វិស័យកាហ្វេប្រកួតប្រជែងខ្លាំង ខណៈម្ចាស់ហាងកាហ្វេជាតិ បង្ហើបរឿង៧យ៉ាងត្រូវដឹង មុនចង់បើករកស៊ី
Srey NuthMARCH 12 20241.4 K views

បើពិនិត្យឲ្យមែនទែនទៅហាងកាហ្វេគឺមានរាប់រយហាងនៅក្នុងទីក្រុងភ្នំពេញ ព្រោះវាគឺជាមុខរបរដ៏ពេញនិយម មួយវិញទៀតចំនួនអ្នកចូលចិត្តញ៉ាំមានការកើនឡើងឥតឈប់ឈរ ជាពិសេសមនុស្សវ័យជំទង់ ផងដែរ។ទន្ទឹមនឹងមុខរបរដ៏ពេញនិយមមួយនេះកំពុងមានសន្ទុះខ្លាំងក្នុងនោះក៏មានហាងមិនតិចទេដែលបើកមិនទាន់បានមួយឆ្នាំស្រួលបួលផងក៏បិទទ្វារទៅវិញបាត់ដោយសារតែខ្វះទិចនិកនិង មិនបានសិក្សាឱ្យច្បាស់លាស់ក្នុងការចាប់ផ្ដើម។

យ៉ាងណាមិញ ដើម្បីចៀសវាងហានិភ័យមុនពេលចាប់ផ្ដើមក្នុងនោះដែរ លោក សៀ សេងហេង ( ហ្វីលីក្ស) ជា Co-founder របស់កាហ្វេជាតិ បានបង្ហើបរឿង៧យ៉ាងត្រូវដឹង មុនចង់បើករកស៊ី៖

60f8e248 Fb3f 431e Ba89 300ebebd2e0f

១. រៀបចំផែនការអាជីវកម្ម

គ្រប់អាជីវកម្មទាំងអស់សុទ្ធតែត្រូវមានផែនការណ៍ជាក់លាក់។ ដូចគ្នាដែរ មុនបើកហាងកាហ្វេផ្ទាល់ខ្លួន អ្នកត្រូវរៀបចំផែនការឲ្យបានលម្អិតនិងច្បាស់លាស់ ដោយគិតលើ ៣ចំណុចផ្សេងគ្នាគឺទីផ្សារ ហិរញ្ញវត្ថុ និងប្រតិបត្តិការ។

២. ត្រៀមដើមទុនចាប់ផ្ដើម

ការស្វែងរកថវិកាដើម្បីចាប់ផ្តើមបើកហាងកាហ្វេដោយខ្លួនឯង ជួនកាលវាពិបាក ដូច្នេះជាការសំខាន់ណាស់ដែលត្រូវមានប្រាក់ផ្ទាល់ខ្លួនមួយចំនួន! ភាគច្រើនអាជីវកម្មខ្នាតតូចថ្មី មិនទទួលបានផលចំណេញក្នុងរយៈពេល៦ខែដល់១ឆ្នាំនោះទេ។ ត្រូវប្រាកដថា មានប្រាក់គ្រប់គ្រាន់នៅក្នុងហោប៉ៅផ្ទាល់ខ្លួន ដើម្បីអាចរ៉ាប់រងបញ្ហាហិរញ្ញវត្ថុបាន ក្រោយចាប់ផ្តើមបើកហាងកាហ្វេរបស់អ្នក។

៣. ជ្រើសរើសទីតាំង

ដើម្បីឱ្យហាងកាហ្វេទទួលបានជោគជ័យ គឺត្រូវប្រាកដថា មានទីតាំងណាដែលភ្ញៀវងាយរក! ការស្វែងរកទីតាំងនឹងមិនងាយនោះទេ។ វាត្រូវការពេលវេលានិងការស្រាវជ្រាវ។ ប្រសិនបើទីផ្សារគោលដៅ ជានិស្សិតមហាវិទ្យាល័យ សូមជ្រើសរើសទីតាំងដែលនៅក្បែរបណ្ណាល័យឬកន្លែងសិក្សា។ ប្រសិនបើទីផ្សារគោលដៅ ជាអ្នកធ្វើការការិយាល័យ សូមជ្រើសរើសទីតាំងដែលនៅជិត និងចម្ងាយដើរងាយស្រួលពីអគារការិយាល័យរបស់ពួកគេ។

៤. រចនាបថរបស់ហាង

អ្នកត្រូវមានការគ្រោងទុកនូវទម្រង់ និងការតុបតែងហាងកាហ្វេដោយខ្លួនឯង ឬរកអ្នកជំនាញផ្នែករចនាហាងមកជួយ។ ហាងដែលអាចទាក់ទាញភ្ញៀវ គួរតែស្អាតប្លែក មានផាសុខភាព និងការច្នៃប្រឌិតថ្មី។

៥. គិតគូរពីអតិថិជន

ការចាប់ផ្តើមអាជីវកម្មមួយ មិនមែនជាដំណើរការត្រឹមតែ១ថ្ងៃនោះទេ។ វាត្រូវការពេលវេលា ថាមពល និងថវិកាច្រើនណាស់ដើម្បីទទួលបានប្រាក់ចំណេញ។ ចូរកុំខ្លាចក្នុងការឈោងចាប់អតិថិជន ជាពិសេសអ្នកជិតដិតដូចជា មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីទទួលបានការគាំទ្រពីពួកគេ។

៦. គិតគូអំពីកាហ្វេ

អាជីវកម្មរបស់អ្នកផ្តោតសំខាន់ទៅលើរឿងមួយគឺកាហ្វេ! ជាការចាំបាច់ក្នុងការជ្រើសរើសប្រភពកាហ្វេ និងរសជាតិរបស់វាដែលអាចទុកចិត្តបាន។ អ្វីដែលសំខាន់នោះគឺភ្លក្សរសជាតិកាហ្វេមុនពេលលក់ទៅឱ្យអតិថិជន។ ក្រៅពីយីហោកាហ្វេរបស់អ្នក រសជាតិក៏សំខាន់ណាស់ដែរ។ អ្នកអាចឱ្យមិត្តភក្តិ និងសមាជិកគ្រួសារ សាកល្បងរសជាតិជាមុនសិន ក៏ជាការល្អដែរ។

៧. ស្លាកសញ្ញា

ស្លាកសញ្ញានៃអាជីវកម្ម គឺជារឿងដំបូងដែលអតិថិជនបានឃើញ នៅពេលពួកគេដើរចូលហាង និងពេលដែលពួកគេយកកាហ្វេចេញទៅវិញ។ ស្លាកសញ្ញាគឺជាមុខមាត់របស់ក្រុមហ៊ុន ដែលអតិថិជនសម្គាល់ជាមួយម៉ាករបស់អ្នក។ ត្រូវប្រាកដថា ស្លាកសញ្ញាត្រូវមានលក្ខណៈផ្លូវការ សោភ័ណភាព និងប្លែកពីគេ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia