កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថាមានការលើកឡើងដោយម្ចាស់យានយន្ត ឬអ្នក តំណាង ចំពោះការចេញលិខិតជូនដំណឹងស្តីពីការខកខានមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន(ពន្ធផ្លូវ) ដល់ លំនៅឋានម្ចាស់យានយន្ត ដូចជា ការជូនដំណឹងប៉ះចំលើដូចខាងក្រោមនេះ
១. កម្មសិទ្ធិករដើមដែលបានផ្ទេរឬលក់យានយន្តដោយពុំបាន បំពេញនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
២. អ្នកតំណាងដែលបានឈរ ឈ្មោះចុះបញ្ជីប្រកាសបង់ពន្ធជំនួសឱ្យម្ចាស់យានយន្តពិតប្រាកដ
៣.ម្ចាស់យានយន្តដែលមានយានយន្តខូចប្រើប្រាស់ លែងបានហើយត្រូវបានបំបែកជាគ្រឿងបន្លាស់ដោយមិនបានផ្តល់ព័ត៌មានមករដ្ឋបាលសារពើពន្ធ និង
៤.ម្ចាស់យានយន្ត ដែលមានការផ្លាស់ប្តូរឬកែប្រែទិន្នន័យយានយន្ត ដូចជា លេខតួ លេខម៉ាស៊ីន ផ្លាកលេខ។ល។ ដោយមិនបានមកធ្វើ បច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ ឬនៅមន្ទីរសាធារណការនិងដឹកជញ្ជូន។
ជាមួយគ្នានោះដែរ ដើម្បីចៀសវាងបញ្ហាប្រឈមខាងលើ អគ្គនាយកដ្ឋានពន្ធដារសូមស្នើដល់ម្ចាស់យានយន្ត ឬអ្នកតំណាង ទាំងអស់ចូលរួមសហការរាល់ករណី ដូចជា
១. ការផ្ទេរកម្មសិទ្ធិយានយន្ត(ទិញ-លក់)ពីបុគ្គលមួយទៅបុគ្គលមួយទៀត កន្លងមកក៏ដូចជាតទៅមុខទៀត ត្រូវបំពេញនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តនៅតាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងបំពេញកាតព្វកិច្ចសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដារខេត្ត
២. ការចុះបញ្ជីប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនលើកដំបូងកន្លងមក ដែលមានអ្នកតំណាងឈរឈ្មោះជំនួស ត្រូវមកស្នើសុំធ្វើបច្ចុប្បន្នភាពទៅ ឈ្មោះម្ចាស់យានយន្តពិតប្រាកដនៅរដ្ឋបាលសារពើពន្ធ ឬនៅមន្ទីរសាធារណការនិងដឹកជញ្ជូន
៣.យានយន្តខូចប្រើ ប្រាស់លែងបានហើយត្រូវបានបំបែកជាគ្រឿងបន្លាស់ ត្រូវផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរមករដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ពីស្ថាប័នសាធារណការនិងដឹកជញ្ជូន ដើម្បីអគ្គនាយកដ្ឋានពន្ធដារលុបទិន្នន័យ ចេញពីប្រព័ន្ធគ្រប់គ្រងពន្ធលើមធ្យោបាយដឹកជញ្ជូន
៤.យានយន្តដែលមានការផ្លាស់ប្តូរ ឬកែប្រែទិន្នន័យ ដូចជា លេខតួ លេខម៉ាស៊ីន ផ្លាកលេខ។ល។ ត្រូវមកស្នើសុំធ្វើបច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ។
ក្នុងករណីដែលមានបញ្ហាដូចខាងលើ ម្ចាស់យានយន្ត ឬអ្នកតំណាងដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធគ្រប់គ្រងពន្ធ លើមធ្យោបាយដឹកជញ្ជូនកន្លងមកមិនបានចូលរួមសហការជាមួយរដ្ឋបាលសារពើពន្ធ ត្រូវទទួលបន្ទុកបំពេញកាតព្វកិច្ចបង់ ពន្ធ និងពន្ធបន្ថែមអំពីពន្ធលើមធ្យោបាយដឹកជញ្ជូន តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានពន្ធដារ មានអាសយដ្ឋាន អគារលេខ ៣៣៣ វិថីពន្ធដារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call Center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ឬសេវា GDT Live Chat ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕



