រាជធានីភ្នំពេញ៖ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាចំណេះទូទៅឯកជនឈានមុខគេមួយនៅកម្ពុជា បានអបអរសាទរគម្រប់ខួប ២០ឆ្នាំ របស់ខ្លួន ដោយបានរៀបចំកម្មវិធី« រាំលំហាត់ប្រាណដើម្បីសុខភាព Zumbathon 2025 » នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង៧:០០នាទី ដល់១០:០០នាទីព្រឹក នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានទាក់ទាញអ្នកចូលរួមជាង ១,១០០ នាក់ រួមមានសិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស អតីតសិស្ស បុគ្គលិក និងមហាជនចូលរួមជាផ្នែកមួយនៃការរាំធ្វើលំហាត់ប្រាណសប្បាយតាមចង្វាក់ភ្លេង និងគ្រូបង្វឹក ដើម្បីសុខភាព ចែករំលែកភាពរីករាយ និងរឹតចំណងទំនាក់ទំនងជាភាតរភាព។
AIS មិនត្រឹមតែជាសាលាឯកជនបណ្តុះបណ្តាលចំណេះទូទៅប៉ុណ្ណោះទេ តែសាលានេះតែងតែផ្តល់អាទិភាពដល់ការអភិវឌ្ឍជំនាញផ្សេងៗបន្ថែមលើការសិក្សាក្នុងថ្នាក់ដល់សិស្សានុសិស្ស ដូចជា ការចូលរួមសកម្មភាពសប្បុរសធម៌ កម្មវិធីអប់រំសុខភាព និងព្រឹត្តិការណ៍សហគមន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សកាន់តែទទួលបាននូវការអប់រំប្រកបដោយប្រសិទ្ធភាព នឹងក្លាយជាអ្នកដឹកនាំដែលមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌ ដើម្បីជាសសរទ្រូងរបស់គ្រួសារ និងប្រទេសជាតិនាពេលអនាគត។ ។
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា «ការរាំលំហាត់ប្រាណដើម្បីសុខភាព Zumbathon 2025 មិនត្រឹមតែជាការរាំសប្បាយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញអំពីទស្សនវិស័យរបស់សាលា ដែលផ្តល់ការអប់រំមិនត្រឹមតែជាចំណេះដឹង ប៉ុន្តែជាការបង្កើតតុល្យភាព រវាងសុខុមាលភាព និងស្មារតីសហគមន៍។ នៅក្នុងឱកាសគម្រប់ខួប២០ឆ្នាំនេះ ព្រឹត្តិការណ៍នេះបង្ហាញថា នៅពេលដែលយើងធ្វើចលនារួមគ្នា យើងកាន់តែរឹងមាំជាមួយគ្នា»។
ព្រឹត្តិការណ៍ដែលពោរពេញដោយការធ្វើចលនាលំហាត់ប្រាណតាមចង្វាក់ភ្លេង និងការរាំផ្សំជាមួយសកម្មភាពកីឡា បានធ្វើឱ្យអ្នកចូលរួមទទួលបានបទពិសោធ មិនអាចបំភ្លេចបាន ដោយកម្មវិធីនេះក៏មានការចូលរួមពី អ្នកជំនាញរាំ Svetlana Epifanova ដែលជាម្ចាស់នៃក្លឹបបង្វឹកហាត់រាំ Dance Factory Phnom Penh និងក្រុមក្លឹបហាត់ប្រាណ Dancefit ជាមួយក្រុមគ្រូបង្វឹក AIS ក្នុងការ បង្ហាញក្បាច់រាំ ដើម្បីសុខភាព ទៅកាន់ភ្ញៀវដែលបានចូលរួមផងដែរ។ កម្មវិធីនេះកាន់តែពិសេសថែមទៀតនោះ គឺមាន ការរាំ ចង្វាក់ម៉ាឌីសុន (Madison) និងបទភ្លេងទំនើបផ្តល់អារម្មណ៍សប្បាយរីករាយ និងការផ្តល់រង្វាន់ Power Movers និង Master Movers Awards ដល់អ្នកចូលរួមរាំឆ្នើមថែមទៀតផង។
ជាមួយអ្នកចូលរួមចុះឈ្មោះជាផ្លូវការជាង ១,១០០ នាក់ កម្មវិធី រាំលំហាត់ប្រាណដើម្បីសុខភាព Zumbathon 2025 បានពង្រឹងកេរ្តិ៍ឈ្មោះរបស់ AIS ក្នុងនាមជាសាលាដែលប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍមិនត្រឹមតែឱ្យសិស្សានុសិស្សរឹងមាំ ទេ ថែមទាំងសហគមន៍រឹងមាំ ដែលផ្តល់តម្លៃដល់សុខុមាលភាព សាមគ្គីភាព និងការរៀនសូត្រពេញមួយជីវិត។
សម្លឹងឆ្ពោះទៅមុខ ២០ឆ្នាំទៀត AIS បន្តប្តេជ្ញាជំរុញបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលសិស្សឲ្យមានចំណេះដឹង សុខុមាលភាព គុណធម៌ សីលធម៌ និងមនុស្សធម៌ ដើម្បីក្លាយជាអ្នកដឹកនាំជំនាន់ថ្មី។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការសហការឧបត្ថម្ភដោយ៖
- Dancefit Fitness Club - ក្លឹបហាត់ប្រាណ Dancefit
- Dance Factory Phnom Penh - ក្លឹបបង្វឹកហាត់រាំ Dance Factory Phnom
- Orienda International Hospital - មន្ទីរពេទ្យអន្តរជាតិ អរៀនដា
- SKOR Cambodia
- Sun & Moon Riverside Hotel
- Gloria Jean’s Coffees
- Ice Dome
- Maxicorn
- Namva Healthy Powder
- Hydro6 Water
អំពីសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS):
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅឯកជន ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាពីថ្នាក់ក្រោមមត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២ តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់ លើគុណភាព វិន័យ និងសេវាកម្ម ចាប់តាំងពីការបង្កើតដំបូងក្នុងឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល២០ឆ្នាំមកហើយ ដែលមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន។
សម្គាល់សិទ្ធិពាណិជ្ជសញ្ញា:
Zumba® និង Zumbathon® ជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ Zumba Fitness, LLC។ ព្រឹត្តិការណ៍នេះរៀបចំដោយសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយឯករាជ្យ មិនទាក់ទង ឬទទួលការឧបត្ថម្ភពី Zumba Fitness, LLC ទេ៕