ភាពជឿនលឿននៃបច្ចេកវិទ្យា Artificial Intelligence (AI) ដូចជា ChatGPT ឬ Gemini បានពុងធ្វើឲ្យបុគ្គលិក និងអ្នកធ្វើការ ការិយាល័យជាច្រើន កើតកង្វល់ថាតើ AI នឹងមកដណ្ដើមការងាររបស់ខ្លួនឬអត់? ការពិតជាក់ស្តែង AI អាចសរសេរ កូដ ឌីហ្សាញ និងវិភាគទិន្នន័យបានលឿនជាងមនុស្សរាប់រយដង។ប៉ុន្តែទោះវាឆ្លាតប៉ុនណា វាគ្រាន់តែជាឧបករណ៍មួយដែលគ្មានបេះដូង និងគ្មានជីវិតឡើយ។ ខាងក្រោមនេះជា ជំនាញ ៤ យ៉ាង ដែល AI មិនអាចដណ្តើមបានពីបុគ្គលិក ហើយជាអ្វីដែលទីផ្សារការងារ នាពេលអនាគតត្រូវការបំផុត៖
១.ឆ្លាតវៃខាងផ្លូវអារម្មណ៍ និងការយល់ចិត្ត៖ AI អាចវិភាគទិន្នន័យអារម្មណ៍បាន តែវាមិនអាច ទទួលដឹង និងយល់ចិត្តមនុស្សពិតប្រាកដឡើយ។ ហេតុអ្វី AI ធ្វើមិនបាន? ការដោះស្រាយទំនាស់ក្នុងក្រុម ការលួងលោម និងយល់ចិត្តអតិថិជនពេលមានវិបត្តិ ឬការកសាងទំនុកចិត្តរវាងមនុស្ស និងមនុស្ស ត្រូវការការយល់ចិត្ត និងសីលធម៌ពិតប្រាកដ។ ដូច្នេះ បើអ្នកមាន ជំនាញដឹកនាំ ការគ្រប់គ្រងទំនាក់ទំនង និងសេវាកម្មអតិថិជនបែបស៊ីជម្រៅ អ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។
២.ការគិតបែបស៊ីជម្រៅ និងការពិចារណាលើសីលធម៌៖ AI បង្កើតចម្លើយដោយផ្អែកលើទិន្នន័យចាស់ៗ ប៉ុន្តែវាមិនមាន សតិសម្បជញ្ញៈក្នុងការចាត់ថ្នាក់ថា អ្វីខុស អ្វីត្រូវ ឬអ្វីជាផលប៉ះពាល់ដល់សង្គមឡើយ។ ហេតុអ្វី AI ធ្វើមិនបាន? នៅពេលជួបប្រទះស្ថានភាពស្មុគស្មាញ ឬវិបត្តិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ជាមនុស្សត្រូវប្រើប្រាស់បទពិសោធន៍ គុណធម៌ និងការគិតពិចារណាជុំទិស ដើម្បីសម្រេចចិត្ត។ ដូចនេះ បើអ្នកមានជំនាញក្នុងការរៀបចំយុទ្ធសាស្ត្រអាជីវកម្មវែងឆ្ងាយ ការសម្រេចចិត្តខាងផ្នែកច្បាប់ និងការកំណត់បទដ្ឋានសីលធម៌ក្នុងក្រុមហ៊ុន គឺជាអ្វីដែលមនុស្សត្រូវក្តាប់ឲ្យជាប់។
៣.ការច្នៃប្រឌិតបែបដើម និងការបង្កើតអ្វីដែលថ្មីសន្លាង៖ AI មិនបានបង្កើតអ្វីដែល ថ្មីសន្លាងដោយខ្លួនឯងឡើយ។ វាគ្រាន់តែយកទិន្នន័យដែលមានស្រាប់មកតម្រៀប ឬចម្លងហើយច្នៃថ្មីតែប៉ុណ្ណោះ។ ហេតុអ្វី AI ធ្វើមិនបាន? ការច្នៃប្រឌិតពិតប្រាកដរបស់មនុស្ស កើតចេញពីបទពិសោធន៍ជីវិត អារម្មណ៍ឈឺចាប់ ក្តីស្រមៃ និងសភាវគតិ ដែលបង្កើតជាស្នាដៃសិល្បៈ អក្សរសិល្ប៍ ឬគំនិតអាជីវកម្មប្លែកគេ។ នៅពេលដែលអ្នកចេះក្នុងការបង្កើត Storytelling ចាក់ដោត ការបង្កើត Brand Identity ដែលមានភាពរស់រវើក និងការបង្កើតគំនិតអាជីវកម្មចម្លែកៗ វានៅតែជាដែនរបស់មនុស្ស។
៤.ការបត់បែន និងការដោះស្រាយបញ្ហាចំពោះមុខ៖ AI ដំណើរការបានល្អតែក្នុងក្របខណ្ឌ និងច្បាប់ទម្លាប់ ដែលគេកំណត់ឲ្យប៉ុណ្ណោះ។ នៅពេលបរិបទផ្លាស់ប្តូរភ្លាមៗ AI នឹងទាល់គំនិត។ ហេតុអ្វី AI ធ្វើមិនបាន? ការចរចាពាណិជ្ជកម្មស្មុគស្មាញ ដែលតម្រូវឲ្យមើលទឹកមុខ អានកាយវិការ និងកែប្រែយុទ្ធសាស្ត្រភ្លាមៗនៅតុប្រជុំ គឺជាសិល្បៈដែលមានតែមនុស្សទេអាចធ្វើបាន។ ដូច្នេះ បើអ្នកមានជំនាញពូកែសម្រុះសម្រួល ការដោះស្រាយបញ្ហាបន្ទាន់ដែលគ្មានក្នុងសៀវភៅ និងភាពរហ័សរហួនក្នុងការផ្លាស់ប្តូរ នោះអ្នកនៅតែអាចនិយាយបានថា មានសមត្ថភាពខ្លាំងជាង AI ហើយ។
ជារួម AI នឹងមិនមកដណ្តើមការងាររបស់អ្នកឡើយ ប៉ុន្តែមនុស្សដែលចេះប្រើប្រាស់ AI ផ្សំជាមួយជំនាញក្នុងខ្លួនពិតប្រាកដ វាជាភាពងាយស្រួលមួយក្នុងការធ្វើការ។ ហេតុនេះហើយ កុំចំណាយពេលប្រកួតប្រជែងសមត្ថភាពជាមួយ AI ប៉ុន្តែត្រូវពង្រឹងជំនាញដែលធ្វើឲ្យអ្នក ក្លាយជាមនុស្សដែលមានតម្លៃ នោះអ្នកនឹងគ្មានថ្ងៃបាត់បង់ឱកាសក្នុងទីផ្សារការងារឡើយ៕


