ដំណឹងល្អសម្រាប់គ្រួសារ និងអាណាព្យាបាលគ្រប់រូបជំងឺមហារីកមាត់ស្បូនដែលជាក្តីបារម្ភដ៏ធំ ឥឡូវនេះមានវិធីសាស្ត្របង្ការយ៉ាងមានប្រសិទ្ធភាពខ្ពស់ហើយដោយក្រសួងសុខាភិបាលបានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន ឥតគិតថ្លៃ យ៉ាងទូលំទូលាយជូនដល់កុមារីអាយុពី ៩ ដល់ ១៤ឆ្នាំ ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ១២។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ជំងឺមហារីកមាត់ស្បូន បង្កឡើងដោយវីរុស HPV ដែលឆ្លងតាមការរួមភេទ។ សូមនាំកុមារីអាយុពី៩ឆ្នាំ ទៅ១៤ឆ្នាំ ដែលមិនទាន់បានទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនពីមុន ត្រូវមកទទួលនៅតាមសាលារៀន តាមភូមិ និងតាមមណ្ឌលសុខភាព ដោយឥតគិតថ្លៃថ្នាំបង្ការមហារីកមាត់ស្បូន មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល និងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកផងដែរ។
ជាមួយគ្នានោះដែរ យុទ្ធនាការថ្នាក់ជាតិក្នុងឆ្នាំ២០២៦ នេះ នឹងត្រូវអនុវត្តចែកចេញជា ២ដំណាក់កាលគឺដោយដំណាក់កាលទី១ អនុវត្តចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងរាជធានី-ខេត្តចំនួន ១២ (រួមមាន រាជធានីភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី ព្រះសីហនុ កោះកុង និងប៉ៃលិន)។

គួរជម្រាបថា នៅក្នុងដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងខេត្តចំនួន ១៣ ទៀត (រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រៃវែង ស្វាយរៀង រតនគិរី ក្រចេះ និងត្បូងឃ្មុំ)៕


