ចង់រកស៊ីឱ្យជោគជ័យ ត្រូវលុតដំខ្លួនដើរតាម៦ជំហាននេះឱ្យល្អបំផុត ដើម្បីជប់ក្ដីស្រមៃឱ្យចេញជារូបរាង
ឡុង វឌ្ឍនៈJANUARY 15 2023388 views

ក្ដីស្រមៃចង់មានអាជីវកម្មផ្ទាល់ខ្លួនមួយដោយខ្លួនឯងរបស់អ្នក ប្រហែលជាមិនអាចក្លាយជាការពិតនោះទេ ប្រសិនបើអ្នកគ្រាន់តែគិត តែមិនបានចាប់ផ្ដើមធ្វើសកម្មភាព។ យ៉ាងណាមិញ នៅក្នុងការធ្វើអាជីវកម្ម វាទាមទារឱ្យមានការចូលរួមពីក្រុមមនុស្ស និងជំហានសំខាន់ៗផ្សេងៗទៀតផងដែរ។ អាស្រ័យដូចបានជម្រាបខាងលើ យើងនឹងបង្ហាញអ្នកនូវជំហានសំខាន់ៗចំនួន ៦ដែលអ្នកនឹងឆ្លងកាត់ ប្រសិនបើអ្នក ចង់ប្រឡូកក្នុងពិភពជំនួញ ដើម្បីជប់ក្ដីស្រមៃឱ្យចេញជារូបរាងពិតជាក់ស្ដែង៖

១. កំណត់គោលដៅ៖ នៅក្នុងការធ្វើអ្វីមួយប្រាកដជាមានហេតុផលនៅពីក្រោយនោះ ហើយក៏មានគោលដៅអ្នកអ្នកចង់បានពីការចេញរកស៊ីរបស់អ្នកផងដែរ។ អាស្រ័យហេតុនេះអ្នកត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ថាខ្លួនពិតជាចង់បានអ្វីពីការធ្វើអាជីវកម្មមួយនេះ? បន្ទាប់មកត្រូវបំបែកគោលដៅនោះជាផែនការសកម្មភាពតូចៗដែលត្រូវសម្រេចឱ្យបានដូចជា គោលដៅប្រចាំឆ្នាំ ប្រចាំខែ ប្រចាំ សប្ដាហ៍ ឬប្រចាំថ្ងៃជាដើម ដើម្បីធ្វើឱ្យអ្វីដែលអ្នកគិត អាចចេញជាលទ្ធផល។

២. បង្កើតក្រុមការងារ៖ ចេះបង្កើតក្រុមការងារដែលល្អ ប៉ុន្តែមិនមែនក្រុមការងារដែលពូកែនោះទេ ព្រោះមនុស្សពូកែៗ ភាគច្រើនមានមហិច្ឆតាផ្ទាល់ខ្លួនធំ និងមិនសូវស្ដាប់អ្នកដទៃនោះទេ។ ក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើយ៉ាងណាឲ្យក្រុមការងារធ្វើការជាមួយគ្នាបានល្អ និងមានចក្ខុវិស័យរួមគ្នា ទើបការងារមានភាពរលូនល្អនឹងមានភាពរីកចម្រើន។

៣. ចេះគៀងគរប្រមូលទុន៖ ចេះគៀងគរទុនដើម្បីចាប់ផ្ដើម ប៉ុន្តែមិនមែនគ្រប់ទុនទាំងអស់ត្រូវតែទទួលយកនោះទេព្រោះវាអាចមានហានិភ័យនាពេលក្រោយ វាប្រៀបបីដូចជាស្ទីវ ចប ដែលចុងក្រោយត្រូវគេទាត់ចេញពីក្រុមហ៊ុនដែលខ្លួនបានបង្កើតអ៊ីចឹងដែរ។  យើងត្រូវដឹងថាកំពុងត្រូវការទុនប៉ុណ្ណា? យកមកធ្វើអ្វីខ្លះ? ហើយត្រូវប្រើប្រាស់ទុនទាំងនោះឱ្យមានប្រសិទ្ធភាពបំផុត កុំខ្ជះខ្ជាយ។

៤. ហ៊ានប្រឈមហានិភ័យ៖ យើងត្រូវត្រៀមខ្លួនទុកជាមុនក្នុងការទទួលយកហានិភ័យ ព្រោះនៅពេលណាដែលបរាជ័យ ឬមានឧបសគ្គណាមួយកើតឡើងយើងមិនសូវមានការឈឺចាប់ខ្លាំង ដោយសារតែយើងបានត្រៀមចិត្តទុកមុន។ ត្រូវចាំថាអាជីវកម្មថ្មីថ្មោងស្ទើរតែ ៩០ ភាគរយមានហានិភ័យខ្ពស់ ងាយនឹងដួលរលំទៅវិញខ្លាំងណាស់។ ដូច្នេះហើយនៅពេលដែលយើងបានត្រៀមខ្លួនទុកមុន ពេលដែលជួបប្រទះបញ្ហាយើងនឹងស៊ូជម្នះឧបសគ្គនោះបាន មិនងាយនឹងបោះបង់ ឬបាក់ស្បាតនោះទេ។

៥. ផ្ដោតលើឱកាសជាជាងបញ្ហា៖ ត្រូវចាំថា ការចេញរកស៊ីមិនមែនដើម្បីកើបលុយនោះទេតែមួយមុខនោះទេ ​ពោលគឺដើម្បីជួយដោះស្រាយបញ្ហាមនុស្សជាមុនសិន ទើបលុយអាចរត់មកតាមក្រោយ។ មួយវិញទៀត អ្នកក៏នឹងជួបបញ្ហាជាច្រើនប្រភេទផងដែរ។ ​ប៉ុន្តែត្រូវចាំថានៅក្នុងបញ្ហាតែងតែមានឱកាស ហើយនៅក្នុងឱកាសក៏មានបញ្ហាដូចគ្នា។ ប៉ុន្តែក្នុងនាមជាសហគ្រិនគឺគួរតែផ្ដោតទៅលើឱកាសជាជាងផ្ដោតទៅលើបញ្ហា។ ដើម្បីចាប់ឱកាសបានយើងអាចបង្កើតនូវផលិតផល ឬសេវាកម្មផ្សេងៗដែលអាចជួយដោះស្រាយបញ្ហារបស់មនុស្ស។

៦. បន្តការរៀនសូត្រ៖ ត្រូវបន្តការខិតខំសិក្សារៀនសូត្រជំនាញថ្មីៗបន្ថែម ឬពង្រឹងជំនាញណាមួយដែលយើងនៅមានភាពខ្វះខាត។ អ្នកអាចរៀនសូត្រពីប្រភពផ្សេងៗជាច្រើនដូចជាបណ្ដាញសង្គម សាលា អ៊ីនធឺណែត ចូលរួមសិក្ខាសាលា ឬបណ្ដាញម្ចាស់អាជីវកម្មផ្សេងៗ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia