នៅពេលដែលយើងដើរចូលផ្សារ ឬតូបលក់ផ្លែឈើ យើងតែងតែឃើញផ្លែខ្នុរដែលមានតម្លៃថោក។ ប៉ុន្តែ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាផ្លែខ្នុរខ្លះមានរសជាតិផ្អែមខ្លាំងរហូតដល់ទ្រលាន់ ខណៈផ្លែខ្នុរខ្លះ ទៀតមានសាច់ក្រាស់ ស្រួយ និងមានរសជាតិជូរអែមឆ្ងាញ់ប្លែកមាត់? ចម្លើយគឺស្ថិតនៅលើ វិធីសាស្ត្រ នៃការដាំដុះ និង ពូជផ្លែខ្នុរទាំងនោះ។ តាមរយៈបទសម្ភាសន៍ពិសេសពី Business Cambodia ជាមួយ ម្ចាស់ចម្ការខ្នុរការ៉ុតមួយកន្លែងនៅក្រុងសួង លោកបានអោយយើងដឹង ភាពខុសគ្នា រវាងខ្នុរធម្មជាតិខ្មែរ និងខ្នុរនាំចូល ព្រមទាំងការតស៊ូរបស់កសិករយើងនៅពីក្រោយផលដំណាំទៀតផង។ ខាងក្រោមនេះជាមេរៀន ល្អៗដែលកសិករគ្រប់រូបគួរសិក្សា និង អនុវត្តបន្ថែម :
ការប្រមូលផល
ចម្ការខ្នុរការ៉ុតនេះមានផ្ទៃដីសរុបប្រមាណ ៤ ហិចតា ដោយមានដើមខ្នុរប្រហែល ៧០០ ដើម ដែលមាន អាយុកាលចន្លោះពី ៨ ទៅ ៩ ឆ្នាំ។ ជាទូទៅ ដើមខ្នុរចាប់ផ្តើមអោយផលតាំងពីឆ្នាំទី ៣ ហើយចូលដល់ឆ្នាំទី ៤ ទើបកសិករអាចប្រមូលផលបាន។ សម្រាប់ដើមដែលទទួលបានការថែទាំបានល្អ វាអាចផ្តល់ទិន្នផលរហូតដល់ ១០០ គីឡូក្រាមក្នុងមួយឆ្នាំ ដោយផ្លែមួយអាចមានទម្ងន់ប្រហែល ១០ គីឡូក្រាម។ ដើម្បីរក្សាគុណភាព និងទំហំផ្លែ ម្ចាស់ចម្ការត្រូវតម្រឹមមែក និងទុកផ្លែត្រឹមតែ ១០ ទៅ ២០ ផ្លែប៉ុណ្ណោះក្នុងមួយដើម។
រសជាតិ និងការដាំដុះបែបធម្មជាតិ
ខុសប្លែកពីខ្នុរនាំចូលដែលមានរសជាតិផ្អែមខ្លាំង ខ្នុរក្នុងស្រុកបានក្លាយជាខ្នុរការ៉ុតខ្មែរមានសាច់ក្រាស់ និងមានរសជាតិ ជូរអែម ជាពិសេសថែមទាំងធ្វើឱ្យអ្នកបរិភោគមិនងាយទ្រលាន់ និងអាចញ៉ាំបានច្រើនបានទៀតផង។ ចម្ការនេះ ផ្តោតលើការប្រើប្រាស់ជីធម្មជាតិ ដូចជា ជីកំប៉ុស ផេះ និងអាចម៍គោ ដែលដាក់តែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទោះបីជាការប្រើជីធម្មជាតិធ្វើឱ្យផ្លែខ្នុរខ្លះមិនសូវមានរាងមូលស្អាតឥតខ្ចោះដូចខ្នុរនាំចូលដែលប្រើជីគីមីក៏ដោយ ប៉ុន្តែខ្នុរការ៉ុតក្នុងស្រុកនេះត្រូវបានទទួលស្គាល់ដោយរសជាតិឆ្ងាញ់។

បញ្ហាប្រឈមនៃជំងឺ និងការប្រកួតប្រជែងទីផ្សារ
ឧបសគ្គដ៏ធំមួយក្នុងការដាំដុះខ្នុរគឺជំងឺដើម និងសំបក ដែលវាធ្វើឱ្យដើមខ្នុរនៅក្នុងចម្ការងាប់អស់ជិត ៥០% ក្នុងកំឡុងពេល ៨ ទៅ ៩ ឆ្នាំកន្លងមក ហើយតម្រូវឱ្យមានការដាំជួសជាប្រចាំ។ លើសពីនេះ កាលពី ២ ឆ្នាំមុន ខ្នុរការ៉ុតពីចម្ការនេះធ្លាប់បាននាំចេញទៅកាន់ប្រទេសចិនយ៉ាងច្រើន ប៉ុន្តែបច្ចុប្បន្នត្រូវជួបការកកស្ទះទីផ្សារ ដោយសារការវាយលុកនៃខ្នុរនាំចូលពីប្រទេសជិតខាងដែលប្រើប្រាស់ជីគីមី និងមានតម្លៃថោកជាងរបស់ក្នុងស្រុក។
ខ្នុរការ៉ុតខ្មែរដាំបែបធម្មជាតិមានរសជាតិជូរអែមឆ្ងាញ់ និងមានសុវត្ថិភាពជាងខ្នុរនាំចូល ទោះជាត្រូវជួប ប្រឈមនឹងការប្រកួតប្រជែងតម្លៃក៏ដោយ។ ការចូលរួមគាំទ្រទិញផលដំណាំក្នុងស្រុក គឺជារឿងដ៏ សំខាន់ ក្នុងការជួយឱ្យប្រជាកសិករខ្មែរអាចបន្តមុខរបរ និងអភិវឌ្ឍន៍វិស័យកសិកម្មជាតិឱ្យកាន់តែរីកចម្រើន។
សម្រាប់បងប្អូនដែលចង់បញ្ជាទិញ ឬគាំទ្រផ្លែខ្នុរការ៉ុតធម្មជាតិ អាចទាក់ទងទៅកាន់ម្ចាស់ចម្ការ ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 012 86 98 16 (មានសេវាដឹកជញ្ជូនគ្រប់ខេត្ត/ក្រុង)។


