នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់មួយប្រជាជនកម្ពុជា ខណៈនាពេលថ្មីៗនេះកម្ពុជាបាននាំកសិផលខ្មែររហូតដល់ទៅ ៦មុខទៅកាន់ប្រទេសចិន ដែលការដឹកជញ្ជូននេះគឺដឹកឆ្លងកាត់តាមច្រកថ្មីកម្ពុជា-ឡាវ។
ជាក់ស្តែង កាលពីថ្ងៃទី ២២ ខែមិថុនា ២០២៦ នេះ កម្ពុជាបានបើកពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយការដឹកជញ្ជូននេះគឺឆ្លងកាត់ប្រទេសឡាវ ដែលកម្មវិធីនេះដែរត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

យ៉ាងណាមិញ សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា។ ចំពោះការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។

គួរជម្រាបថា នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ៕



