មន្ទីរពេទ្យ ខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក (CAMBODIAN INTERNATIONAL HOSPITAL CO.,LTD) ដែលជាការបណ្ដាក់ទុនវិនិយោគរួមគ្នារបស់អ្នកជំនួញធំៗនៅប្រទេសកម្ពុជាតម្លៃសរុបប្រមាណ ៣០០ លានដុល្លារនឹងលេចរូបរាងឡើងនៅជិតនឹងផ្សារទំនើប អ៊ីអន៣ ភាគខាងត្បូងរាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន ខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក (CAMBODIAN INTERNATIONAL HOSPITAL CO., LTD.) ដែលមានសហស្ថាបនិក អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, ឧកញ៉ា ហៀង ប៊ុនប៉េង, អ្នកឧកញ៉ លី ហុង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ប៊ុន ហៃ, អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ា ថៃ ស៊ាង បានឯកភាពគ្នាចុះកិច្ចសន្យាលក់ទិញអចលនវត្ថុ ពីអ្នកឧកញ៉ា ឃុន សៀ ដែលបានចូលរួមសម្របសម្រួលសម្រាប់ គម្រោងខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក ក្នុងទំហំផ្ទៃដីជាង១៣ហិចតា ដែលមានទីតាំងនៅជិតផ្សារទំនើបអ៊ីអន៣ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ដ៏មានសក្កានុពល។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងគម្រោងមន្ទីរពេទ្យនេះ នឹងធ្វើឡើងតាមស្តង់ដារអន្តរជាតិ ដែលមានរួមបញ្ចូលនូវសណ្ឋាគារ និងអគារស្នាក់នៅ សម្រាប់បម្រើជូនដល់ប្រជាជនកម្ពុជា និងអន្តរជាតិ។

សូមជម្រាបថា គម្រោងមន្ទីរពេទ្យដ៏ទំនើប និងធំមួយនេះ បានលេចចេញរូបរាងឡើង ក្រោយពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលមានសហស្ថាបនិកចំនួន១០រូប មកពីក្រុមហ៊ុនធំៗឈានមុខគេនៅកម្ពុជា ក្នុងគោលបំណងដូចគ្នា ដើម្បីចូលរួមចំនែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ឱ្យកាន់តែទំនើប ព្រមទាំងផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងប្រទេសកម្ពុជា៕



