នៅក្នុងសម័យដែលបច្ចេកវិទ្យាកាន់តែទំនើប មនុស្សជាច្រើនភ័យខ្លាចថា AI នឹងមកជំនួសការងាររបស់ពួកគេ ហើយងាយប្រឈមនឹងភាពអត់ការងារធ្វើ។ ប៉ុន្តែក្នុងពេលតែមួយនេះ AI ក៏កំពុងបង្កើតឱកាសថ្មីៗសម្រាប់អ្នកផងដែរ ប្រសិនបើអ្នកចេះប្រើវាឱ្យបានត្រឹមត្រូវ។ ជំនួសឱ្យការភ័យខ្លាចថា AI នឹងមកដណ្ដើមការងាររបស់អ្នក អ្នកក៏អាចប្រើ AI ធ្វើជាឧបករណ៍ឱ្យជួយរកប្រាក់ចំណូលបន្ថែមសម្រាប់អ្នកបានដែរ។ ហើយនេះគឺជាវិធី ៣ ដែលអ្នកអាចប្រើ AI ដើម្បីរកចំណូលបន្ថែមបាន៖
១. ប្រើ AI ជាជំនួយការសម្រាប់ការសរសេរមាតិកា៖ បច្ចុប្បន្ន មានអាជីវកម្ម និង Page ជាច្រើនត្រូវការអ្នកសរសេរអត្ថបទ សរសេរ Caption សម្រាប់ Facebook TikTok ឬ Website។ AI អាចជួយអ្នករៀបចំគំនិត បង្កើតសេចក្តីព្រាងអត្ថបទ និងជួយកែសម្រួលភាសាខ្លះឱ្យរលូន។ អ្នកអាចប្រើ AI ដើម្បីសរសេរ Blog អំពីហិរញ្ញវត្ថុ បច្ចេកវិទ្យា សុខភាព ឬជីវិតប្រចាំថ្ងៃ ហើយលក់សេវាកម្មសរសេរមាតិកាទៅឱ្យអាជីវកម្មតូចៗ ឬធ្វើ Freelance តាមអ៊ីនធឺណិត។ មនុស្សជាច្រើនកំពុងរកបានប្រាក់ចំណូលពីការសរសេរអត្ថបទដោយមាន AI ជាអ្នកជួយគាំទ្រពីក្រោយ។
២. ប្រើ AI ដើម្បីបង្កើតវីដេអូ និងរូបភាពសម្រាប់បណ្ដាញសង្គម៖ នៅសម័យ TikTok និងវីដេអូ Reels មាតិកាវីដេអូក្លាយជារបស់ដែលមានតម្លៃខ្ពស់។ បច្ចុប្បន្ន AI អាចជួយបង្កើត Script វីដេអូ បង្កើតសំឡេងនិងបង្កើតរូបភាព ឬ Animation ដោយអ្នកមិនចាំបាច់មានជំនាញកាត់តវីដេអូខ្លាំងនោះទេ។ អ្នកអាចបង្កើត Page TikTok ឬ YouTube Shorts ដើម្បីចែករំលែកចំណេះដឹង អំពីអ្វីដែលអ្នកចេះ អ្នកស្រលាញ់ ឬជាជំនាញរបស់អ្នក ទាំងអស់នេះសុទ្ធតែអាចជួយអ្នកឱ្យរកប្រាក់បានតាមរយៈការផ្សាយពាណិជ្ជកម្ម ការលក់ផលិតផល ឬការទទួល Sponsor ជាដើម។ សម្រាប់អាជីវកម្ម អ្នកក៏អាចលក់សេវាកម្មធ្វើវីដេអូ Promo ដោយប្រើ AI ដែលចំណាយពេលតិច ប៉ុន្តែទទួលបានប្រាក់ចំណេញល្អ។
៣. ប្រើ AI ជាជំនួយការផ្នែកអាជីវកម្ម និងសេវាកម្មអនឡាញ៖ AI អាចជួយឆ្លើយសំណួរអតិថិជន បង្កើត Chatbot សម្រាប់ Page Facebook ឬ Website និងជួយរៀបចំផែនការលក់ និងទីផ្សារ។ អ្នកអាចផ្តល់សេវាកម្មដំឡើង និងគ្រប់គ្រង Chatbot ឱ្យអាជីវកម្មតូចៗ ដែលមិនមានបុគ្គលិក IT ផ្ទាល់ខ្លួន។ លើសពីនេះ AI ក៏អាចជួយវិភាគទិន្នន័យអតិថិជន ដើម្បីឱ្យអាជីវកម្មដឹងថា ត្រូវលក់អ្វី ត្រូវធ្វើយ៉ាងណា និងនៅពេលណា។ នេះជាឱកាសថ្មីសម្រាប់អ្នកដែលចង់ចូលក្នុងវិស័យ Digital Business ដោយមិនចាំបាច់មានដើមទុនធំ។
គួរបញ្ជាក់ថា AI មិនមែនជាសត្រូវរបស់មនុស្សទេ ប៉ុន្តែវាជាឧបករណ៍មួយដែលអាចជួយបង្កើនសមត្ថភាពរបស់យើង។ អ្នកដែលចេះប្រើ AI នឹងមានឱកាសរកប្រាក់បានច្រើនជាងអ្នកដែលមិនចេះប្រើវា។ នៅសម័យនេះ ត្រូវតែរៀនប្រើ AI ព្រោះវាជាជំនាញចាំបាច់សម្រាប់អនាគត។ ប្រសិនបើអ្នកចាប់ផ្តើមពីថ្ងៃនេះ អ្នកអាចបម្លែង AI ពីបច្ចេកវិទ្យាថ្មីមួយ ទៅជាឧបករណ៍រកចំណូលសម្រាប់ជីវិតរបស់អ្នកបាន៕


