សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធី TEDxAmerican Intercon School លើកទី៣ ក្រោមមូលបទ «ពង្រីកទស្សនៈ៖ ភាពច្នៃប្រឌិត គំនិតថ្មី និងពិភពលោកដែលកំពុងផ្លាស់ប្តូរ» ដោយ
ផ្តល់ឱកាសដល់យុវជនឆ្នើមវ័យក្មេងចំនួន១០រូប ដែលត្រូវបានជ្រើសរើសចេញពីបេក្ខជនជាង១៥០នាក់ ឱ្យឡើងបង្ហាញសមត្ថភាព ចែករំលែកគំនិតច្នៃប្រឌិត និងទស្សនៈរបស់ខ្លួនចំពោះបញ្ហា និងការផ្លាស់ប្តូរនានាក្នុងសង្គម។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមអធិបតីភាពលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំងគណៈកម្មការ លោកគ្រូ អ្នកគ្រូ វាគ្មិនកិត្តិយស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើនកុះករ។
ថ្លែងក្នុងកម្មវិធីនេះ លោកស្រី រស់ យ៉ាណា បានមានប្រសាសន៍ថា កម្មវិធី TEDxAmerican Intercon School លើកទី៣ ជាវេទិកាដ៏សំខាន់មួយសម្រាប់យុវជនវ័យក្មេងក្នុងការបង្ហាញសមត្ថភាព ភាពក្លាហាន និងគំនិតច្នៃប្រឌិត ព្រមទាំងចែករំលែកទស្សនៈ និងចក្ខុវិស័យរបស់ខ្លួនចំពោះពិភពលោកដែលកំពុងផ្លាស់ប្តូរ។ លោកស្រីបានបញ្ជាក់ថា វាគ្មិនឆ្នើមវ័យក្មេងទាំង១០រូប ត្រូវបានគណៈកម្មការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ចេញពីបេក្ខជនជាង១៥០នាក់។ ការចូលរួមរបស់ពួកគេមិនត្រឹមតែជាការបង្ហាញគំនិត និងបទពិសោធផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសឱ្យអ្នកចូលរួមបានស្តាប់ និងឈ្វេងយល់ពីទស្សនៈថ្មីៗរបស់យុវជនមកពីសាលារៀនផ្សេងៗផងដែរ។
លោកស្រីបានបន្ថែមថា វិស័យអប់រំមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យយុវជនមានភាពក្លាហាន ចេះគិតពិចារណា និងមានសមត្ថភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងសង្គម។ លោកស្រីបានលើកឡើងថា យុវជនត្រូវបន្តសិក្សាស្រាវជ្រាវ ពង្រីកចំណេះដឹង និងចែករំលែកបទពិសោធ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សេងៗ ទាំងក្នុង
វិស័យអប់រំ បច្ចេកវិទ្យា បញ្ហាសង្គម និងជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងឱកាសដែលបច្ចេកវិទ្យាផ្តល់ជូន យុវជន ក៏ត្រូវចេះ ប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងត្រៀមខ្លួនទប់ទល់នឹងបញ្ហាប្រឈមក្នុងសម័យឌីជីថលផងដែរ។ លោកស្រីបានបន្តថា ការរៀនសូត្រជាបន្តបន្ទាប់ ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍជំនាញថ្មីៗ គឺជាកត្តាសំខាន់ដែល ជួយឱ្យយុវជនត្រៀមខ្លួនសម្រាប់អនាគត និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
វាគ្មិនទាំង១០រូប ក្នុងកម្មវិធី TEDxAmerican Intercon School លើកទី៣ នឹងលើកយកប្រធានបទចម្រុះទាក់ទងនឹងការសង្កេតមើលជីវិត បញ្ញាសិប្បនិម្មិត (AI) សុខុមាលភាពផ្លូវចិត្ត ឱកាសសម្រាប់
យុវជន ព័ត៌មានមិនពិត ការបរាជ័យ ការស្រាវជ្រាវ និងការវាស់វែងភាពជោគជ័យ។ វាគ្មិនទាំង១០រូប និងប្រធានបទរបស់ពួកគេមានដូចខាងក្រោម៖
១. សុខា អ៊ីង មកពី AIS៖ «The Art of Noticing: What If We Stop Looking for More and Start Noticing More?»
២. ការ ចន្ទរិទ្ធី៖ «What If Cambodia’s Biggest AI Advantage Is Its Young People?»
៣. សារឿន សុធីដានីកា មកពី Aii៖ «Are Young People Actually Okay, or Are They Just Good at Hiding It?»
៤. ឈិញ ភាណុមា មកពី AIS៖ «Can Cambodia Create Opportunities People Don’t Need to Leave For?»
៥. នាង អេលីវិជិតា មកពី Aii៖ «What If Success Is the Wrong Question?»
៦. វឌ្ឍនៈ ឆេនពេជ្រ មកពី AIS Alumni៖ «Why Does Misinformation Feel More True Than the Truth?»
៧. ហ៊ាន សុដាលីកា មកពី Aii៖ «What If Failure Is a Point of Data?»
៨. វឌ្ឍនៈ ភិគុណកែវ មកពី AIS Alumni៖ «What Can Research Teach Us Beyond the Answer?»
៩. ហេង គឹមសុធានី មកពីសាលារៀន សុវណ្ណភូមិ ៖ «Are We Measuring the Wrong Things?»
១០. រី វីនស្សិន វិស្សុត មកពី East-West International School៖ «What Happens When AI Does the Homework?»
លោកស្រី រស់ យ៉ាណា បានបញ្ជាក់បន្ថែមថា TEDx ជាវេទិកាមួយដែលជំរុញការចែករំលែកគំនិតទស្សនៈ និងភាពច្នៃប្រឌិត ដើម្បីពង្រីកការយល់ដឹង និងផ្សព្វផ្សាយចំណេះដឹងទៅកាន់យុវជនឱ្យបានទូលំទូលាយ។ ក្នុងនាមសាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រីបានបង្ហាញពី ការប្តេជ្ញាចិត្តក្នុងការបន្តរៀបចំកម្មវិធីនេះនាឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើតឱកាសឱ្យយុវជនបានបង្ហាញសមត្ថភាព និងចែករំលែកគំនិតដែលអាចជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម៕


