ល្អណាស់! ក្រុមហ៊ុន៦ មកពីជប៉ុន ចង់មកបង្កើតសាលាកសិកម្មនៅវិទ្យាល័យក្នុងខេត្តព្រៃវែង
ធី ស្រីល័ក្ខFEBRUARY 24 20242.4 K views

នេះជាដំណឹងដ៏រីករាយមួយសម្រាប់សិស្សានុសិស្សដែលកំពុងតែរៀនថ្នាក់វិទ្យាល័យក្នុងខេត្តព្រៃវែង ខណៈថ្មីៗនេះ មានក្រុមហ៊ុនជប៉ុនចំនួន៦ បានបង្ហាញចំណាប់អារម្មណ៍ចង់មកបង្កើតសាលាកសិកម្មក្នុងខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្ស អំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ។

39

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូកុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងតំណាងក្រុមហ៊ុនចំនួន ៦ក្រុមហ៊ុនទៀតផងដែរ។ នៅក្នុងជំនួបនេះ ឯកឧត្តមស៊ឺស៊ីមិ ថៃ និងប្រតិភូ អមដំណើរបានបង្ហាញពីបំណងធំៗចំនួន២ គឺ៖

 ១.ចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្ស អំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន (អាចច្រោះទឹកសមុទ្របរិភោគបាន) ដែលការប្រើទឹកបែបនេះអាចលើកគុណភាពបន្លែ សម្រាប់សុខភាព

២. ក្រុមហ៊ុនជប៉ុន កំពុងតែប្រមែប្រមូលយកគ្រឿងយន្តកសិកម្ម ដែលកសិករជប៉ុនប្រើប្រាស់ ដើម្បីប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្តនិងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជា នៅក្នុងខែមេសា ឬ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។

40

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រតិភូ ដោយសន្យាថា នឹងជួយសម្របសម្រួល បង្កើតសាលាកសិកម្មនៅវិទ្យាល័យខាងលើ ដើម្បីយុវជនវ័យក្មេងអាចមានការយល់ដឹងអំពីផលិតកម្មបន្លែ និងជម្រាបស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដើម្បីផ្តល់គ្រឿងយន្តនិងបរិក្ខារដែលនឹងទទួលបានទាំងនោះ សម្រាប់ជូនដល់សហគមន៍កសិកម្មទំនើប ដែលនឹងបង្កើតឡើងនាពេលខាងមុខ ដើម្បីប្រើប្រាស់ សម្រួលដល់ការងារផលិតកម្មរបស់ពួកគាត់៕

41

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia