សេដ្ឋកិច្ចពិបាក កូនបំណុលជំពាក់មិនព្រមសង នេះជាគន្លឹះសំខាន់ ៦ យ៉ាងដែលអ្នកត្រូវធ្វើ ដើម្បីទារលុយមកវិញឱ្យបាន
Pov SaruMARCH 30 2026542 views

មានលុយឱ្យគេខ្ចីគឺជារឿងងាយ តែពេលទាត្រឡប់វិញនោះទើបជារឿងពិបាក ជាពិសេសនៅពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះបែបនេះផង វារឹតតែពិបាកខ្លាំងទ្វេដង។ យ៉ាងណាមិញ បើទោះបីជាពិបាក តែក្នុងនាមជាម្ចាស់បំណុលអ្នកនៅតែមានសិទ្ធ និងអាចទាប្រាក់ជំពាក់នោះមកវិញបាន ប្រសិនបើអ្នកព្យាយាមប្រើប្រាស់វិធីសាស្រ្តឱ្យបានត្រឹមត្រូវតាមជំហានច្បាស់លាស់។ ខាងក្រោមនេះជាគន្លឹះសំខាន់៦ យ៉ាងក្នុងការទារប្រាក់ពីកូនបំណុលវិញ ដែលអ្នកគួរត្រៀមខ្លួនអនុវត្តទៅតាមលំដាប់លំដោយ៖

 

១. ត្រូវយល់ដឹងអំពីច្បាប់៖ នេះជាជំហ៊ានសំខាន់ មុនធ្វើអ្វីត្រូវស្វែងពីច្បាប់ឱ្យបានច្បាស់លាស់ជាមុនសិន ព្រោះថា កូនបំណុលក៏មានច្បាប់ការពារពីការយាយី និងការអនុវត្តការប្រមូលដោយអយុត្តិធម៌ពីម្ចាស់បំណុលផងដែរ។ ដូច្នេះបើចង់ប្រមូលប្រាក់មកវិញគឺត្រូវធ្វើឱ្យត្រូវតាមច្បាប់កុំចេះតែធ្វើតាមចិត្ត អាចនាំឱ្យខាតបង់ដល់ខ្លួនឯងវិញ។ 

 


២. ត្រូវរៀបចំឯកសារបំណុលឱ្យគ្រប់៖ អ្នកត្រូវប្រាកដថាអ្នកមានឯកសារនៃបំណុល ដូចជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា វិក្កយបត្រ ឬបង្កាន់ដៃ។ រក្សាកំណត់ត្រានៃការទំនាក់ទំនងរបស់អ្នកជាមួយកូនបំណុល រួមទាំងសំបុត្រ អ៊ីមែល ឬការហៅទូរស័ព្ទ ដោយប្រុងប្រយ័ត្ន ព្រោះថាឯកសារទាំងអស់ហ្នឹង នឹងមានប្រយោជន៍ ប្រសិនបើអ្នកត្រូវចាត់វិធានការផ្លូវច្បាប់ជាមួយកូនបំណុល។

 


៣. ទាក់ទងទៅកូនបំណុល៖ ជំហានដំបូងគឺត្រូវទាក់ទងកូនបំណុល ហើយព្យាយាមដោះស្រាយបញ្ហាបែបមិត្តភាព។ ប្រាប់ពួកគាត់ឱ្យដឹងថាអ្នកដឹងពីទុក្ខលំបាករបស់គាត់ ប៉ុន្តែធ្វើម៉េចយើងក៏មានតម្រូវការដូចគ្នា។ ត្រូវចាំថារាល់ពេលនិយាយស្ដីជាមួយកូនបំណុល អ្នកត្រូវតែរក្សាឱ្យបាននូវសុជីវធម៌ និងវិជ្ជាជីវៈ ប៉ុន្តែត្រូវរឹងមាំច្បាស់លាស់ជាមួយនឹងលក្ខខណ្ឌ ក៏ដូចជាគោលបំណងរបស់អ្នក។ ត្រូវតែរក្សាអាកប្បកិរិយាប្រកបដោយសីលធម៌វិជ្ជាជីវៈ ទោះបីជាកូនបំណុលលំបាកក៏ដោយ វានឹងជួយឱ្យសម្ដីរបស់អ្នកកាន់តែមានទម្ងន់ធ្ងន់នៅពេលមានការចរចាលក្ខខណ្ឌ។

 

៤. ផ្ញើលិខិតទាមទារជាលាយលក្ខណ៍អក្សរ៖ ប្រសិនបើកូនបំណុលមិនឆ្លើយតបនឹងទំនាក់ទំនងដំបូងរបស់អ្នកទេ សូមផ្ញើលិខិតទាមទារជាលាយលក្ខណ៍អក្សរមកពួកគេ។ លិខិតនេះគួរតែបញ្ជាក់យ៉ាងច្បាស់អំពីចំនួនប្រាក់ដែលជំពាក់ កាលបរិច្ឆេទនៃការបង់ប្រាក់ និងផលវិបាកនៃការមិនបង់ប្រាក់។ ដើម្បីឱ្យកាន់តែមានទម្ងន់ អ្នកអាចពឹងពាក់សេវាមេធាវី ឱ្យរៀបចំបាន។

 

៥. ពិចារណាលើការសម្រុះសម្រួល៖ ប្រសិនបើកូនបំណុលមិនអាចសងបំណុលទាំងអស់បានទេ អ្នកអាចធ្វើការចរចារផែនការទូទាត់ថ្មីបាន។ ការសម្របសម្រួលគឺដំណើរការបានដោយមានកិច្ចព្រមព្រៀងថ្មី ដែលមានសរសេរនូវចំនួនបំណុលសរុបជាក់លាក់ ការប្រាក់ ព្រមទាំងចំនួនទឹកប្រាក់ដែលកូនបំណុលនិងម្ចាស់បំណុល ព្រមព្រៀងគ្នាជាថ្មីថានឹងទូទាត់ឱ្យគ្នាក្នុងកម្រិតណាមួយសមស្រប ទាបជាងកិច្ចសន្យាចាស់ បន្ទាប់មកផ្ដិតមេដៃទាំងពីរភាគី។ ករណីនេះបើមានភាគីទីបី មកធ្វើជាសាក្សីរឹតតែប្រសើរ បើបានមេធាវីតែម្ដង កិច្ចសន្យានោះនឹងកាន់តែមានទម្ងន់ខ្លាំងថែមទៀត។

 

៦. ចាត់វិធានការផ្លូវច្បាប់៖ ប្រសិនបើសកម្មភាពដែលរៀបរាប់ខាងលើទាំងអស់បរាជ័យ អ្នកប្រហែលជាដល់ពេលត្រូវចាត់វិធានការតាមផ្លូវច្បាប់វិញម្ដង។ អ្នកអាចប្រើប្រាស់សេវាមេធាវី ព្រោះថាពួកគាត់ជាអ្នកដែលអាចជួយអ្នកក្នុងការរៀបចំឯកសារសំខាន់ ប្រឹក្សាផ្នែកច្បាស់ ឬអាចឈរជើងខាងអ្នកបើមានករណីឡើងដល់តុលាការ។ វាអាចចំណាយពេលវេលា ចំណាយទាំងលុយ ប៉ុន្តែវាអាចជាជម្រើសតែមួយគត់របស់អ្នក ប្រសិនបើកូនបំណុលមិនព្រមបង់ប្រាក់ក្នុងចំនួនច្រើន។

 

ត្រូវចាំថា ដាច់ខាតកុំប្រើប្រាស់កម្លាំង និងកំហឹងទៅលើកូនបំណុលព្រោះអាចនាំឱ្យអ្នកខាតបង់មិនអាចទាប្រាក់ជំពាក់បាន តែអាចនឹងនាំទុក្ខដាក់ខ្លួនឯងទៅវិញ។ ហើយបើទោះបីជាការទារលុយពីកូនបំណុលអាចជាបទពិសោធន៍ដ៏ស្មុគស្មាញ ធុញថប់ និងតានតឹង ប៉ុន្តែមិនត្រូវអស់សង្ឃឹមទេ។ ប្រសិនបំណុលមានចំនួនទឹកប្រាក់ច្រើន អ្នកត្រូវតែចេញធ្វើសកម្មភាពឱ្យបានរហ័ស និងតស៊ូ អត់ធ្មត់ កុំចុះចាញ់ ជាពិសេសកុំខ្លាចក្នុងការស្វែងរកជំនួយនៅពេលដែលអ្នកគិតអ្វីមិនចេញ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia