរបស់អ្នកដោយស្ងៀមស្ងាត់បំផុត។

 

នៅពេលដែល DarkSword ជ្រាបចូលទៅក្នុងម៉ាស៊ីនបានសម្រេច វាមានសមត្ថភាពអាចលួចយកទិន្នន័យសំខាន់ៗស្ទើរតែទាំងអស់ពីក្នុងទូរស័ព្ទដូចជា៖ លេខសម្ងាត់គណនីនានា រូបថតឯកជន សារឆ្លើយឆ្លងតាមរយៈកម្មវិធី iMessage, WhatsApp និង Telegram រួមទាំងប្រវត្តិនៃការចូលមើលគេហទំព័រ កំណត់ត្រាផ្ទាល់ខ្លួន និងព័ត៌មានអំពីកាបូបលុយឌីជីថលរបស់អ្នកផងដែរ។ 

 

អ្នកជំនាញបានប្រៀបធៀបបច្ចេកទេសនេះទៅនឹងសកម្មភាព "វាយកម្ទេចហើយប្លន់" ដោយសារតែវាមិនដំឡើងកម្មវិធីឱ្យយើងឃើញ និងមិនបន្សល់ទុកដានអ្វីឡើយ ប៉ុន្តែវាបានចូលទៅបញ្ជាប្រព័ន្ធរបស់ iPhone ដោយផ្ទាល់ដើម្បីទាញយកទិន្នន័យ ហើយអាចបាត់ដានទៅវិញក្រោយពេលដែលអ្នកបិទបើកទូរស័ព្ទឡើងវិញ។ ចំពោះអ្នកដែលងាយរងគ្រោះបំផុតគឺជាអ្នកប្រើប្រាស់ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការចាស់ ចន្លោះពី iOS 18.4 ដល់ 18.7 និង អ្នកដែលមិនដែលធ្វើបច្ចុប្បន្នភាពទូរស័ព្ទទៅកាន់ជំនាន់ចុងក្រោយសោះ។ 

 

វិធីការពារខ្លួនពី DarkSword៖

១. ធ្វើបច្ចុប្បន្នភាពជាបន្ទាន់៖ សម្រាប់អ្នកប្រើ iPhone ចូលទៅកាន់ Settings > General > Software Update ហើយដំឡើង iOS ចុងក្រោយបំផុត។
២៖ ប្រើប្រាស់ Lockdown Mode៖ ប្រសិនបើទូរស័ព្ទរបស់អ្នកចាស់ពេក មិនអាច Update បាន អ្នកគួរតែបើកមុខងារ Lockdown Mode ដើម្បីបង្កើនសុវត្ថិភាព អាចការពារពីការវាយរបស់ DarkSword៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia