កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ ដឹកអ្នកដំណើរប្រភេទ 737 MAX សរុបចំនួន២០គ្រឿង ពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក ដើម្បីបង្កើតយន្ដហោះដឹកអ្នកដំណើរបន្ថែម និងជាពិសេសការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ ខណៈការចុះកិច្ចព្រមព្រៀងទិញយន្ដហោះថ្មីនេះ ត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ Singapore Airshow ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ។

នេះគឺជាកិច្ចព្រមព្រៀងធំបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្នុងការទិញយន្តហោះខ្នាត single-aisle និងជាលើកដំបូងក្នុងការទិញយន្តហោះពីក្រុមហ៊ុន Boeing។ យន្តហោះ 737-8 ឬហៅថា 737 MAX 8 នេះ អាចផ្ទុកអ្នកដំណើរសរុបបានដល់ ១៧៨នាក់ និងហោះបានចម្ងាយ៦៤៨០គីឡូម៉ែត្រ (ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ហោះហើរផ្លូវឆ្ងាយឆ្លងទ្វីបបាន)។ ជាពិសេស 737 MAX 8 ជាយន្តហោះទំនើបបំផុត ដែលផ្ដល់ទាំងផាសុកភាព និងឈានមុខគេផ្នែកសន្សំសំចៃប្រេង។

លោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានបញ្ជាក់ថា៖ «យន្តហោះប្រភេទ 737 MAX 8 គឺជាការបោះជំហានថ្មីមួយបន្ថែមទៀតរបស់យើង ដែលវាមានសមត្ថភាពខ្ពស់ ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មី សមត្ថភាពដឹកជញ្ជូនកាន់តែប្រសើរ និងចម្ងាយហោះហើរកាន់តែឆ្ងាយ ដែលជួយឲ្យយើងបម្រើអតិថិជនបានកាន់តែល្អប្រសើរ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាត់ទុកការវិនិយោគនេះជាជំហានថ្មីមួយដើម្បីកែលម្អ និងពង្រីកវិសាលភាពរបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ស្របពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតភ្ជាប់ជើងហោះហើរនៅទូទាំងតំបន់អាស៊ី។ កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នាពេលនេះជាការវិវត្តដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
សូមជម្រាបផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនឈានមុខគេក្នុងការដឹងជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ខណៈបច្ចុប្បន្នក្រុមហ៊ុនបានតភ្ជាប់ជើងហោះហើរជាច្រើនកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេស។ ដូច្នេះដើម្បីដឹងពីកាលវិភាគជើងហោះហើរ និងតម្លៃសំបុត្រ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន www.cambodiaangkorair.com ឬប្រើប្រាស់កម្មវិធី (App) កក់សំបុត្រយន្តហោះផ្សេងៗ ឬទាក់ទងទៅកាន់លេខ 023 666 6789៕




