កីឡាករកម្ពស់ខ្ពស់ អេ អាំម៉ារីនភូថង ដែលជាកូនប្រុសរបស់ស្តេចប្រដាល់ អេ ភូថង បានកសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញគួរឲ្យកត់សម្គាល់លើវិស័យគុនខ្មែរ ខណៈវាយត្រឹម៣ប្រកួតប៉ុណ្ណោះល្បីពេញប្រទេសថៃ។
ភរិយារបស់លោក អេ ភូថង បានរៀបរាប់អំពីការប្រកួតកូនប្រុសទី៣ យ៉ាងដូច្នេះថា៖ «អាំម៉ារីន ទៅប្រកួតនៅស្រុកថៃ៣ដង ឈ្នះពីរដង ស្មើរមួយដង។ គ្រាន់តែ អាំម៉ារីន វាយឈ្នះពីរប្រកួតនៅរាំងស៊ីត នរណាក៏ស្គាល់គុនខ្មែរដែរ។ មិននឹកស្មានសោះ ពេលខ្ញុំដើរទៅផ្សារជាមួយកូន ជនជាតិថៃស្គាល់កូនខ្ញុំ ទៅណាក៏គេស្គាល់ដែរ។ ដល់ពេលអ៊ីចឹងខ្ញុំមានមោទកភាពណាស់ ជនជាតិថៃស្គាល់គ្រប់គ្នាសូម្បីតែយើងទៅទិញនំហូបនៅផ្សារ អ្នកលក់ឥវ៉ាន់ក៏ស្គាល់ សូម្បីតែតាក់ស៊ីក៏ស្គាល់ដែរ»។
ក្នុងនោះ អ្នកស្រីបានបង្ហាញចំណាប់អារម្មណ៍ពេលបញ្ជូនកូនប្រុសទៅប្រកួតនៅប្រទេសថៃថា ក្នុងចិត្តពុំបានខ្វល់ខ្វាយត្រូវវាយដើម្បីលុយទេ។ បើទោះបីជាលុយសំខាន់ក្តី ប៉ុន្តែអ្នកស្រីពុំបានគិតដល់រឿងលុយឡើយ គ្រាន់តែចង់ឃើញកូនឈ្នះ និងមានល្បីល្បាញនៅស្រុកថៃប៉ុណ្ណោះ។ អ្នកស្រីបានលើកឡើងថា៖ «កូនខ្ញុំពិតជាធ្វើបានមែន ធ្វើបានល្អណាស់»។
គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ នៅក្នុងមហាព្រឹត្តិការណ៍ GANZBERG KUN KHMER WORLD CUP កីឡាករប្រដាល់ អេ អាំម៉ារីនភូថង បានដណ្តើមជ័យជម្នះលើគូប្រកួតជាជនជាតិថៃឈ្មោះ ផុនស័ក្ត ដោយពិន្ទុ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)