ធ្លាប់ជាសិស្សបាតតារាង លោក សុខ គឹមភ័ស្ថ ប្រែផ្លាស់វាសនាក្លាយជានាយកសាលាដ៏ល្បីមួយនៅភ្នំពេញ
Kan DaraMARCH 22 20266 views

«ផ្កាឈូកស្រស់ស្អាតដុះចេញពីភក់ជ្រាំ បុគ្គលរឹងមាំតែងមានស្នាមកាំបិតនៃក្តីទុក្ខលំបាក»។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ មនុស្សគ្រប់រូបត្រូវហែលឆ្លងឧបសគ្គ និងបែបផែនផ្សេងៗគ្នាដោយផ្អែកទៅលើស្ថានភាពជាក់ស្តែង។​ ចុះប្រសិនបើយើងក្រីក្រលំបាកក្សត់ទ្រព្យធន អន់ទាំងកិត្តិយស ញាតិមិនឲ្យតម្លៃ គេមើលមកមិនស្មើធូលីដី តើធ្វើយ៉ាងណាទើបអាចរំដោះខ្លួនចេញពីភាពយ៉ាប់យឺននេះបាន។

 

១១

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia  លោក សុខ គឹមភ័ស្ថ ស្ថាបនិកនិងជាអគ្គនាយក សាលាអន្តរជាតិ ជានចុងអ៊ីង (Jain Zhong Ying International Academy) បានលាតត្រដាងជីវិតដែលធ្លាប់ជាសិស្សបាតតារាងរៀនមិនពូកែ តែអាចវិវត្តខ្លួនដូចនាពេលបច្ចុប្បន្ន ត្បិតខំផ្តោតលើរឿងនិងអនុវត្តជាដំណាក់កាល លើរឿងទាំង៣ខាងក្រោមនេះ៖

11

/. ច្នៃការមើលងាយជាឱសថប៉ូវកម្លាំង

ធា្លប់ជាមនុស្សម្នាក់មិនសូវឲ្យតម្លៃលើការសិក្សា ព្រោះតែភ្លើងឆាបឆេះក្នុងឱរ៉ានៃតណ្ហាភាពជាយុវវ័យបានប្រល័យចំណង់លើការរៀនសូត្រ រហូតបណ្តោយខ្លួនឲ្យធ្លាប់ទៅក្នុងភពខ្មៅងងឹត មើលពុំយល់អ្វីខុសអ្វីត្រូវ សឬខ្មៅ អ្វីគួរធ្វើអ្វីមិនគួរធ្វើ។ ជាលទ្ធផលការសិក្សាធ្លាក់ចុះដល់ចំណុចសូន្យបូកផ្សំជីវភាពលំបាកលំបិន ពាក្យសម្តីបង្កប់ទៅដោយអត្ថន័យសើចចំអកឡកលើយ បញ្ឆិតបញ្ឆៀងបង្វៀងឲ្យឈឺចាប់ក៏បានលេចឡើងនៅជុំវិញត្រចៀកព្រឹកថ្ងៃល្ងាចយប់មិនឈប់មិនឈរស្ទើរទ្រាំមិនបាន។ ស្ថិតក្នុងស្ថានភាពបែបនេះ លោក សុខ គឹមភ័ស្ថ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំយកការឈឺចាប់ ការប្រមាថមើលងាយទាំងអស់នោះ មកធ្វើជាកម្លាំងភ្លើងដុតកម្តៅចិត្ត គិតសារជាថ្មី ប្រឹងប្រែង ឈប់បណ្តែតបណ្តោយខ្លួនដូចមុនទៀត»

២/. ទទួលយកកំហុស បណ្តុះគ្រាប់ពូជថ្មី

ក្រោយពីដឹងកំហុសធ្លាប់ធ្វើខុសពីអតីតកាល យកមកគិតពិចារណាសារជាថ្មី គួបផ្សំជាមួយពាក្យសម្តីញាតិមិត្តប្រុសស្រីស្តីថាមើលងាយមុខក្រោយ លោកក៏ចាប់ផ្តើមកែប្រែខ្លួនឡើងវិញ។ ព្យាយាមផ្តាច់ខ្លួនពីអំពើប្រព្រឹត្តិមិនសមរម្យកន្លងមកបន្តិចម្តងៗ។ លោក សុខ គឹមភ័ស្ថ បានថ្លែងទាំសំឡេងមុតញញឹមស្មើថា៖ «ទម្រាំតែអាចផ្តាច់ខ្លួនបានខ្ញុំត្រូវចាយពេលអស់ជាង ៣ខែឯណោះ»។ ពន្លឺនៃទំព័រជីវិតថ្មីក៏ចាប់ផ្តើមបើក លោកបានផ្តោតទៅលើការសិក្សាច្រើនជាងមុន​ ខិតខំរៀនសូត្រយ៉ាងខ្លាំង បើទោះបីជាលទ្ធផលនៃការសិក្សានៅមិនទាន់មានភាពល្អប្រសើរនៅឡើយក្តី ក៏លោកនៅតែព្យាយាមមិនហ៊ានប្រលែងដៃឡើយ។

/. បង្កើតហិច្ឆតា លាត់ដៃអាវឆ្កាព្រៃបន្លាចេញ

ពេលវេលាចេះតែរសាត់បាត់ទៅ បន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនមិនអាចបំភ្លេចបាន ជាមួយនិងបទពិសោធន៍ចម្រុះរសជាតិ។ ក្រោយពីឆ្លងកាត់រឿងរ៉ាវជាច្រើន ទាំងការសិក្សា និងការងារធ្លាប់ធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុនមួយចំនួន និងជាគ្រូបង្រៀនផង រួមទាំងជីវិតគ្រួសារ លោកក៏បានចាប់ផ្តើមសម្រេចចិត្តចេញបើកសាលារៀនដែលជាក្តីសុបិនរបស់ខ្លួន។ ការចាប់ផ្តើមនេះមិនងាយស្រួលប៉ុន្មានទេ លោក សុខ គឹមភ័ស្ថ បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវជួបជាមួយបញ្ហាជាច្រើនទាំងបរិយាកាសខាងក្នុងនិងខាងក្រៅ ប៉ុន្តែនៅទីបំផុតខ្ញុំនៅតែអាចជំនះវាបាន និងប្រឹងបន្តដំណើរទៅមុខរហូតដល់សព្វថ្ងៃនេះ»

2

គួរជម្រាបផងដែថា ចំពោះមូលហេតុស្នូលដែលលោកចង់កសាងសាលានេះឡើងគឺដើម្បីចូលរួមចំណែកក្នុងការបណ្តុះធនធានមនុស្សឲ្យឈរលើស្មារតី​អបរំ មានចំណេះជំនាញនិងក្រមសីលធម៌ប្រកបដោយវិជ្ជាជីវច្បាស់លាស់និងត្រឹមត្រូវ។ មួយផ្នែកទៀតដែលជាកម្លាំងជំរុញឲ្យលោកប្រសូត្រសាលានេះឡើង ព្រោះដោយក្តីឈឺចាប់ពីកំហុសឆ្លងក្នុងគ្រាអតីតកាល លោកចង់ឲ្យក្មេងៗជំនាន់ក្រោយទទួលបានការអប់រំល្អទាំងផ្នែកស្មារតី ក្រមសីលធម៌ ព្រមជាមួយចំណេះដឹងទូទៅផងដែរ។

3

ក្នុងនោះក្រៅពីបណ្តុះធនធានមនុស្សឈរលើវិស័យអប់រំ លោក សុខ គឹមភ័ស្ថ អគ្គនាយក សាលាអន្តរជាតិ ជានចុងអ៊ីង (Jain Zhong Ying International Academy) ក៏បានចូលរួមចំណែកជួយដល់សង្គមផងដែរតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ព្រះសង្ឃ ជនពិការ និងករណីពិសេសផ្សេងទៀត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

 

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia