ជាកូនអ្នកខេត្តព្រៃវែង បណ្ឌិត អ៊ីន ចាន់នី ផ្តើមពីការងារគ្រូបង្រៀន ក្លាយជាម្ចាស់ធនាគារអេស៊ីលីដា
Ping Chou EngJANUARY 24 2025776 views

ផ្តើមពីទុន៦០ម៉ឺនដុល្លារ និងចេញពីអង្គការក្រៅរដ្ឋាភិបាលមួយ នៅក្នុងឆ្នាំ១៩៩៣ ធនាគារអេស៊ីលីដា ត្រូវបានដឹកនាំនិងបង្កើតឡើងដោយ លោក​បណ្ឌិត អ៊ីន ចាន់នី និងសហការីជាច្រើនរូបទៀត ដែលបានមូលមតិគ្នាបំប្លែងអង្គការនេះ មកជាធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ចគឺ ACELEDA Plc. ដូចបច្ចុប្បន្ន។

 

Img Ln20151231រូបភាព៖ លោកបណ្ឌិត អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

 

ផ្តើមពីការងារជាគ្រូបង្រៀន លោកបណ្ឌិត អ៊ីន ចាន់នី គឺជាបញ្ញាវន្តមួយខ្មែរមួយរូប មានដើមកំណើតមកពីខេត្តព្រៃវែង ដែលបានកើត​ក្នុង​ខែមិថុនា ឆ្នាំ១៩៦០។ កាលនៅជាយុវវ័យ លោកបណ្ឌិត បានចាប់អាជីពជាគ្រូបង្រៀន ប៉ុន្តែក្រោយពីទទួលបានអាហារូបករណ៍ លោកក៏បានបន្តការសិក្សាទៅបរទេស។

 

លោកបណ្ឌិត​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់​វគ្គសិក្សា ពី​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។ បន្ទាប់មកនៅ​ក្នុង​ឆ្នាំ១៩៩៨ លោកបណ្ឌិត​ក៏បាន​បញ្ចប់​វគ្គ​គ្រប់គ្រង​ស្តីពី ស្ថាប័ន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រាស​ឯកជន (FIPED) ពី​សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។

 

ចូលរួមដំណើរនិងត្រួយត្រាយផ្លូវជាមួយ អេស៊ីលីដាតាំងពីឆ្នាំ១៩៩៣ លោក​បណ្ឌិតបានក្លាយជា​ប្រធានដឹកនាំ​ប្រតិបត្តិធនាគារ ក្នុង​ឆ្នាំ២០០០ រហូតដល់ទទួលបានអាជ្ញាបណ្ណ័ពីធនាគារជាតិក្នុងខែធ្នូ ឆ្នាំ២០០៣។ នៅខែសីហា ឆ្នាំ២០១៤ លោកបណ្ឌិត ក៏បានក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាលរបស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី។

 

ក្រោមការដឹកនាំរបស់លោកបណ្ឌិត​​  ធនាគារ អេស៊ីលីដា រយៈពេលជាង៣០ឆ្នាំមកនេះ ធនាគារមានការវិវត្តន៍ទំនើបកម្មជាច្រើន ក្នុងនោះក៏បានពង្រីកសាខាដល់បរទេស រួមមានឡាវនិងមីយ៉ាន់ម៉ាផងដែរ។

 

ក្នុងនាមជាអ្នកដឹកនាំនិងវិនិយោគិនចាស់វស្សា លោកបណ្ឌិត អ៊ិន ចាន់នី មិនបានចោលអាជីពនិងគំនិតជាគ្រូបង្រៀននោះទេ ដោយលោកក៏បានផ្តួចផ្តើមឱ្យមានសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រអេស៊ី​លីដា សម្រាប់បណ្តុះបណ្តាលមូលធននិងធនធានមនុស្សលើវិស័យធនាគារ។  

 

សូមជម្រាបថាបច្ចុប្បន្ន ធនាគារ ​អេស៊ីលីដា មាន​ទ្រព្យ​សកម្ម​សរុប ១០,៤ ពាន់លាន​ដុល្លារ​អាមេរិក,ប្រាក់បញ្ញើ ៧,៩៨ ពាន់លាន​ដុល្លារ​អាមេរិក, និងសមតុល្យ​ឥណទាន ៦,៦២ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​លើ​ដៃ​អតិថិជន​ជាង ៦១ ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន ៥៥,០៤% ជា​ស្ត្រី ។ ធនាគារ​មាន បុគ្គលិក​សរុប ១២.២៣៧នាក់ កំពុង​បម្រើ​ការងារ​នៅ​ក្នុង ២៥៤សាខា គ្រប់​ខេត្ត-ក្រុងនៅកម្ពុជា៕

 

 

Daily Image S1

 

 

Daily Image S2

 

 

Daily Image S3

រូបភាព៖ ដំណើរវិវត្តន៍ការិយាល័យរបស់អេស៊ីលីដា

 

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia