នៅក្នុងបរិបទការងារបច្ចុប្បន្ន មេដឹកនាំដែលទទួលបានការគោរព និងជោគជ័យបំផុត មិនមែនជាអ្នកដែលពូកែនិយាយបញ្ចុះបញ្ចូលតែម្យ៉ាងទេ ប៉ុន្តែត្រូវជាអ្នកដែលពូកែស្ដាប់។ តាមបទពិសោធន៍របស់ CEO ល្បីៗជាច្រើនពួកគេបាននិយាយដូចគ្នាថា ជំនាញស្ដាប់ត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានស្ថាប័នឱ្យទៅមុខ។
ដោយឡែកតាមរយៈកិច្ចសម្ភាសន៍នៅក្នុងកម្មវិធី Leaders Playbook របស់ CNBC CEO ៣ រូបមកពីក្រុមហ៊ុនផ្សេងៗគ្នាបាននិយាយដូចគ្នាថា ការស្ដាប់ជាគ្រឹះនៃភាពជោគជ័យសម្រាប់មេដឹកនាំឆ្នើម ហើយការស្ដាប់គឺមានតាមប្រភេទផ្សេងៗទៀតដូចជា៖
១. ស្ដាប់ក្រុមការងារ៖ មេដឹកនាំភាគច្រើនយល់ថា តួនាទី ពួកគេគឺការចេញបញ្ជា ប៉ុន្តែ CEO ជោគជ័យបានផ្លាស់ប្តូរមកប្រើការស្ដាប់ដើម្បីស្វែងយល់វិញ។ នៅពេលមេដឹកនាំចេះស្ដាប់ ពួកគេអាចទទួលបានព័ត៌មានដែលមិនធ្លាប់ដឹង យល់ពីអារម្មណ៍ពិតរបស់បុគ្គលិក និងអាចមើលឃើញពីបញ្ហាដែលបង្កប់នៅពីក្រោយការធ្វើការប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺជាការបង្កើត "សុវត្ថិភាពផ្លូវចិត្ត" ក្នុងក្រុមការងារ ដែលធ្វើឱ្យគ្រប់គ្នាហ៊ាននិយាយការពិត និងបញ្ចេញមតិយោបល់ដោយមិនបារម្ភពីការស្ដីបន្ទោស។
២. ស្តាប់ដើម្បីស្វែងរកគំនិតល្អៗ៖ ការសម្រេចចិត្តដែលល្អបំផុត នៅពេលមានទិន្នន័យ និងព័ត៌មានគ្រប់គ្រាន់នៅក្នុងដៃ។ មេដឹកនាំដែលពូកែស្ដាប់ នឹងមិនប្រញាប់ប្រញាល់សន្និដ្ឋាន ប៉ុន្តែពួកគេនឹងប្រើប្រាស់ពេលវេលាដើម្បីប្រមូលទិន្នន័យពីគ្រប់ផ្នែកពាក់ព័ន្ធដើម្បីធ្វើការវិភាគ។ ការស្ដាប់ជួយឱ្យពួកគេចេះបែងចែករវាង "ការពិត” និង “ភាពក្លែងក្លាយ” ដែលនាំឱ្យការដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មមានភាពសុក្រឹត និងកាត់បន្ថយហានិភ័យនៃកំហុសឆ្គងដែលបណ្ដាលមកពីភាពមានអំនួតលើខ្លួនឯងខ្លាំងពេក។
៣. ស្ដាប់សម្លេងរបស់បុគ្គលិក៖ នៅពេលដែល "ការស្ដាប់" ក្លាយជាវប្បធម៌ស្នូល បុគ្គលិកនឹងមានអារម្មណ៍ថាខ្លួនត្រូវបានគេផ្ដល់តម្លៃ។ អារម្មណ៍នៃការត្រូវបានគេទទួលស្ដាប់ គឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាដែលជម្រុញឱ្យបុគ្គលិកចង់ផ្ដល់ត្រឡប់មកវិញនូវភាពច្នៃប្រឌិត និងភាពស្មោះត្រង់។ ក្រុមហ៊ុនដែលមានមេដឹកនាំពូកែស្ដាប់ ជាក្រុមហ៊ុនដែលមិនសូវមានបុគ្គលិកលាឈប់នោះទេ មានតែផលិតភាពការងារខ្ពស់ជាងមុន ដោយសារគ្រប់គ្នាមានគោលដៅរួម និងមានអារម្មណ៍ថាគំនិតរបស់ពួកគេអាចផ្លាស់ប្តូរវាសនារបស់ក្រុមហ៊ុនបាន។
មេដឹកនាំជោគជ័យជាច្រើន ប្រើប្រាស់ជំនាញនេះដើម្បីបង្ហាញពីការគោរព និងដើម្បីធានាថា គ្មានការភាន់ច្រឡំណាមួយកើតឡើងក្នុងទំនាក់ទំនងរវាងចៅហ្វាយនាយ និងកូនចៅ។ វាគឺជាការបង្ហាញថា មេដឹកនាំមិនមែនគ្រាន់តែចង់ឱ្យការងារដើរមុខ ប៉ុន្តែពួកគេក៏បារម្ភ និងផ្ដល់តម្លៃដល់មនុស្សដែលកំពុងធ្វើការងារនោះផងដែរ។ ជារួមមក ជំនាញនៃការស្ដាប់មិនមែនជាជំនាញទន់ (Soft Skill) ធម្មតា ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រដឹកនាំដ៏មានឥទ្ធិពល។ មេដឹកនាំដែលចេះស្ដាប់ គឺជាមេដឹកនាំដែលចេះរៀនសូត្រ ហើយអ្នកដែលមិនឈប់រៀន គឺជាអ្នកដែលនឹងបន្តនាំមុខគេក្នុងពិភពជំនួញជានិច្ច៕


