ឈ្មួញចាំទិញ! លោក ឈាវ ហុង ប្រាប់ក្បួនដាំបន្លែ៤ ជួយឱ្យលោកដាំបានហើយឈ្មួញទិញដល់កន្លែង
Sambat SokhlangFEBRUARY 25 2024405 views

របរដាំបន្លែជារបរពេញនិយមសម្រាប់ប្រជាកសិករនៅតាមបណ្តាខេត្ត ដោយមានកសិករខ្លះគាត់ដាំដុះសម្រាប់ការហូបចុកខ្លួនឯង ស្របពេលដែលមានប្រជាកសិករផ្សេងទៀតគាត់ដាំសម្រាប់លក់យកលុយចិញ្ចឹមជីវិត ហើយក៏មានបងប្អូនខ្លះលក់ដាច់ខ្លះទៀតក៏លក់ដាច់ ដោយលើកឡើងថាដាំបានអត់ទីផ្សារ បានតម្លៃ ខណៈពេលដែលោកពូក ឈាវ ហុង ជាកសិករដាំបន្លែកំពុងតែដាំលក់ស្ទើតែមិនទាន់អ្នកទិញទៅហើយនោះ។

ថ្លែងប្រាប់ Business Cambodia លោកពូ ឈាវ ហុង បានឱ្យដឹងថា ការធ្វើកសិកម្មដាំដុះបន្លែនេះ មិនមែនចេះតែធ្វើ ចេះតែតាមតែនឹកឃើញ ដាំតាមគ្នានោះទេ ប៉ុន្តែតម្រូវឱ្យមានក្បួនមានខ្នាតត្រឹមត្រូវទើបធ្វើទៅទទួលបានលទ្ធផលល្អ ជាពិសេសផ្តោតសំខាន់ទៅលើចំណុច ៤ ខាងក្រោម៖

 

1666230225490

 

១.ការតាំងចិត្តធ្វើ

 

បើតាមប្រសាសន៍លោកពូ ឈាវ ហុង បច្ចុប្បន្នជាម្ចាស់ចំការបន្លែសុវត្ថិភាព ហុងអេកូ បានឱ្យដឹងថា ដើម្បីធ្វើកសិកម្មដាំដុះដំណាំទទួលបានលទ្ធផលល្អ គឺគួរតែមានការតាំងចិត្តក្នុងការធ្វើឱ្យបានច្បាស់លាស់មិនគួរមិនមែនដាំចោលម្តងទៅធ្វើនេះម្តងទៅធ្វើនោះតាមគេតាមឯងនោះទេ តែត្រូវយកចិត្តទុកដាក់និងផ្តោតជាមួយអ្វីដែលយើងកំពុងធ្វើ ដោយរកវិធីកែច្នៃយ៉ាងណាឱ្យដំណាំយើងទទួលបានផលល្អ ធ្វើទាន់តាមតម្រូវការទីផ្សារ មិនមែនលោតហក់ម្តងទៅនេះម្តងទៅនោះតាមតែនឹកឃើញឡើយ។

 

២.ចេះបច្ចេកទេសដាំ

 

បន្ថែមពីលើនោះ ដើម្បីអាចធ្វើកសិកម្មបានផលគឺកសិករត្រូវតែច្បាស់អំពីបច្ចេកទេសក្នុងការដាំដុះបន្លែឬដំណាំដែលយើងចង់ធ្វើនោះឱ្យបានច្បាស់លាស់មុននឹងសម្រេចធ្វើ ដោយត្រូវដឹងថាបន្លែឬដំណាំនោះត្រូវដាំ ដាក់ជី និង ថែទាំងរបៀបណាទើបដុះចេញមកល្អ ដាំប៉ុន្មានថ្ងៃបានផលជាដើម មិនមែនចេះតែដាំឱ្យរួចៗមិនសិក្សាច្បាស់ពីពូជ ពីប្រភេទដំណាំខ្លួនឯងដាំទេ។ មូលហេតុដែលតម្រូវឱ្យកសិករចេះពីបច្ចេកទេសក្នុងការដាំគឺដើម្បីងាយស្រួលនៅក្នុងរៀបផែនការដាំ ដាំឱ្យត្រូវតាមតម្រូការទីផ្សារ។

 

Organic Farming Lettuce Peppers Greenhouse Water Dripping System

 

៣.ដឹងពីតម្រូវការទីផ្សា

 

ម្ចាសកសិដ្ឋានជើងចាស់រូបនេះបានបន្តថា​ ក្នុងការធ្វើកសិកម្មដាំអ្វីក៏ដោយក៏ត្រូវមើលតាមស្ថានភាពទីផ្សារដែរ ទើបការធ្វើកសិកម្មដាំទៅមិនសល់ចោល មិនមានអ្នកទិញ។ ជាក់ស្តែង មុនដាំកសិករគួររកអ្នកទិញជាមុនហើយដាំនូវអ្វីដែលគេត្រូវការ ហើយទន្ទឹមនឹងការដាំយើងក៏គួរតែមើលថាអាយុដំណាំដែលដាំនោះរយៈពេលប៉ុន្មានទើបបានផល បើចាយពេលយូរយើងអាចដាំជាដំណាំដែលបានផលលឿនអមទន្ទឹមជាមួយគ្នា ដើម្បីអាចកាត់លក់ជាបន្តៗ មិនមែនដាំតែមួយមុខហើយចាំលក់តែមួយមុខនោះឡើយ។

 

Pexels Soo Ann Woon 3265437 1024x640

 

៤.ផែនការដាំ

 

បន្ទាប់ពីសិក្សាអស់នូវចំណុចខាងលើអ្វីដែលត្រូវដឹងចុងក្រោយនោះគឺការរៀបចំទីផ្សារដាំ ដែលមានន័យថា កសិករត្រូវរៀបចំផែនការដាំឱ្យត្រូវតាមរដូវតាមពេល ព្រោះរដូវខ្លះបន្លែមានការធ្លាក់ថ្លៃខ្លាំងរហូតដល់ ៣០០រៀលក៏មាន នេះដោយតែពេលដាំយើងមិនបានរៀបផែនការថារដូវណាគួរដាំមិនគួរដាំ ចៃដន្យដាំចំពេលបន្លែមានគេផ្សេងដាំច្រើន ចង់មិនចង់វានឹងធ្វើឱ្យតម្លៃទាប ប៉ុន្តែបើយើងចេះរៀបចំមើលតាមស្ថានភាពដែលអ្នកផ្សេងដាំមិនសូវបាននោះតម្លៃនឹងថ្លៃទៅតាមនោះ។ឧទាហរណ៍ថា រដូវក្តៅកសិករដែលដាំតាមវាលពិបាកដាំ ដាំមិនសូវបាន អ្នកដាំក្នុងរោងអាចឆ្លៀតឱកាសនេះដាំបាន នោះពេលលក់តម្លៃក៏គ្រាន់បើជាងពេលទូទៅដែរ។

 

គួរបញ្ជាក់ផងដែរថា ចំណុចទាំង៤ខាងលើនេះ គ្រាន់ជាគំនិតខ្លះៗសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើកសិកម្មដោយការដាំបន្លែ អាចយកទៅសិក្សាបន្ថែមដើម្បីឱ្យដំណាំដែលដាំមានទីផ្សារ ដាំទៅបានផល៕

 

393744899 821903166604673 5301765047846420445 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia